ភ្នំពេញៈ Tripadvisor ដែលជាថ្នាលព័ត៌មានធ្វើដំណើរកម្សាន្តឈានមុខគេរបស់ពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រាសាទ អង្គរវត្តរបស់ប្រទេសកម្ពុជានៅក្នុងចំណោមតំបន់ទេសចរណ៍ទាំង ១០ ប្រទេសនៅលើពិភពលោកដែលភ្ញៀវទេសចរត្រូវតែទៅគយគន់ ដើម្បីទទួលបានបទពិសោធន៍សម្រាប់ដំណើរកម្សាន្តមើលថ្ងៃរះដ៏ល្អបំផុតនៅលើពិភពលោក។
យោងតាម Tripadvisor ដែលបានប្រកាសនៅថ្ងៃទី ២០ ខែមិថុនា គឺតាមរយៈការវិភាគទិន្នន័យត្រួតពិនិត្យរយៈពេល ១២ ខែរបស់ខ្លួន (ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣) ពីអ្នកដំណើររាប់លាននាក់នៅទូទាំងពិភពលោក ការជ្រើសរើសរបស់ភ្ញៀវទេសចរល្អបំផុត «អ្វីដែលត្រូវធ្វើ» គឺជាបញ្ជីជាក់លាក់នៃបទពិសោធន៍សម្រាប់ទេសចរដែលស្វែងរកការបង្កើតពេលវេលាដែលមិនអាចបំភ្លេចបាន។
ក្រុមហ៊ុនអះអាងថា៖ «បញ្ជីនេះបាននាំមកនូវសកម្មភាព និងដំណើរកម្សាន្តដ៏ល្អបំផុត ពីដំណើរកម្សាន្តដែលអាចកក់ទុកបាន និងបទពិសោធន៍ទៅកាន់កន្លែងទាក់ទាញឈានមុខគេដែលភ្ញៀវទេសចរអាចទស្សនាបានតាមដងផ្លូវធ្វើដំណើរ»។
បើតាម Tripadvisor សម្រាប់តំបន់ទាំង ១០ នៅលើពិភពលោកដែលភ្ញៀវទេសចរគួរតែទៅទស្សនា រួមមាន តំបន់ទេសចរណ៍ Grand Circle Island និង Haleiwa Tour និងទីក្រុង Honoluluទីក្រុង Hawaii, វគ្គបង្រៀនធ្វើម្ហូបថៃ នៅទីក្រុងឈៀងម៉ៃ, តំបន់ទេសចរណ៍ Ubud Tour តំបន់ ទីក្រុង Ubud កោះ Bali, តំបន់ទេសចរណ៍ Red Dunes ATV តំបន់ Sandsurf សត្វអូដ្ឋហាង Stargazing & 5*BBQ ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម, ដំណើរនៅផ្លូវរូងក្រោមដី DMZ 3rd Infiltration ដ៏ល្អបំផុតចេញនៅសេអ៊ូល ប្រទេសកូរ៉េខាងត្បូង, តំបន់ទេសចរណ៍ Reykjavik Food Walk ដំណើរកម្សាន្តនៅ Local Foodie Adventure ទីក្រុង Reykjavik ប្រទេសអ៊ីស្លង់, ដំណើរកម្សាន្តក្រោមទឹកនៅ San Juan Guided Snorkel Tour ទីក្រុង San Juan, កន្លែងជិះទូកកម្សាន្ត Puerto Rico Amsterdam Luxury Guided Sightseeing Canal Cruise ទីក្រុងអាំស្ទែដាំប្រទេសហូឡង់, ដំណើរកម្សាន្តមើលថ្ងៃរះនៅប្រាសាទអង្គរវត្តខេត្តសៀមរាប ប្រទេសកម្ពុជា, និងដំណើរកម្សាន្តតាមរថយន្តហ្ស៊ីប នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
លោកស្រី Kate Urquhart អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Tripadvisor បានថ្លែងថា៖ «បទពិសោធន៍ប្រែក្លាយភ្ញៀវទេសចរទៅជាអ្នកផ្សងព្រេង ដោយភ្ជាប់ពួកគេជាមួយសហគមន៍ក្នុងតំបន់ និងផ្តល់ឱ្យពួកគេនូវរឿងរ៉ាវដែលមិនអាចបំភ្លេចបានរយៈពេលច្រើនឆ្នាំ។ ជាមួយនឹងបទពិសោធន៍ដែលអាចកក់បានច្រើនជាង ៣០០ ០០០ នៅគោលដៅជាង ២៥០ ០០០ កន្លែងនៅទូទាំងពិភពលោក ក្រុមហ៊ុន Tripadvisor ជួយមនុស្សឱ្យទទួលបានអ្វីដែលល្អបំផុត។
លោកស្រី Kate ថ្លែងថា៖ «រង្វាន់ទាំងនេះគឺជាសក្ខីភាពមួយចំពោះអាជីវកម្មដែលបានឧទ្ទិសដល់ការធានាឱ្យសហគមន៍ Tripadvisor ទទួលបានការធ្វើដំណើរដែលគួរឱ្យចងចាំ ហើយយើងសូមថ្លែងអំណរគុណចំពោះអ្នកគ្រប់គ្នាដែលបានចំណាយពេលវេលាដើម្បីចែករំលែកការវាយតម្លៃរបស់ពួកគេ និងជួយដល់ភ្ញៀវផ្សេងទៀតឱ្យរៀបចំផែនការ ធ្វើដំណើរបន្ទាប់របស់ពួកគេ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែមិថុនាថា ការវាយតម្លៃដោយក្រុមហ៊ុន Tripadvisor កំពុងឆ្លុះបញ្ចាំងពីការពិតថាប្រាសាទអង្គរវត្តមានភាពទាក់ទាញ។ លោកពន្យល់បន្ថែមថា ប្រាសាទនៅខេត្តសៀមរាបរបស់កម្ពុជានៅតែជាកន្លែងដ៏ទាក់ទាញនៅក្នុងតំបន់ និងពិភពលោក ដោយសារគោលដៅទេសចរណ៍វប្បធម៌នេះបានលាក់ទុកប្រវត្តិសាស្ត្រជាច្រើនសម្រាប់ភ្ញៀវទេសចរក្នុងការស្វែងយល់អំពីអរិយធម៌ និងវប្បធម៌របស់កម្ពុជា។
លោកថ្លែងថា៖ «ក្នុងអំឡុងពេលសមរាត្រីថ្ងៃរះនៅឆ្នាំនេះក្នុងខែមីនា យើងបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ ទទួលបានការទស្សនាទិដ្ឋភាពនៅប្រាសាទអង្គរវត្ត ដែលជាកន្លែងដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរ»។
សមរាត្រី សមមេត្រី (ថ្ងៃរះ) បានកើតឡើងនៅចំពីលើកំពូលប្រាសាទអង្គរវត្ត កាលពីថ្ងៃទី ២១ ខែមីនា បានទាក់ទាញភ្ញៀវទេសចរជិត ៩ ពាន់នាក់។ យោងតាមក្រសួងទេសចរណ៍ការមើលថ្ងៃរះចំកណ្តាលប្រាសាទអង្គរវត្តនៅថ្ងៃទី ២០២៣ ខែមីនា ជារៀងរាល់ឆ្នាំដែលមើលឃើញច្បាស់បំផុតគឺនៅថ្ងៃទី ២១ មីនា ជាពេលដែលសមរាត្រីកើតឡើង៕