ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុនប្រចាំកម្ពុជា បានប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅដល់អ្នកវិនិយោគដែលមានសក្ដានុពលនៅប្រទេសជប៉ុន ខណៈលោកបានកត់សម្គាល់ថា កម្ពុជាមានកក្តាអំណោយផលជាច្រើន ជាពិសេសកត្តាភូមិសាស្ត្រ និងកម្លាំងពលកម្ម។
ការបង្ហាញជំហរនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលភារកិច្ចជួយដល់កិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច និងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣។
ជំនួបនេះ ដើម្បីសម្ដែងការគួរសម សំណេះសំណាល និងស្វែងយល់អំពីគោលនយោបាយ ពាណិជ្ចកម្ម និងការវិនិយោគរបស់ប្រទេសជប៉ុននៅកម្ពុជា និងដើម្បីជម្រាបពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការវិនិយោគបរទេស ជាពិសេសអំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងជប៉ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបនោះ។
ក្នុងឱកាសនោះដែរលោក ព្រាប កុល បានជម្រាបជូនពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហា សង្គ្រាម និងជម្លោះនៅបណ្តាប្រទេសមួយចំនួនដែលកម្ពុជាមានទំនាក់ទំនងការទូតជាមួយ គោលនយោបាយពាណិជ្ជកម្ម តួនាទីរបស់កម្ពុជានៅក្នុងតំបន់។ លោកបន្តថា ក៏ដូចជាគោលជំហរកម្ពុជាទៅលើគោលនយោបាយ និងឥរិយាបថរបស់ជប៉ុនទៅលើបញ្ហាជម្លោះ នៅប្រទេសផ្សេងៗរួមទាំងប្រទេសមីយ៉ាន់ម៉ា នយោបាយសន្តិភាព និងទស្សនទានឥណ្ឌូប៉ាស៊ីហ្វិករបស់ជប៉ុន។ល។
ក្នុងជំនួបនោះដែរ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែគាំទ្រគោលនយោបាយការបរទេសរបស់ជប៉ុន ជាពិសេសចំពោះការបង្កើត និងថែរក្សាទំនាក់ទំនងដ៏ល្អជាមួយប្រទេសជប៉ុន។
សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា៖ «ក្នុងកិច្ចសន្ទនាប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ពេញចិត្តចែករំលែកព័ត៌មានដល់ ឯកឧត្តម ព្រាប កុល អំពីគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់ជប៉ុន និងព័ត៌មានអំពីស្ថាប័នពាក់ព័ន្ធដែលអាចបង្ហាញពីគម្រោងផែនការវិនិយោគជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលស្វែងរកឱកាសធ្វើការវិនិយោគនៅកម្ពុជា»។
បន្ថែមពីនេះលោក បានកត់សម្គាល់ថាកម្ពុជាមានកត្តាទាក់ទាញ និងអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគជប៉ុន ជាពិសេសកត្តាភូមិសាស្ត្រ កត្តាកម្លាំងពលកម្ម (យុវជនពេញកម្លាំង) និងស្ថិរភាពនយោបាយ។ ក្រៅពីនេះ លោកបានកោតសរសើរដល់ឆន្ទៈ និងគោលនយោបាយរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ ដើម្បីបង្កើនភាពងាយស្រួល ភាពទាក់ទាញ និងការជឿទុកចិត្តកាន់តែខ្លាំងថែមទៀតពីសំណាក់អ្នកវិនិយោគបរទេស ជាពិសេសដល់ពាណិជ្ជករ និងអ្នកវិនិយោគជប៉ុន។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងអំណរគុណដល់លោក ព្រាប កុល ដែលបានចែករំលែកព័ត៌មាន និងពិភាក្សាការងារជុំវិញទំនាក់ទំនង ពាណិជ្ជកម្ម និងការវិនិយោគ ដែលកាយវិការនេះបង្ហាញឱ្យឃើញនូវការរាប់អានជ្រាលជ្រៅ ការយកចិត្តទុកដាក់ និង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែល្អ និងជិតស្និទ្ធរវាងប្រទេសទាំង ២ ក៏ដូចជាការបង្កើតនូវបរិយាកាសកាន់តែអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និងជប៉ុន។
សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងថា៖ «ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរីករាយធ្វើការជាមួយឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅដល់អ្នកវិនិយោគដែលមានសក្ដានុពលនៅប្រទេសជប៉ុន»៕