
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំពង់ផែថ្មី លើទឹកដីកោះកុង ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៣ ខែមិថុនានេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងថែមទៀត។
ក្នុងពិធីសម្ពោធកំពង់ផែដងទង់ ដែលជាកំពង់ផែទេសចរណ៍ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា កំពង់ផែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងលើកកម្ពស់ការតភ្ជាប់អន្តរវិស័យ ពិសេសកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះ លោកបានលើកឡើងពីគម្រោងធំៗជាច្រើន ដែលក្រសួងសាធារណការ បាននិងកំពុងអនុវត្ត ក៏ដូចជាគ្រោងនឹងសិក្សា ក្នុងនោះបានរំលេចជាពិសេសអំពី គម្រោងលើកកម្រិតផ្លូវជាតិ ផ្លូវខេត្ត គម្រោងផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន រថភ្លើងក្រោមដី និងលើអាកាស នៅរាជធានីភ្នំពេញ និងគម្រោងកំពង់ផែនានា ដែលទាំងអស់នេះគឺជាការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
នាឱកាសនោះដែរ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានចាត់ទុកដែរថាកំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ គឺជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃ ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ នៃកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាមផងដែរ។
កំពង់ផែដងទង់នេះ គឺជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាប័ទ្មបែបទំនើប សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដែលធានានូវការប្រើប្រាស់យូរអង្វែង។
គម្រោងសាងសង់ត្រូវបានចែកចេញជា២ជំហាន សរុបកំពង់ផែមានបណ្តោយប្រវែង ១១៥ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់២០០០តោន អាចចូលចតបាន។ ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជិត ១៣ពាន់លានរៀលនេះ ក៏មានបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារ ជាដើម។
ការកសាងហេដ្ឋរចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៕