ភ្នំពេញៈ កម្ពុជាបញ្ចេញលក់ជ័រកៅស៊ូជាង ១០,៧ ម៉ឺនតោន ទៅទីផ្សារអន្តរជាតិនៅក្នុងរយៈពេល ៥ ខែដំបូង ឆ្នាំ ២០២៣ កើនជិត ៣ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈទឹកប្រាក់ប្រមូលបានធ្លាក់ចុះ ១៦ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យឱ្យដឹងថា ពីខែមករាដល់ខែឧសភា ឆ្នាំ ២០២៣ ការនាំចេញជ័រកៅស៊ូសម្រេចបាន ១០៧ ៩៣៨ តោន កើនឡើង ២,៥៥ ភាគរយ ពីចំនួន ១០៥ ២៤៨ តោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ តម្លៃជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៣ គឺ ១ ៣៥១ ដុល្លារ ក្នុង ១ តោន ថយចុះ ២៥២ ដុល្លារ ឬស្មើនឹង ១៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ទឹកប្រាក់ដែលកម្ពុជាប្រមូលបានពីការនាំចេញជ័រកៅស៊ូ គឺប្រមាណ ១៤៥,៨៤ លានដុល្លារ។
ក្រៅពីការនាំចេញជ័រកៅស៊ូ កម្ពុជាក៏បានបញ្ចេញលក់ឈើកៅស៊ូប្រមាណ ៥ ២៤៣ ម៉ែត្រគុប ដែលមានទឹកប្រាក់ ៧០៧ ០៧៣ ដុល្លារ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ហ៊ឹម អូន បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ២៥ ខែមិថុនា ថា បរិមាណជ័រកៅស៊ូនាំទៅលក់លើទីផ្សារអន្តរជាតិនៅតែបង្ហាញសញ្ញាវិជ្ជមាន ប៉ុន្តែចំនួនប្រាក់ដែលប្រមូលបាន គឺមិនកើនឡើយ ព្រោះតម្លៃនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ខណៈជ័រកៅស៊ូកម្ពុជាតែងតែពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចេញ។ លោកបន្តថា មូលហេតុដែលតម្លៃជ័រកៅស៊ូទីផ្សារអន្តរជាតិធ្លាក់ចុះ គឺដោយសារកំណើនសេដ្ឋកិច្ចពិភពលោកមិនរឹងមាំ ដែលបណ្តាលមកពីឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចសេដ្ឋកិច្ចចិនអាមេរិក និងសង្គ្រាមរវាងប្រទេសរុស្សី-អ៊ុយក្រែន។
លោកប្រាប់ថា៖ «ការធ្លាក់ចុះតម្លៃកៅស៊ូនៅកម្ពុជាគឺអាចមកពីកម្ពុជាពឹងផ្អែកខ្លាំងលើទីផ្សារខាងក្រៅ ស្របពេលតម្រូវការកៅស៊ូអន្តរជាតិធ្លាក់ចុះ»។
លោកប្រាប់ទៀតថា តម្រូវការជ័រកៅស៊ូក្នុងប្រទេសកម្ពុជានឹងអាចកើនឡើងនាពេលខាងមុខ ព្រោះបច្ចុប្បន្នចំនួនរោងចក្រផលិតកង់រថយន្ត និងដំឡើងរថយន្តនៅកម្ពុជាក៏កើនឡើងផងដែរ។
លោកអះអាងថា៖ «ខ្ញុំសង្ឃឹមថា នៅពេលរោងចក្រផលិតកង់រថយន្តមានដំណើរការពេញលេញ ទីផ្សារជ័រកៅស៊ូក្នុងស្រុកនឹងកើនឡើងក្នុងទំហំធំ ហើយតម្លៃក៏ល្អដែរ ដោយនឹងមានការប្រកួតប្រជែងរវាងទីផ្សារក្នុងស្រុក និងនាំចេញ»។
យោងតាមលោក ហ៊ឹម អូន ជ័រកៅស៊ូកម្ពុជាភាគច្រើនត្រូវបាននាំទៅប្រទេសវៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និងសហគមអឺរុប ផងដែរ។
បច្ចុប្បន្នចំនួនក្រុមហ៊ុនវិនិយោគលើរោងចក្រផលិតសម្បកកង់យានយន្តនៅកម្ពុជាកំពុងកើនឡើងជាបន្តបន្ទាប់ ពិសេសរោងចក្រផលិតសម្បកកង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។ បន្ថែមពីលើនេះចុងសប្តាហ៍មុន (ថ្ងៃទី ២៣ ខែមិថុនា) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏ទើបបានអនុម័តឱ្យគម្រោងបង្កើតរោងចក្រផលិតសម្បកកង់យានយន្តរបស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ីអ៊ី ស្នួល ខេត្តក្រចេះ ក្រោមទុនវិនិយោគ ១៣៨ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា ការវិនិយោគលើការដាំកៅស៊ូនៅកម្ពុជា បានកើតមានជាយូរឆ្នាំមកហើយ ប៉ុន្តែការវិនិយោគធំៗ លើរោងចក្រផលិតកែច្នៃ ឬផលិតកង់កៅស៊ូ គឺទើបតែកើតមាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ បើកម្ពុជាមានរោងចក្រកែច្នៃ/ផលិតកង់យានយន្តកាន់តែច្រើន គឺវានឹងជួយកាត់បន្ថយការពឹងផ្អែកលើការនាំចេញ ពិសេសអាចជួយឱ្យបានតម្លៃខ្ពស់ជាងមុន។
លោកប្រាប់ថា៖ «ដោយសារជ័រកៅស៊ូកម្ពុជាពឹងផ្អែកខ្លាំងលើទីផ្សារអន្តរជាតិ ដូច្នេះតម្លៃវាក៏ប្រែប្រួលតាមតម្រូវការទីផ្សារអន្តរជាតិដែរ»។
កាលពីឆ្នាំ ២០២២ កម្ពុជានាំចេញជ័រកៅស៊ូ ៣៧២ ៩០០ តោន កើនឡើង ៦ ៦០០ តោន ស្មើនឹង ២ ភាគរយធៀបនឹងឆ្នាំ ២០២១ និងលក់ឈើកៅស៊ូ បាន ១ ៥០០ ម៉ែត្រគុប កើន ២៦ ម៉ែត្រគុប ស្មើ ១ ភាគរយ។ ចំណែកប្រាក់ដែលទទួលបានពីការនាំចេញជ័រកៅស៊ូ ៥២៧ ៧៧៤ ៥៦៩ ដុល្លារ និងឈើកៅស៊ូ ៤ ០៨៩ ២៧៣ ដុល្លារ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕