ការគ្រប់គ្រងហិរញ្ញវត្ថុជាបញ្ហាចម្បងមួយ ក្នុងចំណោមបញ្ហាចម្បងដទៃទៀត ដែលយើងជួបប្រទះ ព្រមទាំងត្រូវការដោះស្រាយ និងសម្រេចចិត្តជារៀងរាល់ថ្ងៃ។ មនុស្សភាគច្រើនគិតថា រាល់ការវិនិយោគទាំងអស់ សុទ្ធតែមានហានិភ័យខ្ពស់ ប៉ុន្តែជាក់ស្ដែង តើមានមនុស្សប៉ុន្មាននាក់ដឹងថា ហានិភ័យជារឿងមួយដែលយើងអាចកាត់បន្ថយបាន? ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគ វិនិយោគិនគួរតែចេះធ្វើពិពិធកម្មការវិនិយោគរបស់ខ្លួន។
តើអ្វីទៅគឺជាការធ្វើពិពិធកម្ម?
ការធ្វើពិពិធកម្ម គឺជាការបែងចែកការវិនិយោគ ឬការបែងចែកសាច់ប្រាក់របស់យើងទៅលើការវិនិយោគផ្សេងៗគ្នា ដើម្បីបង្កើនប្រាក់ចំណូលជាអតិបរមា និងការពារហានិភ័យ។
ឧទាហរណ៍៖ វិនិយោគិនមានសាច់ប្រាក់ដែលសល់ពីចំណាយចាំបាច់ ឬ Discretionary Income គួរបែងចែកការវិនិយោគលើអចលទ្រព្យខ្លះ និងខ្លះ ទៀតលើផលិតផលវិនិយោគផ្សេងទៀត ដែលមានការធ្វើនិយតកម្មច្បាស់លាស់។
ចំពោះការវិនិយោគលើភាគហ៊ុន វិនិយោគិនមិនគួរដាក់ប្រាក់វិនិយោគរបស់ខ្លួនទាំងអស់ទៅលើតែភាគហ៊ុនតែ១ប្រភេទនោះទេ ពោលគឺត្រូវចេះវិនិយោគលើភាគហ៊ុន ដែលស្ថិតក្នុងវិស័យផ្សេងៗគ្នា ឬវិនិយោគទៅលើក្រុមហ៊ុនបោះផ្សាយដែលមានទំហំមូលធននូបនីយកម្មទីផ្សារខុសៗគ្នា ពីព្រោះក្រុមហ៊ុនតូច និងក្រុមហ៊ុនធំមានកម្រិតហានិភ័យ និងផលចំណេញខុសគ្នា។
នៅពេលដែលក្រុមហ៊ុនបោះផ្សាយ ២ ស្ថិតក្នុងវិស័យតែ ១, ស្រដៀងគ្នា ឬមានទំនាក់ទំនងវិជ្ជមានជាមួយគ្នា ភាគហ៊ុនក្រុមហ៊ុនទាំង ២ នឹងឡើងថ្លៃ ឬធ្លាក់ថ្លៃនៅក្នុងពេលតែមួយ។ ដូចមានសុភាសិតមួយលើកឡើងថា «កុំដាក់ពងមាន់ទាំងអស់ចូលទៅក្នុងកញ្ច្រែងតែមួយ» ដើម្បីកាត់បន្ថយហានិភ័យ ឬជួយទប់ទល់ការខាតបង់ពីការវិនិយោគ ឬការខាតបង់ទាំងស្រុង វិនិយោគិនគួរធ្វើ ពិពិធកម្មការវិនិយោគ មានន័យថា នៅពេលថ្លៃភាគហ៊ុន ១ធ្លាក់ចុះ ភាគហ៊ុនផ្សេងទៀតអាចនឹងកើនឡើង ដូច្នេះវិនិយោគិននៅតែអាចទទួលបានប្រាក់ចំណេញ ឬក៏មិនមានការខាតបង់ច្រើនឬក៏មិនធ្លាក់ក្នុងស្ថានភាពដែលពិបាកក្នុងការស្រោចស្រង់វិញបាន។
ឧទាហរណ៍៖ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺស្ថិតនៅក្នុងវិស័យតែមួយ ដែលជាហេតុធ្វើឱ្យថ្លៃភាគហ៊ុននៃក្រុមហ៊ុនបោះផ្សាយទាំង ២ ប្រែប្រួលក្នុងទិសដៅស្របគ្នា។ ផ្ទុយទៅវិញ ការវិនិយោគទៅលើភាគហ៊ុនរបស់ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ និងធនាគារ អេស៊ីលីដា ភីអិលស៊ីគឺស្ថិតនៅក្នុងវិស័យ ២ ផ្សេងគ្នា ក្នុងករណីនេះ វិនិយោគិនអាចទទួលបានអត្ថប្រយោជន៍ពេញលេញពីការបែងចែកទុនក្នុងការវិនិយោគ។
ជាមួយគ្នានេះដែរ វិនិយោគិនមិនគួរវិនិយោគលើភាគហ៊ុនច្រើនប្រភេទពេកទេ ព្រោះវានឹងធ្វើឱ្យចំណាយពេលច្រើនទៅលើការវិភាគក្រុមហ៊ុននីមួយៗ មុនសម្រេចចិត្តវិនិយោគ។
អត្ថប្រយោជន៍នៃការធ្វើពិពិធកម្ម
បង្កើនប្រាក់ចំណូលជាអតិបរមា និងការពារហានិភ័យ ដែលអាចរងផល ប៉ះពាល់នៃការប្រែប្រួលទីផ្សារ។ស្វែងរកអត្ថប្រយោជន៍នៃឧបករណ៍វិនិយោគផ្សេងៗ។សម្រេចផែនការវិនិយោគរយៈពេល វែង។រក្សាដើមទុនឱ្យមានសុវត្ថិភាព។
ម្យ៉ាងវិញទៀត វិនិយោគិនក៏ត្រូវចេះវិភាគលើក្រុមហ៊ុនបោះផ្សាយដោយផ្អែកលើគុណភាពនៃប្រភេទអាជីវកម្មរបស់ក្រុមហ៊ុន តម្រូវការក្នុងទីផ្សារ ផលិតផលសក្តានុពល និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ក៏ដូចជាថ្លៃទីផ្សារ, សន្ទនីយភាព និងការបែងចែកភាគលាភទៀងទាត់ប្រចាំឆ្នាំ ហើយចំនួនភាគលាភដែលមានការកើនឡើងជាប្រចាំ៕
យោង៖ ដកស្រង់ពីគេហទំព័រ
https://www.investopedia.com/investing/diversify-your-portfolio-beyond-stocks/
រៀបចំដោយ៖និយតករមូលបត្រកម្ពុជា
នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ
អ៊ីមែល៖ edu@serc.gov.kh ទូរស័ព្ទ៖ ០២៣ ៨៨៥ ៦១១