ភ្នំពេញៈ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានស្នើដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យជួយទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាពក្នុងតម្លៃទីផ្សារ។
នៅក្នុងកិច្ចប្រជុំឯខេត្តបាត់ដំបងជាមួយសភាពាណិជ្ជកម្មនិងម្ចាស់រោងម៉ាស៊ីនកិនស្រូវក្រុមហ៊ុននាំចេញអង្ករប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ លោក កៅ ថាច បានស្នើសុំថា សម្រាប់រដូវប្រមូលផលស្រូវខាងមុខ សុំម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់មេត្តាជួយទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាពក្នុងតម្លៃទីផ្សារ។
លោកបានថ្លែងថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រោងម៉ាស៊ីនទាំងអស់នឹងសហការគ្នាដោយសាមគ្គីភាពដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញឱ្យផែនការនាំចេញអង្ករ ១ លានតោនរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ។ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម នៅតែបន្តផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីនធ្វើការប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលខាងមុខ»។
ជាមួយគ្នានេះ លោក កៅ ថាច ក៏បានស្នើដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ គួរបង្កើតទីផ្សារទិញស្រូវក្នុងតំបន់របស់ខ្លួនឱ្យបានច្រើនកន្លែង ដើម្បីបង្កភាពងាយស្រួលដល់កសិករប្រមូលផ្តុំយកស្រូវមកលក់ និងបន្ថយចំណាយថ្លៃដឹករបស់ពួកគាត់។
លោកបញ្ជាក់ថា៖ «ខ្ញុំស្នើសុំដល់តំណាងអ្នកទិញស្រូវរបស់រោងម៉ាស៊ីន ដោយធ្វើការទូទាត់ប្រាក់នៃការទិញ-លក់ស្រូវពីបងប្អូនកសិករ តាមរយៈ APP របស់ធនាគារ ARDB ដែលអាចផ្ទេរទៅធនាគារផ្សេងៗបានយ៉ាងងាយស្រួលនិងរហ័ស»។
លោកបានបន្តថា៖ «ក្នុងន័យនេះខ្ញុំសូមលើកទឹកចិត្តឱ្យម្ចាស់រោងម៉ាស៊ីនទាំងអស់ នៅពេលខ្វះថវិកាទិញស្រូវអាចស្នើសុំឥណទានបន្ថែមពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន គ្រាន់តែបំពេញតាមលក្ខខណ្ឌគុណវុឌ្ឍិរបស់ធនាគារតែប៉ុណ្ណោះ ឬក៏ដាក់ស្តុកស្រូវ-អង្ករ ជាទ្រព្យធានា»។
ក្នុងឱកាសនោះ លោក កៅ ថាច បានស្នើឱ្យម្ចាស់រោងម៉ាស៊ីនចេះសាមគ្គីគ្នាដោយកុំប្រកួតប្រជែងគ្នានិងសូមរួបរួមគ្នាដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជាឱ្យមានភាពរីកចម្រើន។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ២៥ ខែមិថុនា ថា កន្លងទៅ ក្រសួងកសិកម្មបានធ្វើការច្រើនទាក់ទងនឹងការជំរុញឱ្យមានការចុះកិច្ចសន្យាជាមួយរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម ក៏ដូចជាកសិករ ដើម្បីអាចរក្សាស្ថិរភាពតម្លៃ។
លោកថា៖ «បញ្ហាដើមទុនប្រមូលទិញស្រូវ ក៏ជាអ្វីដែលយើងបានគិតគូរដែរ ជាពិសេសការជំរុញលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករនានា ទទួលបានកម្ចីពីធនាគារ ARDB ដែលមានអត្រាការប្រាក់សមរម្យ»។
បើតាម ARDB ការប្រើឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថិរភាពថ្លៃស្រូវ ដែលបានផ្តល់ជូនតាមរយៈ ARDB នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនចំនួន ៥ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង និងបន្ទាយមានជ័យរួមមាន ធនាគារស្រូវកម្ពុជា, រោងម៉ាស៊ីនកិនស្រូវភួ ពុយ, រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ,រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី និងរោងម៉ាស៊ីនកិន-ស្រូវ ស៊ីវ ឡាយ។
បើតាមរបាយការណ៍ពីក្រសួងកសិកម្ម ផលិតផលកសិកម្ម ៨,៦ លានតោន ស្មើនឹងតម្លៃសរុបជិត ៥ ពាន់លានដុល្លារត្រូវបានកម្ពុជានាំចេញនៅក្នុងឆ្នាំ ២០២២ ខណៈវិស័យកសិកម្មបានរួមចំណែកជាង ២២ ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) កម្ពុជា៕