ភ្នំពេញៈ រដ្ឋសភាបានអនុម័តលើការសាងសង់គម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីចំនួន ៦ ដែលនឹងមានអានុភាពផលិតថាមពលបានប្រមាណ ៦៧០ មេហ្កាវ៉ាត់ ដើម្បីរួមចំណែកដល់ការរក្សាបាននូវស្ថិរភាពផ្គត់ផ្គង់ និងកាត់បន្ថយថ្លៃថាមពលនាពេលខាងមុខ។
ការអនុម័តលើគម្រោងថាមពលអគ្គិសនីទាំង ៦ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៣ ខែមិថុនា នាសម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី ៦។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាស្តីពីលទ្ធផលកិច្ចប្រជុំលើគម្រោងទាំង ៦ នោះ រួមមាន ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋាភិបាលឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល, ក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក, ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី, និងក្រុមហ៊ុន ស្ទឹងមេទឹកហាយ ដ្រូផៅវ័រ។
រដ្ឋសភាបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «គម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីនៃសេចក្តីព្រាងច្បាប់ទាំង ៦ នេះ បានផ្តល់គុណប្រយោជន៍យ៉ាងធំធេងក្នុងការរួមចំណែកអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងមិនតែប៉ុណ្ណោះគម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីនេះ ក៏ផ្តល់គុណប្រយោជន៍ផ្សេងទៀតផងដែរ ដូចជាការទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ដែលបញ្ចេញឧស្ម័នកាបូន និងធានារក្សាបានបរិស្ថានល្អ ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ»។
រដ្ឋសភាបានបញ្ជាក់ថា មានប្រភពថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ មានស្ថិរភាព និងធានាសន្តិសុខថាមពល។ មានបណ្តាញផ្គត់ផ្គង់អគ្គិសនីគ្របដណ្តប់ទូទាំងប្រទេស។ ធានាបានទាំងអត្រាថ្លៃសមរម្យ គុណភាព ចីរភាព និងសុវត្ថិភាពនៃប្រភពអគ្គិសនី។ នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនពលរដ្ឋ ទាំងនៅក្នុងពេលសាងសង់ និងដំណើរការ។ ចំណូលពន្ធចូលថវិការដ្ឋ និងមិនមែនសារពើពន្ធដទៃទៀត។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការធានាបាននូវសន្តិសុខថាមពល និងការផលិតបានថាមពលពីប្រភពផ្សេងៗ គឺពិតជាចូលរួមចំណែកសំខាន់ណាស់សម្រាប់វិស័យផលិតកម្មកម្ពុជា ដែលនឹងធ្វើឱ្យថ្លៃដើមផលិតកម្មធ្លាក់ចុះ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារតំបន់ និងសកលលោក។
លោកថ្លែងថា៖ «យើងដឹងហើយថា រដ្ឋាភិបាលបានខិតខំកៀរគរវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ដើម្បីវិនិយោគលើការអភិវឌ្ឍថាមពលអគ្គិសនីនៅក្នុងគោលបំណងដើម្បីបង្កើនប្រភពនៃការផ្គត់ផ្គង់ និងធ្វើឱ្យថាមពលរបស់យើងមានតម្លៃកាន់តែទាបដែលនឹងជួយកាត់បន្ថយថ្លៃដើមផលិត ព្រមទាំងអនុញ្ញាតឱ្យយើងកាន់តែមានភាពប្រកួតប្រជែង។ យើងស្វាគមន៍ចំពោះការអភិវឌ្ឍវិស័យថាមពលឱ្យកាន់តែច្រើនថែមទៀត»។
កាលពីខែមីនា អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានបង្ហាញថា អតិថិជនមកពីវិស័យពាណិជ្ជកម្ម និងឧស្សាហកម្មខ្នាតមធ្យម និងធំផ្លូវការចំនួន ២១ ៨៩៥ បានប្រើអគ្គិសនីចំនួន ៥ ២៣៦,៤៦ ជីហ្កាវ៉ាត់ម៉ោង (GWh) កាលពីឆ្នាំមុន ឬ ៣៧,៦០ ភាគរយនៃចំនួនសរុបទូទាំងប្រទេស ១៣ ៩២៨,៣៥ GWh។
ស្ថិតិរបស់ EAC បង្ហាញថា ថាមពលជាង ៣ ៤៦៤MW ឬ ៧៧,១ ភាគរយនៃថាមពលដែលបានដំឡើងនៅចុងឆ្នាំ ២០២២ បានមកពីប្រភពក្នុងស្រុក។ ដូចគ្នានេះដែរអគ្គិសនីកម្ពុជា បញ្ជាក់ថា ថាមពលអគ្គិសនីជាង ១ ០០០ មេហ្កាវ៉ាត់ ត្រូវបាននាំចូលពីប្រទេសវៀតណាម ថៃ និងឡាវ កាលពីឆ្នាំមុន៕