ភ្នំពេញៈ ក្រុមហ៊ុន Newbustar (Cambodia) Tire Co.,Ltd ដែលគ្រប់គ្រងដោយវិនិយោគិនចិន បានវិនិយោគប្រាក់ ៣៨ លានដុល្លារលើការបង្កើតរោងចក្រផលិតសម្បកកង់រថយន្តនៅក្នុងខេត្តក្រចេះ ដើម្បីចាប់យកឧស្សាហកម្មដ៏មានសក្តានុពលមួយនេះនៅក្នុងប្រទេសកម្ពុជា។
ការវិនិយោគនេះបានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃ ២៣ ខែមិថុនា បានចេញវិញ្ញាបនបត្រវិនិយោគសម្រាប់ក្រុមហ៊ុនមួយនេះ។ CDC បានបញ្ជាក់ថា ការវិនិយោគនេះមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ដែលមានទុនវិនិយោគ ១៣៨ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៩៧៥ កន្លែង។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការវិនិយោគនេះបានធ្វើឡើងតាមសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងការដាំដុះកៅស៊ូដែលអាចផ្គត់ផ្គង់ដល់រោងចក្រនៅពេលពួកគេចាប់ផ្តើមដំណើរការ។
លោកបន្តថា ឧស្សាហកម្មផលិតសម្បកកង់រថយន្តក្លាយជាឧស្សាហកម្មថ្មីមួយនៅកម្ពុជា ព្រោះវានឹងនាំយកអ្នកជំនាញ និងបច្ចេកវិទ្យាបរទេសមកកាន់កម្ពុជា។
លោកថ្លែងថា៖ «យើងមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលំហូរនៃការវិនិយោគត្រូវបានធ្វើពិពិធកម្មពីឧស្សាហកម្មតាមបែបប្រពៃណី ដូចជា កាត់ដេរ ទៅវិស័យមិនមែនកាត់ដេរ ដូចជាឧស្សាហកម្មផលិតសម្បកកង់រថយន្ត និងគ្រឿងអេឡិចត្រូនិកផ្សេងទៀត។ ការណ៍នេះនឹងមិនត្រឹមតែផ្តល់តម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនជំនាញពលកម្មក្នុងស្រុករបស់យើងទៅក្នុងឧស្សាហកម្មថ្មីនេះផងដែរ»។
លោកបញ្ជាក់ថា ចាប់តាំងពីកម្ពុជាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសជាច្រើនទៀតក្នុងតំបន់ និងពិភពលោកការណ៍នេះផ្តល់នូវចំណាប់អារម្មណ៍កាន់តែច្រើនសម្រាប់ការទាក់ទាញការវិនិយោគថ្មីៗ។
លោកបន្តថា៖ «វិនិយោគិនមើលឃើញកំណើនសក្តានុពលសម្រាប់ការវិនិយោគរបស់ពួកគេនៅប្រទេសយើង ខណៈដែលយើងកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ទៀត ពិសេសជាមួយកូរ៉េខាងត្បូង និងចិន និងក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនក្នុងតំបន់»។
លោក ម៉ែន សុភ័ក្ត្រ នាយកក្រុមហ៊ុនដាំដុះ និងនាំចេញជ័រកៅស៊ូ Sopheak Nika Investment Agro Industrial Plants Co., Ltd បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីខែមីនាថា រោងចក្រផលិតសម្បកកង់រថយន្តដែលមានប្រភពកៅស៊ូក្នុងស្រុកនឹងជំរុញឧស្សាហកម្មនៅកម្ពុជា ដោយលោកបានចង្អុលបង្ហាញ ថា កម្ពុជាកំពុងក្លាយជាប្រទេសនាំចេញឈានមុខគេ។
លោកនិយាយថា៖ «តំណាងរោងចក្រមួយចំនួនបានទាក់ទងខ្ញុំ។ យើងនឹងតាមដានមើលអ្វីជាលក្ខខណ្ឌតម្រូវ និងស្តង់ដារបស់ពួកគេក្នុងការផ្គត់ផ្គង់ដល់រោងចក្រទាំងនោះ»។
កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ១០៧ ៩៣៨ តោន ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ កើន ២ ៦៩០ តោន ឬ ២,៦ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន ខណៈការនាំចេញមានតម្លៃជិត ១៤៦ លានដុល្លារ ធ្លាក់ចុះ ១៦ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមអគ្គនាយកដ្ឋានកៅស៊ូ ដែលស្ថិតក្រោមក្រសួងកសិកម្ម។
ជាមួយគ្នានេះ បើយោងតាម GDR កម្ពុជាក៏នាំចេញឈើកៅស៊ូចំនួន ៥ ២៤៣ ម៉ែត្រគុបក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ ២០២៣ ដែលមានតម្លៃសរុប ៧០៧ ០៧៣ ដុល្លារ៕