ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់របស់ធនាគារពិភពលោក (WB) បានកោតសរសើរដល់ធនាគារជាតិនៃកម្ពុជា (NBC) លើការគ្រប់គ្រងទុនបម្រុងអន្តរជាតិបានល្អ ស្របតាមកម្រិតស្តង់ដាអន្តរជាតិក្នុងការគ្រប់គ្រងទុនបម្រុងវិនិយោគរបស់ធនាគារកណ្តាល ដែលនេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជា។
លោក Philip Dongsoo Hong មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការជំនួយប្រឹក្សាផ្នែកគ្រប់គ្រងការវិនិយោគរបស់ WB បានលើកឡើងពីប្រសិទ្ធភាពនៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិ របស់ NBC ក្នុងជំនួបជាមួយនឹងលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង NBC កាលពីថ្ងៃទី ២៣ ខែមិថុនា កន្លងទៅនៅទីស្នាក់ការ NBC។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC ក្រោយជំនួប លោក Philip Dongsoo Hong បានកោតសរសើរអំពីវឌ្ឍនភាពនៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ NBC ដោយក្រុមការងារគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ NBC គឺមានសមត្ថភាព និងគុណវុឌ្ឍិជំនាញខ្ពស់ ហើយប្រតិបត្តិការវិនិយោគត្រូវបានបំពាក់នូវប្រព័ន្ធគ្រប់គ្រងការវិនិយោគទំនើប និងមានសុវត្ថិភាពខ្ពស់សម្រាប់បម្រើឱ្យប្រតិបត្តិការជួញដូរ គ្រប់គ្រងហានិភ័យ ការទូទាត់ និងចុះកិច្ចបញ្ជិកា ស្របតាមកម្រិតស្តង់ដាអន្តរជាតិនៃការគ្រប់គ្រងទុនបម្រុងវិនិយោគរបស់ធនាគារកណ្តាល។
លោកថ្លែងថា៖ «វឌ្ឍនភាពទាំងនេះបានធ្វើឱ្យធនាគារជាតិនៃកម្ពុជា ក្លាយជាសមាជិកគំរូនៅក្នុងចំណោមសមាជិកចំនួន ៧០ ស្ថាប័ន នៃកម្មវិធីសហប្រតិបត្តិការជំនួយប្រឹក្សាផ្នែកគ្រប់គ្រងការវិនិយោគ (RAMP Program) របស់ធនាគារពិភពលោក»។
លោក ស៊ុំ សន្និសិទ្ធ បានថ្លែងអំណរគុណដល់ក្រុមការងារជំនាញ WB ដែលបានខិតខំប្រឹងប្រែងជួយជ្រោមជ្រែងការអភិវឌ្ឍការងារគ្រប់គ្រងទុនបម្រុងវិនិយោគ និងធនធានមន្ត្រីគ្រប់គ្រងទុនបម្រុងវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា។
លោកក៏បានស្នើឱ្យធនាគារពិភពលោកបន្តសហការជួយជ្រោមជ្រែង NBC បន្ថែមទៀត ដើម្បីឱ្យការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ NBC កាន់តែ រីកចម្រើន និងជឿនលឿន។
បើយោងតាមទិន្នន័យរបស់ NBC ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួនជិត ១៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២ ដែលអាចអនុញ្ញាតធ្វើការនាំចូលទំនិញ និងសេវាកម្មសំខាន់ៗសម្រាប់រយៈពេល ៧ ខែ ក្នុងករណីប្រទេសប្រឈមនឹងវិបត្តិ ឬគ្រាអាសន្នណាមួយ ខណៈសេដ្ឋវិទូ និងអ្នកជំនាញបានចង្អុលបង្ហាញថា ការរក្សានូវទុនបម្រុងអន្តរជាតិនេះគឺបង្ហាញពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងការកើនឡើងនៃជីវភាព និងប្រាក់ចំណូលរបស់ប្រជាជន។
លោក Anthony Galliano អគ្គនាយកក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Cambodian Investment Management Co Ltd បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី២៣ ខែមករា ថា ប្រទេសកម្ពុជាបានរក្សាកម្រិតទុនបម្រុងអន្តរជាតិខ្ពស់ជាងអ្វីដែលកំណត់ជាទូទៅសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលធ្វើឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ។
លោកបញ្ជាក់ថា៖ «នេះជាការប្រុងប្រយ័ត្នជាពិសេសដោយសារការកើនឡើងនៃការខ្ចីប្រាក់ដោយប្រទេសកម្ពុជា។ កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិជួយកាត់បន្ថយហានិភ័យសាច់ប្រាក់ងាយស្រួលទទួលបានបំណុលរយៈពេលខ្លី និងសម្របសម្រួលអត្រាការប្រាក់កាន់តែទាប។ អ្វីៗទាំងអស់នេះគឺផ្តល់ផលវិជ្ជមានដល់ការចេញសញ្ញាបណ្ណរដ្ឋនាពេលថ្មីៗនេះ»។
លោកពន្យល់ថា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាទូទៅកំពុងរក្សាទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ពួកគេក្នុងទំហំដែលមិនធ្លាប់មានពីមុនមកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជាផលវិបាកនៃការកើនឡើងតម្លៃថាមពល បញ្ហាចង្វាក់ផ្គត់ផ្គង់ និងជាការប្រុងប្រយ័ត្ន និងការការពារខ្លួនឯងប្រឆាំងនឹងវិបត្តិរូបិយប័ណ្ណ។
លោកលើកឡើងពីបញ្ហាលើព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសស្រីលង្កា ដែលមិនអាចសងបំណុលគេបានផងដែរ៕