កំពង់ឆ្នាំងៈ​លោក ​ស៊ុន ​ចាន់ថុល​ រដ្ឋ​មន្ត្រី​ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន ​បាន​អះអាង​ថា កំ​ពង់​ផែ​ពហុ​បំណង​និង​មណ្ឌល​ភ័ស្តុ​ភារ​កម្ម​កំពង់​ឆ្នាំង​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ ខណៈកំពង់​ផែ​នេះ បាន​បំពាក់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឌីជី​ថល​សម្រាប់​គ្រប់​គ្រង​ប្រតិ​បត្តិ​ការ​ដឹក​ជញ្ជូន​ទំនិញ​ចូល​កំព​ង់ផែក្នុ​ង​ការធ្វើ​អាជីវ​កម្ម​របស់​វិស័យ​ឯក​ជន ​លើក​ស្ទួយ​សេដ្ឋ​កិច្ច និង​ធានា​ការ​គ្រ​ប់គ្រង​ចំណូល​ជូន​ជាតិ​បាន​កាន់​តែ​ប្រសើរ​។

​ការ​បញ្ជាក់​របស់​លោក ស៊ុន​ ចាន់ថុ​ល ​បែប​នេះធ្វើ​ឡើង​នៅ​ក្នុង​ឱកាសដែ​ល​លោក​ចុះ​ពិនិត្យ​ទីតាំង​សាង​សង់​កំពង់​ផែ​ពហុ​បំណង និង​មណ្ឌល​ភ័ស្តុភា​រកម្ម​កំពង់​ឆ្នាំង ​កាល​ពី​ថ្ងៃទី​ ២៦ ​ខែមិថុនា​។​

​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នា​ពេល​នោះ ​លោក ​ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​កំពង់​ផែ​ពហុ​បំណង ​និង​មណ្ឌល​ភ័ស្តុភា​រកម្ម​កំពង់​ឆ្នាំង បាន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​បើក​ប្រតិ​បត្តិ​ការ​ដឹក​ជញ្ជូ​ន និង​នាំ​ចេញ​ជា​ផ្លូវការ នាពេល​ឆាប់​ៗ​ខាង​មុខ​។​

​លោក​បាន​បន្ត​ថា កំពង់​ផែន​នេះ ​បាន​បំពាក់​ប្រព័ន្ធ​បច្ចេ​កវិទ្យា​ឌីជីថល ​សម្រាប់​គ្រប់​គ្រង​ប្រតិ​បត្តិការ​ដឹក​ជញ្ជូន​ទំនិញ​ចូល​កំពង់​ផែ ក្នុង​ការ​ធ្វើ​អាជី​វកម្ម​របស់​វិស័យ​ឯកជ​ន លើក​ស្ទួយ​សេដ្ឋ​កិច្ច និង​ធានា​ការ​គ្រប់​គ្រង​ចំណូល​ជូន​ជាតិ​បាន​កាន់​តែ​ប្រសើរ​។​

​លោក​ ស៊ុន​ ចាន់​ថុល ​បាន​បញ្ជាក់​ថា​៖«​នៅក្នុ​ង​កំព​ង់ផែ​ពហុ​បំណង និង​មណ្ឌល​ភ័ស្តុភារ​​កម្មនេះ ​បានរៀប​ចំ​បំពាក់​ឧបក​រណ៍​បច្ចេក​វិទ្យា​បញ្ញា​សិប្ប​និម្មិត​ និង​ប្រព័ន្ធ​កត់​ត្រា​រ​ថយន្ត​ដឹក​ជញ្ជូន​ដោយ​ស្វ័យ​ប្រវត្តិ ​Smart Truck Mo​ni​tor​ing System (STM) ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​គ្រប​គ្រង ​តាម​ដាន និង​ត្រួត​ពិនិត្យ​របាយ​ការ​ណ៍​»​។

​លោក​រដ្ឋ​មន្ត្រី ​បាន​បន្ថែម​ទៀត​ថា ទំនើប​កម្ម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឌីជីថល​ ក្នុង​ការ​គ្រប់គ្រង​ប្រតិ​បត្តិការ​ដឹក​ជញ្ជូន​ទំនិញ​ចូល​កំពង់​ផែ​មួយ​នេះ​បាន​និង​កំពុង​នាំមក​នូវ​ប្រសិទ្ធ​ភាព​ការ​ងារ ​កាត់​បន្ថយ​ការដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​ដោយ​ច្បាប់​ជា​ពិសេស​ផ្តល់​តម្លា​ភាព​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​របស់​វិស័យ​ឯក​ជន​។​

​យោង​តាម​ក្រសួង​សាធា​រណកា​រនិង​ដឹក​ជញ្ជូន ការ​បំពាក់​ឧបក​រណ៍​បច្ចេក​វិទ្យា​បញ្ញា​សិប្ប​និម្មិត និង​ប្រព័ន្ធ​កត់ត្រា​រថយន្ត​ស្វ័យ​ប្រវត្តិ​ដឹក​ជញ្ជូន​នៅ​កំពង់​ផែ​នេះ​ឡើង​ ក្នុង​បំណង​ជំរុញ​ការ​ដឹក​ជញ្ជូន​និង​នាំ​ចេញ​កសិផ​ល​ពី​ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​ពោធិ៍​សាត់ ខេត្ត​បាត់​ដំបង ខេត្ត​បន្ទាយ​មាន​ជ័យ ​ខេត្ត​សៀម​រាប និង​ខេត្ត​កំពង់​ធំ ទៅ​កាន់​ទីផ្សារ​ជាតិ​និង​អន្តរ​ជាតិ​តាម​រយៈ​ផ្លូវ​ទឹក​ ដោយ​កាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលា និង​សោ​ហ៊ុយ​ក្នុង​ការ​ដឹក​ជញ្ជូន​ផង​ដែរ​។​

​ពាក់​ព័ន្ធ​នឹង​កំពង់​ផែនេះ​ លោក​ ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិ​បាល​ខេត្ត​កំពង់​ឆ្នាំ​ងបាន​បង្ហាញ​ការ​គាំទ្រនិ​ង​ស្វាគ​មន៍​ចំពោះ​វត្ត​មាន​សមិទ្ធ​ផល​ថ្មីៗ​របស់​លោក​នា​ពេ​ល​ខាង​មុខ​។

​លោក​បាន​បញ្ជាក់​នៅ​ថ្ងៃទី​ ២៧​ ខែ​មិថុនា​ថា ៖ «​យើង​រំពឹង​ថា ប្រព័ន្ធ​កត់ត្រា​រថយន្ត​ដឹក​ជញ្ជូន​ដោយ​ស្វ័យ​ប្រវត្តិ នឹង​ជួយ​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​លើស​កម្រិត​កំណត់​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ជា​ពិសេ​ស​ជួយ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​ឱ្យ​កាន់​តែ​ស្ទុះ​ឡើង​ថែម​ទៀត​»​។​

​សូម​រំឭក​ដែរ​ថា កំពង់​ផែ​ពហុ​បំណង ​និង​មណ្ឌល​ភ័ស្តុភា​រកម្ម​កំពង់​ឆ្នាំង​ដែល​មាន​ទំហំ​វិនិយោគ​ចន្លោះ​ពី​៣០០​លាន​ដុល្លារ​-៥០០​លាន​ដុល្លារ​អាមេ​រិក គឺជា​ប៉ូល​សេដ្ឋកិ​ច្ច​ទី​៤​របស់​កម្ពុជា​ បន្ទាប់​ពី​ប៉ូល​សេដ្ឋ​កិច្ច​សំខាន់ៗ​ទាំង​៣​ ដូចជា​ ប៉ូល​សេដ្ឋ​កិច្ច​ភ្នំពេញ ប៉ូល​សេដ្ឋ​កិច្ច​ព្រះ​សីហ​នុ និង​ប៉ូល​សេដ្ឋ​កិច្ច​សៀម​រាប​៕