ធនាគារជាតិ នៃកម្ពុជា ដាក់ឱ្យអនុវត្ត ប្រកាសស្តីពីដើមទុនបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដើម្បីទប់ទល់នឹងហានិភ័យផ្សេងៗ។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៩ ខែមិថុនា បានឱ្យដឹងថា ប្រកាសទាំង ២ នេះ គឺជាផ្នែកមួយនៃក្របខ័ណ្ឌភាពគ្រប់គ្រាន់នៃដើមទុនឬសាធនភាពសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ សេចក្តីប្រកាសបញ្ជាក់ថា៖«ប្រកាសទាំង ២ នេះ ត្រូវបានរៀបចំឡើងស្របតាមស្ដង់ដាអន្តរជាតិ និងគិតគូរច្បាស់លាស់ពីបរិបទ ការវិវឌ្ឍ និងទស្សនៈអនាគតនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកត្តាច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន»។
ប្រភពដដែលបន្តថា សម្រាប់ប្រកាសស្តីពី ដើមទុនបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានគោលបំណងពង្រឹងដើមទុននិងភាពធន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងការទប់ទល់នឹងហានិភ័យផ្សេងៗ។ ជាពិសេស គឺហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការ និងហានិភ័យទីផ្សារ សំដៅការពារ អ្នកដាក់ប្រាក់បញ្ញើ អ្នកវិនិយោគ និងរក្សាស្ថិរភាពអាជីវកម្មរបស់គ្រឹះស្ថាន ក៏ដូចជាប្រព័ន្ធធនាគារទាំងមូល។
ប្រកាសនេះ ក៏ឆ្លុះបង្ហាញពីការត្រៀមលក្ខណៈជាស្រេចរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរួមចំណែកដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុទៅអនាគត តាមរយៈការកំណត់ជាមុននូវលក្ខខណ្ឌនៃការទទួលស្គាល់ឧបករណ៍ ហិរញ្ញវត្ថុនៅក្នុងដើមទុនថ្នាក់ទី១ និង ថ្នាក់ទី២ របស់គ្រឹះស្ថាន។
ការអនុវត្តតាមវិធាននិងស្តង់ដាអន្តរជាតិ ដែលកំណត់ក្នុងប្រកាសនេះក៏នឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះប្រព័ន្ធធនាគារកម្ពុជាទាំងមូល និងបង្កើនជំនឿទុកចិត្តដល់វិនិយោគិន និងស្ថាប័នផ្ដល់កម្ចីនានា ជាពិសេស ស្ថាប័នផ្តល់កម្ចីពីបរទេស។
ទន្ទឹមនេះ ប្រកាសស្តីពីហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងដាក់ចេញនូវកាំនាំនៃការថ្លឹង ហានិភ័យឥណទានយ៉ាងទូលំទូលាយ ដែលការថ្លឹងនេះមានកម្រិតខុសៗគ្នាផ្អែកលើប្រភេទឥណទាន និងអ្នកខ្ចីឬសមភាគី និងឆ្លុះបង្ហាញពីកម្រិតហានិភ័យដែលគ្រឹះស្ថានអាចប្រឈមជាក់ស្តែង សំដៅពង្រឹង ប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យ។
ទន្ទឹមនឹងការដាក់វិធានប្រុងប្រយ័ត្ន ធនាគារជាតិនៃកម្ពុជា ក៏ថ្លឹងថ្លែង និងគិតគូរយ៉ាងហ្មត់ចត់ដល់ការជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអនុវត្តគោលនយោបាយពាក់ព័ន្ធ។
ក្នុងនោះមានការយកចិត្តទុកដាក់ជាពិសេសចំពោះការគាំទ្រដល់ការបោះផ្សាយមូលបត្ររដ្ឋតាមរយៈការថ្លឹងហានិភ័យសូន្យភាគរយ ដើម្បីជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចូលរួមវិនិយោគលើមូលបត្ររដ្ឋ និងលើកកម្ពស់លទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការប្រមូលទុនដើម្បីអភិវឌ្ឍប្រទេសជាតិ។
ការគាំទ្រនិងលើកទឹកចិត្តដល់ការផ្តល់ឥណទានទៅសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានការចុះបញ្ជីត្រឹមត្រូវ និងមានរបាយការណ៍ហិរញ្ញវត្ថុសមស្រប តាមរយៈការថ្លឹងហានិភ័យត្រឹមតែ ៧៥% ដើម្បីឱ្យសហគ្រាសទាំងនោះអាចទទួលបានឥណទានក្នុងអត្រាការប្រាក់សមរម្យ ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងរួមចំណែកពង្រឹងការអនុវត្តវិធានការប្រមូលពន្ធ។
សេចក្តីប្រកាសដដែលបន្តថា ធនាគារជាតិនៃកម្ពុជា ក៏បានគាំទ្រចំពោះវិស័យកសិកម្ម វិស័យអប់រំ និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការបន្ធូរបន្ថយ ការថ្លឹងហានិភ័យក្នុងកម្រិត ៨៥% ចំពោះឥណទានក្នុងទំហំសមស្របដែលផ្ដល់ឱ្យរូបវន្តបុគ្គល និងការគាំទ្រដល់ការទិញលំនៅឋានសម្រាប់គោលបំណងស្នាក់នៅ តាមរយៈការបន្ធូរបន្ថយថ្លឹងថ្លែងហានិភ័យឥណទានជាដើម៕
ធនាគារជាតិនៃកម្ពុជា