ភ្នំពេញៈ ផ្សារមូលបត្រកម្ពុជា (CSX) នឹងធ្វើការបោះផ្សាយសញ្ញាបណ្ណរដ្ឋនៅលើប្លាតហ្វមរបស់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីចូលរួមជាមួយធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការកៀរគរមូលនិធិឱ្យបាន ២០០ លានដុល្លារ តាមការគ្រោងទុករបស់រដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានសម្រេចធ្វើការជ្រើសរើស NBC និង CSX ជាភ្នាក់ងារបោះផ្សាយក្នុងការបន្តបោះផ្សាយមូលបត្របំណុលរដ្ឋក្នុងទឹកប្រាក់ ២០០ លានដុល្លារដែលគ្រោងនឹងចាប់ផ្តើមពីខែមករានេះតទៅ។
យោងតាម MEF កាលពីថ្ងៃទី ១៧ ខែមករា បង្ហាញពីផែនការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០០ លានដុល្លារ ក្នុងឆ្នាំ ២០២៣ នេះ។
លោក ហុង សុហួរ អគ្គនាយក CSX បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែមិថុនាថា ក្រុមការងាររបស់លោកកំពុងធ្វើការជាមួយក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីចាប់ផ្តើមដំណើរការនៃការបោះផ្សាយសញ្ញាបណ្ណរដ្ឋនេះក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីចូលរួមជាមួយ NBC សំដៅធ្វើយ៉ាងណាកៀរគរថវិកានេះទៅតាមផែនការ។
លោកថា៖ «យើងកំពុងធ្វើការជាមួយក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីពិនិត្យមើលថា ពេលណាយើងអាចចាប់ផ្តើមបោះផ្សាយបាន។ជាមួយគឺយើងអាចចូលរួមបានក្នុងពេលឆាប់ៗគឺ ១ ខែ ឬ ២ ខែខាងមុខនេះ។ យើងសង្ឃឹមថា នៅពេលដែលយើងចូលរួមបោះផ្សាយ គឺយើងនឹងចូលរួមជាមួយធនាគារជាតិដើម្បីសម្រេចបានគោលដៅបោះផ្សាយទៅតាមផែនការ»។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៨ ខែមករាថា ជាមួយនឹងទឹកប្រាក់ ២០០ លានដុល្លារអាមេរិកនៃមូលបត្ររដ្ឋនេះ គឺជាទំហំទឹកប្រាក់ថ្មីបន្ថែមលើទំហំគ្រោងបោះផ្សាយប្រមាណ ៣០០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២។
បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ២៦ ខែមិថុនាបានធ្វើការផ្សាយនៅលើ CSX អំពីការបោះផ្សាយមូលបត្របំណុលរដ្ឋតាមរយៈ NBC ជាមួយទំហំបោះផ្សាយសរុបៈ ៤ ០០០ ឯកតា ថ្លៃបោះផ្សាយៈ ៩៨៦,២៣០ រៀល/ឯកតាដែលមានចំនួនឥណប្រតិទានរយៈពេល ៣ ឆ្នាំ (២០២៣-២០២៦) និងអត្រាគូប៉ុងគឺ ៤,៥០% ក្នុង ១ ឆ្នាំដែលមានចំនួនដងនៃការទូទាត់គូប៉ុងគឺ ២ ដង៕