ភ្នំពេញៈ ជាមួយនឹងការអូសបន្លាយពេលនៃសង្គ្រាមនៅអ៊ុយក្រែននៅបន្តអូសបន្លាយ និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលនៅបន្តមានភាពតានតឹងដែលប៉ះពាល់ដល់កំណើនពាណិជ្ជកម្ម និងធ្វើឱ្យតម្រូវការសកលមានការធ្លាក់ចុះ ប៉ុន្តែកម្ពុជាបានទទួលរងអត្រាអតិផរណាក្នុងកម្រិតមួយទាបគឺក្នុងរង្វង់ប្រមាណជិត ២ ភាគរយប៉ុណ្ណោះ ក្នុងត្រីមាសទី១ ដែលឆ្លុះបញ្ចាំង អំពីការគ្រប់គ្រងបាននូវសកម្មភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាប្តូរប្រាក់។
យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ ២០២៣ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចេញផ្សាយកាលពីសប្តាហ៍មុនស្ថានភាពសេដ្ឋកិច្ចសកល ស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយសារអតិផរណានៅតែស្ថិតក្នុងកម្រិតខ្ពស់ លក្ខខណ្ឌមិនសូវអំណោយផលល្អនៅក្នុងវិស័យហិរញ្ញវត្ថុ សង្គ្រាមនៅអ៊ុយក្រែននៅបន្តអូសបន្លាយ និងភូមិសាស្ត្រនយោបាយក្នុងតំបន់និងសកលនៅបន្តមានភាពតានតឹង ដែលប៉ះពាល់ដល់កំណើនពាណិជ្ជកម្ម។
ជាមួយគ្នានេះដែរ តាមការវាយតម្លៃរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែមេសា ឆ្នាំ ២០២៣ បង្ហាញថា កំណើននឹងសម្រេចបាន ២,៨ ភាគរយ នៅឆ្នាំ ២០២៣ ទាបជាងកំណើនឆ្នាំ ២០២២ ខណៈសេដ្ឋកិច្ចកម្ពុជា ក៏ទទួលរងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលផងដែរ។ ទោះជាយ៉ាងនេះក្ដី តាមការប៉ាន់ស្មាន កំណើនសេដ្ឋកិច្ចកម្ពុជា នៅមានភាពរឹងមាំ អាចសម្រេចបាន ៥,៦ ភាគរយនៅឆ្នាំ ២០២៣។
ក្រសួងសេដ្ឋកិច្ចបានលើកឡើងថា៖ «អត្រាកំណើននេះ គាំទ្រដោយការរក្សា បានកំណើនល្អ នៃកម្មន្តសាលមិនមែនកាត់ដេរ ដែលបម្រើឱ្យការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក។ ជាមួយគ្នានេះ វិស័យទេសចរណ៍ ក៏កំពុងងើបឡើងវិញគួរឱ្យកត់សម្គាល់តាមរយៈការកើនភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។ ជាក់ស្តែង ស្ថានភាពសេដ្ឋកិច្ចនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ គឺអតិផរណាមធ្យមប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៣ មានអត្រា ១,៩ ភាគរយធៀប នឹងត្រីមាសដូចគ្នាឆ្នាំ ២០២២ និងទាបជាងត្រីមាសមុនៗ ដោយសារការថមថយសន្ទស្សន៍ថ្លៃម្ហូបអាហារ និងការធ្លាក់ចុះសន្ទស្សន៍ថ្លៃប្រេង និងឧស្ម័ន (Gas)។ ទន្ទឹមនេះ អត្រាប្តូរប្រាក់មធ្យមរង្វង់ ៤ ០៨៤ រៀលក្នុង ១ ដុល្លារអាមេរិកបានកើនឡើង ០,៥ ភាគរយ»។
លោក គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា អត្រាទាបនៃអតិផរណារបស់កម្ពុជានៅត្រីមាសទី ១ នេះដោយសារតែការធ្លាក់ចុះនៃមុខទំនិញសំខាន់នៅលើសកលលោក ជាពិសេសគឺប្រេង និងឧស្ម័ន ប៉ុន្តែអត្រាទាបនេះនៅតែបង្ហាញឃើញថា កម្ពុជាក៏ទទួលរងការធ្លាក់ចុះនៃតម្រូវការក្នុងស្រុកផងដែរ។
លោកបានថ្លែងថា៖ «ក្នុងរយៈពេលថ្មីៗនេះ ថ្លៃប្រេង និងឧស្ម័នមានការប្រែប្រួលបន្តិចបន្តួច ប៉ុន្តែអ្វីដែលធ្លាក់ចុះខ្លាំងនោះគឺវិបត្តិនៃការធ្លាក់ចុះនៃតម្រូវការក្នុងស្រុកធ្វើឱ្យតម្រូវការក្នុងស្រុកមានការថមថយធ្វើការលក់មិនសូវបានច្រើនដែលជាហេតុធ្វើឱ្យតម្លៃទំនិញក៏មិនឡើងថ្លៃដែរ។ ប៉ុន្តែបើយើងក្រឡេកទៅមើលអត្រាអតិផរណាគឺមិនមែនមានន័យថាទំនិញចុះថ្លៃនោះទេ គ្រាន់តែទំនិញឡើងថ្លៃយឺតជាងធម្មតា ពីព្រោះបើអត្រាអតិផរណាជាង ១ ភាគរយនេះ គឺទំនិញឡើងថ្លៃរួចទៅហើយ តែមិនមែនជាការចុះថ្លៃទំនិញទេ ដូច្នេះវាឆ្លុះបញ្ចាំងអំពីការថយចុះនៃតម្រូវការសរុបដែលធ្វើឱ្យទំនិញឡើងថ្លៃយឺតជាងមុន»។
លោកបានថ្លែងបន្តទៀតថា៖ «ស្ថានភាពអតិផរណាថយល្បឿននេះក៏ឆ្លុះបញ្ចាំងអំពីវិធានការរបស់រដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើបញ្ហាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងសណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដូច្នេះធ្វើឱ្យអត្រាអតិផរណាមានចរន្តថេរ មានន័យថា ការគ្រប់គ្រងបាននូវអត្រាប្តូរប្រាក់ថេររបស់ធនាគារជាតិ ក៏ជាយន្តការរូបិយវត្ថុមួយដ៏មានប្រសិទ្ធភាពនៃការប្រែប្រួលអតិផរណាផងដែរ»។
បើយោងតាមក្រសួងសេដ្ឋកិច្ច នៅត្រីមាសទី១ ឆ្នាំ ២០២៣ ថ្លៃទំនិញសំខាន់ៗលើទីផ្សារអន្តរជាតិ គិតជាមធ្យម ដូចជាថ្លៃប្រេងឆៅ ៧៩ ដុល្លារក្នុង ១ ធុង បានធ្លាក់ចុះ ១៨,២ ភាគរយ, ថ្លៃកៅស៊ូ (TSR20) ១ ៣៩០,១ ដុល្លារអាមេរិកក្នុង ១ តោនបានធ្លាក់ចុះ ២១,៥ ភាគរយ, សន្ទស្សន៍ថ្លៃថាមពល ១១២,៩ បានធ្លាក់ចុះ ១៧,៦ ភាគរយ, សន្ទស្សន៍ថ្លៃមិនមែនថាមពល ១១១,១ បានធ្លាក់ចុះ ១៤,៩ ភាគរយ និងសន្ទស្សន៍នៃថ្លៃលោហធាតុមានតម្លៃ ១១៧,៣ បានធ្លាក់ចុះ ១៨,៣ ភាគរយ, ថ្លៃមាស ២ ០៧១,៨ ដុល្លារក្នុង ១ អោនស៍ បានកើនឡើង 0,៨ ភាគរយ និងអង្ករ ៤៩៥ ដុល្លារអាមេរិកក្នុង ១តោន បានកើនឡើង ១៦,៤ ភាគរយធៀបនឹងត្រីមាសដូចគ្នាឆ្នាំ ២០២២៕