លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានឱ្យដឹងថា នៅឆ្នាំ ២០២៣ នេះ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានបញ្ចប់សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ ២០២៣-២០២៨ និងត្រៀមដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលឆាប់ៗខាងមុខនេះ។
លោកបានបញ្ជាក់ថា សេចក្តីព្រាងនេះ មានចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យក្លាយទៅជាកម្លាំងចលករមួយលើកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់កម្ពុជា និងការបង្កើតស្នាដៃវប្បធម៌។ សេចក្តីព្រាងនេះក៏នឹងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា ជំរុញគំនិតច្នៃប្រឌិត ការបង្កើតថ្មី និងឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចនិងសង្គមឌីជីថល ព្រមទាំងបដិវត្តឧស្សាហកម្មជំនាន់ទី ៤ ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យនៅកម្ពុជាឆ្នាំ ២០៥០។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ កាលពីថ្ងៃទី ២៩ ខែមិថុនានេះ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) ដើម្បីគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល និងពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់ការអនុវត្ដសិទ្ធិកម្មសិទ្ធិបញ្ញា។
ក្នុងឱកាសនេះ លោកបានវាយតម្លៃខ្ពស់ចំពោះសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលបានខិតខំបំពេញការងាររហូតទទួលបានលទ្ធផលការងារគួរជាទីមោទនៈ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនរួមមាន។ ក្នុងនោះរួមមាន ១-ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពទាំងនៅកម្ពុជា និងបណ្តាប្រទេសសំខាន់ៗ ២-ការចូលជាសមាជិកនៃកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិ ៣-ការរៀបចំសេចក្តីព្រាងច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។ ទី៤-កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គភាពកម្មសិទ្ធិបញ្ញាមួយចំនួន និងការងារអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ៥-ការងារលើកកម្ពស់ចំណេះដឹងសាធារណៈ និងការផ្សព្វផ្សាយច្បាប់ និង ៦-ទទួលជោគជ័យក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសកម្មសិទ្ធិបញ្ញា ដែលមានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។
លោកក៏បានបញ្ជាក់ផងដែរថា កម្ពុជាសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈលើវិស័យកម្មសិទ្ធិបញ្ញា ដោយឆ្នាំកន្លងទៅក្រុមការងារចរចាជំពូកកម្មសិទ្ធិបញ្ញា បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចចរចា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលទើបនឹងចូលជាធរមានកាលពីឆ្នាំ ២០២២ និងកិច្ចចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចាប់ផ្តើមចរចាក្នុងឆ្នាំ ២០២២ និងទើបបានចុះហត្ថលេខា កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៣។
លោក ប៉ាន សូរស័ក្តិ បញ្ជាក់ថា៖ «កិច្ចព្រមព្រៀងទាំងនេះនឹងក្លាយជាកម្លាំងចលករបន្ថែម ប្រកបដោយសក្តានុពល និងកាលានុវត្តភាពថ្មី នៅក្នុងតំបន់អាស៊ី និងមជ្ឈឹមបូព៌ា ដែលការណ៍នេះនឹងក្លាយជាសក្ខីភាព សម្រាប់ឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកលពីគ្រប់មជ្ឈដ្ឋាននូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប្រកបដោយវិបុលភាព និងសន្តិភាពនៅក្នុងយុគសម័យឌីជីថល»។
បន្ថែមពីនេះ ក្នុងនាមប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លោកបានស្នើសុំដល់សមាជិកសមាជិកានៃអង្គប្រជុំទាំងមូល ចូលរួមពិនិត្យ និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់ការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដែលជាលិខិតបទដ្ឋានគតិយុត្តមួយ សម្រាប់អនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និងធានាបានកិច្ចការពារឱ្យមានប្រសិទ្ធភាពនៃសិទ្ធិរបស់ម្ចាស់កម្មសិទ្ធិបញ្ញា។ ព្រមទាំងការពារផលប្រយោជន៍អ្នកប្រើប្រាស់ប្រឆាំងនឹងការធ្វើចរាចរនៃផលិតផលក្លែងក្លាយ ជាពិសេសការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដើម្បីលុបបំបាត់អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដោយជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញាចំណោមសាធារណៈទូទៅ បង្កើនជំនឿទុកចិត្តពីអតិថិជន ពាណិជ្ជកម្មស្មើភាព និងទាក់ទាញវិនិយោគ៕