អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង​ប្រៃសណីយ៍​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​ការ​គ្រប់គ្រង និង ការ​ផ្លាស់ប្តូរ​ព័ត៌មាន​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍ ដែល MOU នេះ គឺជា​ជំហ៊ាន​ដ៏​សំខាន់​មួយ​ទៀត​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លងកាត់​ព្រំដែន (Cross Border e-Commerce)។

ពិធី​ចុះ​អនុស្សរណៈនេះ​ធ្វើឡើង កាល​ពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ ២០២៣ នៅ​អគ្គនាយកដ្ឋានគយ និង រដ្ឋាករ​កម្ពុជា ដែល​មាន​ការ​ចូលរួមផ្ទាល់​ពី​ថ្នាក់​ដឹកនាំ និង មន្ត្រី​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ស្ថាប័ន​ទាំងពីរ និង តាម​ប្រព័ន្ធ​វីដេអូ​ពី​តំណាង​ក្រសួង ពាណិជ្ជកម្ម, Global Alliance for Trade Facilitation/Swisscontact, UNCTAD, សហភាព​ប្រៃសណីយ៍​សកល (UPU) និង​អ្នក​ជំនាញ​ការ​មួយ​ចំនួនផងដែរ។

លោក គុណ ញឹម រដ្ឋមន្រ្តី​ប្រតិភូ​អមនាយក​រដ្ឋមន្រ្តី អគ្គនាយក​នៃ​អគ្គនាយកដ្ឋានគយ និង រដ្ឋាករ​កម្ពុជា បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-Commerce) មាន​ការ​កើនឡើង​ជា​បន្តបន្ទាប់ និង​មាន​លក្ខណៈ​កាន់តែ​ស្មុគស្មាញ។

លោកថា៖​«ការ​ធ្វើ​សន្ធានកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​ស្ថាប័ន​ទាំងពីរ ​គឺ​ដើម្បី​ផ្លាស់ប្តូរ វិភាគ និង​គ្រប់គ្រង​ព័ត៌មាន​បញ្ញើ​ប្រៃសណីយ៍ សំដៅ​ពង្រឹង​អនុលោមភាព​នៃ​ការ​បំពេញ​កាតព្វកិច្ច​ពន្ធអាករ និង​កាតព្វកិច្ច​ផ្សេង​ទៀត ដែល​តម្រូវ​ឱ្យ​មាន​អាជ្ញាប័ណ្ណ​លិខិត​អនុញ្ញាត ឬ​វិញ្ញាបនបត្រ​នានា»។

លោក​បាន​បន្ថែម​ថា ខាងគយ​ពិត​ជា​អរគុណ​ដល់​គម្រោង Go4eCAM និង​សម្ព័ន្ធ​សកល​សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម (GATF) តាម​រយៈ​គម្រោង SeT4SME រួម​ជាមួយ​នឹង​ដៃគូ​អនុវត្ត​គម្រោង​ដទៃ​ទៀត ជាពិសេសគឺ​ Swisscontact, UNCTAD និង​សហភាព​ប្រៃសណីយ៍​សកល (UPU) សម្រាប់​ការ​គាំទ្រ​ធនធាន​ផ្នែកបទ​ពិសោធន៍​និង​ហិរញ្ញវត្ថុ ដើម្បី​ឱ្យ​គម្រោង​នេះ​អាច​ដំណើរការ​ទៅ​បាន។

លោក ថេន សំវិសុទ្ធ អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា បាន​លើក​ឡើង​បន្ថែម​ថា ការ​ធ្វើ​សន្ធានកម្ម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​នេះ នឹង​ដោះស្រាយ​បាន​នូវ​បញ្ហា​ប្រឈម​នានា​កន្លងមក ដើម្បី​ធ្វើឱ្យ​ដំណើរការ​បំពេញ​បែបបទ​បញ្ញើ​ប្រៃសណីយ៍​កាន់តែ​មាន​ភាព​ឆាប់​រហ័ស និង​អាច​គ្រប់គ្រង​បាន​នូវ​ហានិភ័យ​នានា​ជាយថាហេតុ ស្របតាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

សូម​បញ្ជាក់​ផងដែរ​ថា គម្រោង​ធ្វើ​សន្ធានកម្ម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទិន្នន័យ​គយ (ASYCUDA) របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​ប្រព័ន្ធ​ប្រកាស​គយ (CDS) របស់​ប្រៃសណីយ៍​កម្ពុជា នឹង​ចូលរួម​គាំទ្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បន្ថែម​ទៀត ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និងស្រប​តាម​ឧត្តមានុវត្ត​និង​គោលការណ៍​ណែនាំ​ជា​អន្តរជាតិ ជាពិសេស សេចក្តី​ណែនាំ​របស់​អង្គការគយ​ពិភពលោក​និង​សហភាព​ប្រៃសណីយ៍​សកល៕