កម្ពុជាកំពុងសម្លឹងមើលការពង្រីកប្រព័ន្ធទូទាត់ឆ្លងប្រទេសជាមួយប្រទេសរវ៉ាន់ដាតាមរយៈការលើកកម្ពស់ប្រព័ន្ធទូទាត់ប្រាក់បាគង ដើម្បីលើកកម្ពស់វិស័យឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) រវាងប្រទេសនានា។
គណៈប្រតិភូFintech កម្ពុជា ដឹកនាំដោយធនាគារជាតិនៃកម្ពុជា និងសហការរៀបចំដោយសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT)និងសមាគមធនាគារនៅកម្ពុជា បានចូលរួមព្រឹត្តិការណ៍Fintechនៅប្រទេសRwanda នៅថ្ងៃទី២០-២៦ ខែមិថុនា ក្នុងគោលបំណងបង្ហាញពីសក្ដានុពលនៃការផ្លាស់ប្តូរនវានុវត្តន៍fintechរបស់កម្ពុជា ជំរុញភាពជាដៃគូឆ្លងដែន និងជំរុញទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសទៅដល់កម្រិតខ្ពស់ថ្មី។
លោកRemi Pellប្រធានCAFT បានធ្វើបទបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍មួយបានបង្ហាញពីការរីកចម្រើននៃប្រព័ន្ធfintechរបស់កម្ពុជា។ លោកបានគូសបញ្ជាក់អំពីភាពលេចធ្លោនាពេលបច្ចុប្បន្ននៃអ៊ីវ៉ាឡេត និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងការទន្ទឹងរង់ចាំការលេចឡើងនៃក្រុមហ៊ុនថ្មីៗ នៅក្នុងវិស័យInsurtech, Regtechនិង Neobank។
លោកថ្លែងថា៖ «គួរឲ្យកត់សម្គាល់ កំណើននៃពាណិជ្ជកម្មអេឡិចត្រូនិក និងប្រតិបត្តិការគ្មានសាច់ប្រាក់បានជំរុញយ៉ាងសំខាន់នូវការទទួលយកយ៉ាងទូលំទូលាយនៃដំណោះស្រាយទូទាត់ឌីជីថលរវាងពាណិជ្ជករ និងអ្នកប្រើប្រាស់»។
លោកPell បានបញ្ជាក់ពីតួនាទីដ៏សំខាន់ថាដំណោះស្រាយប្រព័ន្ធទូទាត់និងកិច្ចសន្យាឆ្លាតវៃនឹងដើរតួក្នុងអនាគតនៃទិដ្ឋភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់នូវតម្រូវការបន្ទាន់សម្រាប់អ្នកជំនាញក្រុមហ៊ុនផ្តល់ដំណោះស្រាយ អ្នកច្នៃប្រឌិត សហគ្រិនឆ្នើម និងវិនិយោគិនក្នុងវិស័យទាំងនេះ ដោយសារកម្ពុជាបច្ចុប្បន្នខ្វះខាតធនធានទាំងនេះ។
លោកថ្លែងថា៖ «ឱកាសជាច្រើនដែលស្ថិតនៅក្នុងដំណោះស្រាយប្រព័ន្ធទូទាត់ រួមទាំងកម្មវិធីបង្កើនជំនាញ និងការបណ្តុះបណ្តាល ការអភិវឌ្ឍដំណោះស្រាយកិច្ចសន្យាឆ្លាតវៃប្រកបដោយតម្លាភាព និងកម្មវិធីរបស់ពួកគេលើវិស័យផ្សេងៗដូចជា ហិរញ្ញវត្ថុ គណនេយ្យ និងទំនាក់ទំនង»។
លោកស្រី ជា សិរី ទេសាភិបាលរងបានថ្លែងក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី២០ ខែមិថុនា នៅស្រុកស្ទោង ខេត្តកំពង់ធំថាធនាគារជាតិនៃកម្ពុជាក៏កំពុងសហការជាមួយប្រទេសជាច្រើនទៀតទាំងនៅក្នុងតំបន់អាស៊ី អាហ្វ្រិក អាមេរិកឡាទីន និងអឺរ៉ុប ដើម្បីបង្កើនវិសាលភាពប្រើប្រាស់ប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ចំណាយទាប និងទទួលបានប្រាក់ឆាប់រហ័សដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឆ្លងដែន។
លោកស្រីថ្លែងថា ចំពោះកម្ពុជាគឺបានតភ្ជាប់ជាមួយប្រទេសថៃ និងម៉ាឡេស៊ីរួចហើយតាមរយៈ ប្រព័ន្ធទូទាត់បាគង និងកំពុងតភ្ជាប់ជាមួយនឹងប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា។
លោកស្រីបានពន្យល់ថា ប្រព័ន្ធទូទាត់នេះអនុញ្ញាតឱ្យប្រជាជនកម្ពុជានៅក្នុងប្រទេសថៃធ្វើការស្កេន និងទូទាត់ដោយប្រើគណនីប្រាក់រៀល ក៏ដូចជាជនជាតិថៃនៅក្នុងប្រទេសកម្ពុជាដើម្បីស្កេន និងទូទាត់ជារូបិយប័ណ្ណក្នុងស្រុក ដែលលោកស្រីបានឱ្យដឹងថានឹងជំរុញការប្រើប្រាស់ប្រាក់រៀល។
លោកស្រីបានបញ្ជាក់ថាប្រព័ន្ធទូទាត់បាគងបានធ្វើឱ្យប្រជាជននៅតាមជនបទដែលមិនសូវមានជីវភាពធូរធារអាចប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពីសេវាហិរញ្ញវត្ថុផ្លូវការ។
លោកស្រីលើកឡើងថា កន្លងមកប្រព័ន្ធទូទាត់ បាគង បានទទួលពានរង្វាន់ និងការកោតសរសើរជាបន្តបន្ទាប់ ខណៈកាលពីខែឧសភា កន្លងទៅលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន ក៏បានកោតសរសើរប្រព័ន្ធបាគង ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិគំរូមួយរវាងធនាគារកណ្ដាលកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាមួយមកពីប្រទេសជប៉ុន)។
ត្រឹមចុងឆ្នាំ២០២២ ចំនួនគណនីអ៊ីវ៉ាឡេត ដែលបានចុះឈ្មោះបានកើនដល់ ១៩,៥ លាន ហើយចំនួនប្រតិបត្តិការសរុបបានកើនឡើងពី ៧០៨លានដល់ ១ ពាន់លានដុល្លារ ជាមួយចំនួនទឹកប្រាក់សរុប ២៧២,៨ ពាន់លានដុល្លារ (កើន ៣៤ ភាគរយ) ប្រហែល ៩ ដងនៃផលិតផលក្នុងស្រុកសរុប (GDP)។ នេះបើតាមរបាយការណ៍របស់ NBC៕ LA