ភ្នំពេញៈ រាជរដ្ឋាភិបាល បានកំណត់ថា ចំណូលថវិការដ្ឋសរុបសម្រាប់ឆ្នាំ ២០២៤ គ្រោងសម្រេចឱ្យបាន ២៣,០៧ ភាគរយខណៈចំណាយសរុបនៃថវិការដ្ឋ នឹងកំណត់ក្នុងរង្វង់ ២៦,២៩ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ នេះបើតាមសារាចររបស់រាជរដ្ឋាភិបាលស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤។
សារាចរដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ បានឱ្យដឹងថា ចំណូលចរន្តថវិការដ្ឋត្រូវសម្រេចឱ្យបានប្រមាណ ២២,៣៣ ភាគរយ នៃផ.ស.ស.នេះគឺកើនឡើង ០,៨ ពិន្ទុភាគរយនៃផ.ស.ស.ឬកើនឡើង ១៣,៣ ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៣។
នៅក្នុងនេះចំណូលពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករត្រូវគ្រោងសម្រេចឱ្យបាន ៧,៧៨ ភាគរយ នៃផ.ស.ស គឺថយចុះ ០,៧៣ ពិន្ទុភាគរយនៃផ.ស.ស ឬថយចុះ ០,២ ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៣, ចំណូលពីអគ្គនាយកដ្ឋានពន្ធដារ ត្រូវគ្រោងសម្រេចឱ្យបាន ១១,៧៩ ភាគរយ នៃ ផ.ស.ស. គឺកើនឡើង ០,៧៤ ពិន្ទុភាគរយនៃផ.ស.សឬកើនឡើង ១៦,៦ ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៣ និងចំណូលមិនមែនសារពើពន្ធ ត្រូវគ្រោងសម្រេចឱ្យបាន ២,៧៦ ភាគរយ នៃ ផ.ស.ស.។
ចំណូលផ្សេងៗក្នុងប្រទេសត្រូវសម្រេចឱ្យបាន ០,២៥ ភាគរយ,ចំណូលផ្សេងៗដោយហិរញ្ញប្បទានក្រៅប្រទេសសម្រាប់អនុវត្តគម្រោងវិនិយោគ សាធារណៈ គ្រោងសម្រេចឱ្យបាន ០,៤៤ ភាគរយ ហើយមូលនិធិទ្រទ្រង់ថវិកាគ្រោង សម្រេចឱ្យបាន ០,០៥ ភាគរយ នៃ ផ.ស.ស.។
ដោយឡែក ចំណាយសរុបថវិការដ្ឋ នៅឆ្នាំ ២០២៤ នឹងកំណត់ក្នុងរង្វង់ ២៦,២៩ ភាគរយនៃ ផ.ស.ស. គឺថយចុះ ៣,៦៨ ពិន្ទុភាគរយនៃ ផ.ស.ស. ឬថយចុះ ៤,២ ភាគរយ ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ (ហៅកាត់ថា ច្បាប់ថវិកាឆ្នាំ ២០២៣)។ ក្នុងនោះ ចំណាយសរុបថវិកាថ្នាក់ជាតិ ២៤,៤២ ភាគរយ,ចំណាយសរុបថវិកាថ្នាក់ក្រោមជាតិ ២,៩៦ ភាគរយ ដោយរួមបញ្ចូលទាំងការឧបត្ថម្ភធនដល់ថ្នាក់ក្រោមជាតិចំនួន ១,០៩ ភាគរយ នៃ ផ.ស.ស.។
ជារួម ការអនុវត្តវិធានការផ្នែកចំណូល និងផ្នែកចំណាយខាងលើនឹងជួយសម្រេចបាននូវអតិរេកថវិកាចរន្តស្មើនឹងប្រមាណ ៣,៨៩ ភាគរយ នៃ ផ.ស.ស. និងឱនភាពថវិកាសរុបក្នុងរង្វង់ ៣,២២ ភាគរយនៃ ផ.ស.ស. ក្នុងឆ្នាំ ២០២៤ ដើម្បីបង្កើនការវិនិយោគ និងបង្កើតតម្លៃបន្ថែមលើមូលដ្ឋានកំណើនសេដ្ឋកិច្ចដែលមានស្រាប់ ជាមួយនឹងការជំរុញនិងមានផលិតភាពខ្ពស់។
ក្រៅពីនេះនឹងមានការវិនិយោគទៅលើប្រភពថ្មីនៃកំណើនដែលមានសក្តានុពលសេដ្ឋកិច្ច បន្តពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់សមត្ថភាពមន្ត្រី របបសោធនជូននិវត្តន៍ជន និងជំនួយសង្គមផ្សេងៗក៏ដូចជាការបន្តដំឡើងបៀវត្សរ៍អប្បបរមាជូនមន្ត្រីរាជការ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម កសាងភាពធន់នៃសង្គមកម្ពុជា និងធានាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ ដែលមានចែងក្នុងរបៀបវារៈគោលនយោបាយ នៅក្នុងឆ្នាំដំបូងនៃរាជរដ្ឋាភិបាល នីតិកាលទី ៧។
នៅក្នុងវេទិកាតុមូលស្តីពីវិបត្តិសេដ្ឋកិច្ចសកល ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីពេលថ្មីៗនេះ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា តាមការព្យាករពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា សេដ្ឋកិច្ចសកល នឹងមានកំណើន ៣ភាគរយ ក្នុងឆ្នាំ ២០២៤ ខណៈស្ថាប័ននេះអះអាងថា សេដ្ឋកិច្ចសកលនឹងមិនត្រឡប់ទៅរកកំណើនខ្ពស់វិញទេ រហូតដល់ឆ្នាំ ២០២៩។ លោកបន្ថែមថា រាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយជាច្រើន ដើម្បីរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យដល់គោលដៅដែលបានព្យាករទុក តាមរយៈការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤។
ចំពោះកម្ពុជាវិញលោក ផាន់ ផល្លា បានបញ្ជាក់ថា៖ «ការគិតគូរ មិនមានអ្វីក្រៅពីការពង្រឹងខ្លួនឯងនោះទេ ដោយពង្រឹងទៅលើធនធានមនុស្សពង្រឹងលើភាពធន់ការគាំពារសង្គមពង្រឹងលើការអភិវឌ្ឍវិស័យឯកជនពង្រឹងភាពប្រកួតប្រជែង និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសង្គមសេដ្ឋកិច្ចឌីជីថលជាដើម ដែលនេះជាការងារធំៗជាទិសដៅដែលយើងធ្វើបន្តទៀត»។
ជាមួយគ្នានេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២ ខែកក្កដាថា ប្រទេសនីមួយៗ មិនមែនតែកម្ពុជាទេ ចំណូលដែលរដ្ឋាភិបាលប្រមូលបាន ៦០ ភាគរយ គឺបានមកពីចំណូលពន្ធ គឺពន្ធដារ និងពន្ធគយ។ លោកបានថ្លែងថា៖ «អ្វីដែលយើងមិនបានយកចិត្តទុកដាក់នោះ គឺចំណូលមិនមែនសារពើពន្ធ ខណៈដែលចំណូលសារពើពន្ធនេះ រដ្ឋាភិបាលមិនទាន់បង្ហាញពីប្រសិទ្ធភាពនៃការគ្រប់គ្រងនៅឡើយទេ។ ដូច្នេះរដ្ឋាភិបាលគួរធ្វើការបង្ហាញបន្ថែមទៀតពីចំណូលមិនមែនសារពើពន្ធនេះ។ ឧទាហរណ៍ដូចជា ចំណូលដែលបានមកពីការឆ្លងស្រឡាង និងសួយសារអាករនៃការបូមខ្សាច់លក់ជាដើម»។
បើតាមផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៤-២០២៦ បានបង្ហាញថា ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៦,៦ ភាគរយ សម្រាប់ឆ្នាំ ២០២៤ គឺត្រូវបានគិតគូរក្នុងកម្រិតបន្ទាត់មូលដ្ឋាន (Baseline projection) ស្របពេលដែលទស្សនវិស័យសេដ្ឋកិច្ចសកល និងតំបន់ កាន់តែមានភាពមិនប្រាកដប្រជាខ្ពស់។ ផ្អែកលើសម្មតិកម្មក្នុងកម្រិតបន្ទាត់មូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានគាំទ្រដោយ៖ វិស័យកសិកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១ ភាគរយ; វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ៨,៥ ភាគរយ និងវិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៦,៩ ភាគរយ៕