ភ្នំពេញៈ ទឹកប្រាក់ជិត ៧,៣ ពាន់លានដុល្លារត្រូវបានកម្ពុជាបញ្ចេញលើការនាំចូលទំនិញពីប្រទេសចំនួន ៣ ដែលចំនួននេះស្មើជាង ៧០ ភាគរយនៃចំនួនទឹកប្រាក់នាំចូលទំនិញសរុបរបស់កម្ពុជាក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិទំនិញពាណិជ្ជកម្មនាំចូលជាមួយប្រទេសសំខាន់ៗរបស់ GDCE ឱ្យដឹងថា ពីខែមករា-ខែឧសភា ឆ្នាំ ២០២៣ កម្ពុជាបាននាំចូលទំនិញពីទីផ្សារអន្តរជាតិសរុប ១០ ១០៩,០៨ លានដុល្លារ ធ្លាក់ចុះ ២២,៦ ភាគរយ ពីចំនួន ១៣ ០៥៧,០៤ លានដុល្លារកាលពីរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ សម្រាប់ទំនិញដែលកម្ពុជានាំមកពីប្រទេសទាំង ៣ គឺចំនួន ៧ ២៥៩,០២ លានដុល្លារ ស្មើនឹងប្រមាណ ៧១,៨ ភាគរយនៃការនាំចូលសរុបរយៈពេល ៥ ខែ។
បើតាមអគ្គនាយកដ្ឋានគយគឺប្រទេសចិន ឈរនៅលេខ ១ ដោយមានប្រាក់ ៤ ៤៨៧,៥ លានដុល្លារ ស្មើនឹង ៤៤,៤ ភាគរយនៃការនាំចូលសរុប (កើនឡើង ០,៤ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន), វៀតណាម ១ ៥៤៦,៧៤ លានដុល្លា ស្មើ ១៥,៣ ភាគរយ (ធ្លាក់ចុះ ៩,៦ ភាគរយ) និងថៃ ១ ២២៤,៧៨ លានដុល្លារ ស្មើនឹង ១២,១ ភាគរយ (ធ្លាក់ចុះ ១៤,៤ ភាគរយ)។
បើតាម GDCE ប្រទេសសិង្ហបុរី ដែលកាលពីរយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ ឈរនៅលេខរៀងទី៣ ជាមួយទឹកប្រាក់ ១ ៦៦៦,៦៤ លានដុល្លារ បានធ្លាក់មកនៅលេខ ៥ វិញដោយមានទឹកប្រាក់ ៣១៥,៥៧ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២ ខែកក្កដាថា ភាគច្រើននៃផលិតផលដែលកម្ពុជានាំចូលពីក្រៅប្រទេស គឺជាវត្ថុធាតុដើម ឬគ្រឿងផ្សំបម្រើឱ្យការកែច្នៃក្នុងស្រុកដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះកម្ពុជាក៏បាននាំចូលសម្ភារសំណង់ និងគ្រឿងសង្ហារិម មួយចំនួនសម្រាប់គាំទ្រដល់ដំណើរវិវឌ្ឍន៍នៃសំណង់ក្នុងប្រទេសផងដែរ។ លោកបន្តថា ប្រទេសទាំង ៣ នេះនឹងដើរតួនាទីសំខាន់ថែមទៀតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកថ្លែងថា៖ «ការរីកចម្រើនជាបន្តបន្ទាប់នៃសមត្ថភាពចង្វាក់ផលិតកម្មក្នុងស្រុក បានជំរុញឱ្យកម្ពុជានាំចូលវត្ថុធាតុដើមដែលខ្លួនមិនមានមកកែច្នៃដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ»។
លោកប្រាប់ទៀតថា នៅពេលកំណើនសេដ្ឋកិច្ចសកលកាន់តែល្អ ការនាំទំនិញពីប្រទេសទាំងនេះនឹងមានបរិមាណកាន់តែច្រើន ហើយពេលនេះសម្ទុះនាំចេញរបស់កម្ពុជាក៏កាន់តែខ្លាំងដែរ។
បើតាមលោក លឹម ហេង ផលិតផលដែលកម្ពុជានាំមកពីប្រទេសទាំង ៣ គឺភាគច្រើនជាផលិតផលវាយនភណ្ឌ គ្រឿងសំណង់ ឧបករណ៍អគ្គិសនីអេឡិចត្រូនិក និងគ្រឿងម៉ាស៊ីនជាដើម។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ និយាយថា រយៈពេលប្រហែល ២ ទសវត្សរ៍ហើយដែលកម្ពុជានាំចូលទំនិញក្នុងបរិមាណច្រើនពីប្រទេសទាំង ៣ ដោយទំនិញនាំចូល គឺមានស្ទើរគ្រប់មុខរាប់ចាប់តាំងពីបន្លែផ្លែឈើ វត្ថុធាតុដើម ថាមពល ប្រេងឥន្ធនៈ បច្ចេកវិទ្យា សម្ភារសំណង់... រហូតដល់គ្រឿងចក្រធំៗ។ លោកបន្តថា ភាពល្អប្រសើរនៃទំនាក់ទំនងពាណិជ្ជកម្មប្រទេសដៃគូទាំង ៣ គឺដោយសារនយោបាយការទូតនៃប្រទេសទាំង ៣ ល្អប្រសើរ និងរឹងមាំ។
លោកបញ្ជាក់ថា៖ «សម្រាប់មូលហេតុដែលកម្ពុជានាំចូលទំនិញពីប្រទេសទាំង ៣ ច្រើន គឺដោយសារមានព្រំដែននៅជាប់គ្នា (វៀតណាម និងថៃ) និងនៅក្នុងតំបន់តែ ១ (ចិន) ខណៈបរិមាណ គុណភាព និងតម្លៃនៃផលិតផលរបស់ប្រទេសទាំង ៣ ក៏ដើរស្របនឹងការចង់បានពីសំណាក់ប្រជាជន និងរោងចក្រ/សហគ្រាសនៅកម្ពុជាដែរ»។
ការនាំចូលទំនិញពីប្រទេសទាំង ៣ មកកម្ពុជា កាលពីឆ្នាំ ២០២២ មានចំនួនសរុប ១៨ ២៤៥,១៨ លានដុល្លារ ស្មើ ៦០,៩ ភាគរយនៃការនាំចូលសរុបរបស់កម្ពុជាដែលមាន ២៩ ៩៤១,៦ លានដុល្លារ។ នេះបើតាម GDCE៕