ភ្នំពេញៈ អ្នកតំណាងនៅក្នុងវិស័យធនាគារ និងអ្នកវិភាគសេដ្ឋកិច្ច លើកឡើងថា ប្រកាស ២ ដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា (NBC) ស្តីពីដើមទុនបទប្បញ្ញត្តិ និងប្រកាសស្តីពីហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គឺជាការចាត់ថ្នាក់ទ្រព្យសកម្មរបស់គ្រឹះស្ថានទាំងនេះឱ្យកាន់តែមានភាពច្បាស់លាស់សំដៅធ្វើឱ្យកាន់តែមានភាពរឹងមាំនៃដើមទុន។
កាលពីថ្ងៃទី ២៩ ខែមិថុនា NBC បានឱ្យដឹងថា ប្រកាសទាំង ២ នេះ គឺជាផ្នែកមួយនៃក្របខ័ណ្ឌភាពគ្រប់គ្រាន់នៃដើមទុន ឬសាធនភាពសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ សម្រាប់ប្រកាសស្តីពី ដើមទុនបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានបំណងពង្រឹងដើមទុន និងភាពធន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើក្នុងការទប់ទល់នឹងហានិភ័យផ្សេងៗ។
NBC រំលេចថា៖ «ប្រកាសនេះ ក៏ឆ្លុះបង្ហាញពីការត្រៀមលក្ខណៈជាស្រេចរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរួមចំណែកដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុទៅអនាគត តាមរយៈការកំណត់ជាមុននូវលក្ខខណ្ឌការទទួលស្គាល់ឧបករណ៍ហិរញ្ញវត្ថុនៅក្នុងដើមទុនថ្នាក់ទី១ និងថ្នាក់ទី២ របស់គ្រឹះស្ថាន។ ការអនុវត្តតាមវិធាន និងស្តង់ដាអន្តរជាតិ ដែលកំណត់ក្នុងប្រកាសនេះក៏នឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះប្រព័ន្ធធនាគារកម្ពុជាទាំងមូល និងបង្កើនជំនឿទុកចិត្តដល់វិនិយោគិន និងស្ថាប័នផ្ដល់កម្ចីនានា ជាពិសេសស្ថាប័នផ្តល់កម្ចីពីបរទេស»។
សម្រាប់ប្រកាសស្តីពីហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងដាក់ចេញនូវការណែនាំនៃការថ្លឹង ហានិភ័យឥណទានយ៉ាងទូលំទូលាយ ដែលការថ្លឹងនេះមានកម្រិតខុសៗគ្នាផ្អែកលើប្រភេទឥណទាន និងអ្នកខ្ចី ឬសមភាគី និងឆ្លុះបង្ហាញពីកម្រិតហានិភ័យដែលគ្រឹះស្ថានអាចប្រឈមជាក់ស្តែង សំដៅពង្រឹងប្រសិទ្ធការគ្រប់គ្រងហានិភ័យ។
«ធនាគារជាតិនៃកម្ពុជា ថ្លឹងថ្លែង និងគិតគូរយ៉ាងហ្មត់ចត់ដល់ការជំរុញការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងចូលរួមជាមួយរដ្ឋាភិបាលក្នុងការជំរុញការអនុវត្តគោលនយោបាយពាក់ព័ន្ធ។ ក្នុងនោះក៏មានការយកចិត្តទុកដាក់ជាពិសេសចំពោះការគាំទ្រការបោះផ្សាយមូលបត្ររដ្ឋតាមរយៈការថ្លឹងហានិភ័យសូន្យភាគរយ ដើម្បីជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួមវិនិយោគលើមូលបត្ររដ្ឋ និងលើកកម្ពស់លទ្ធភាពរបស់រដ្ឋាភិបាលក្នុងការប្រមូលទុនដើម្បីអភិវឌ្ឍប្រទេស»។ នេះបើតាម NBC។
លោក តូច ចៅចេក អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២ ខែកក្កដាថា ប្រកាសថ្មីទាំង ២ ដែល NBC ប្រកាសថ្មី គឺក្នុងទិសដៅដើម្បីធ្វើឱ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើកាន់តែមានភាពរឹងមាំនៃដើមទុនរបស់ស្ថាប័នទាំងនោះ។
លោកបញ្ជាក់ថា៖ «ការអនុវត្តប្រកាសទាំង ២ នេះ គឺពុំមានអីតឹងរ៉ឹងនោះទេ ដោយសារយើងឃើញមានចំណុចល្អមួយចំនួន ឧទាហរណ៍កន្លងមកយើងចាត់ថ្នាក់ទ្រព្យសកម្ម ដោយសារតែយើងគិតថា ទ្រព្យសកម្មខ្លះគឺមានហានិភ័យ ១០០ ភាគរយ និងទ្រព្យខ្លះទៀត ៥០ ភាគរយ និងទ្រព្យខ្លះគឺគ្មានហានិភ័យ។ ដូច្នេះសម្រាប់ប្រកាសថ្មីនេះ គឺគេថែមដើមទុន ប៉ុន្តែគេបន្ថយលក្ខខណ្ឌនៃហានិភ័យទ្រព្យសកម្ម។ តួយ៉ាងកន្លងមកបើយើងឱ្យគេខ្ចី ១០០ ភាគរយ គឺមានហានិភ័យ ១០០ ភាគរយ ប៉ុន្តែឥឡូវនេះគេចាត់ចំណាត់ថ្នាក់របស់វា។ ឧទាហរណ៍បើ SMEs នេះចុះបញ្ជីបានត្រឹមត្រូវ គឺមិនមានហានិភ័យ ១០០ ភាគរយនោះទេ បើតាមប្រកាសថ្មីគឺមានហានិភ័យត្រឹមតែ ៧៥ ភាគរយទេ ហើយបើសិនយើងសហការជាមួយ CGCC គឺមិនមានហានិភ័យនោះទេ ហើយបើសិនយើងទិញសញ្ញាបណ្ណរបស់រដ្ឋក៏អត់មានហានិភ័យដែរ ដូច្នេះ ប្រកាសថ្មីនេះគឺមានចំណុចល្អច្រើន»។
លោក គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងផងដែរថា ប្រកាសទាំង ២ នេះគឺពិតជាសំដៅដល់ការពង្រឹងការអនុវត្តក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុដែលជាវិស័យស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកបានថ្លែងថា៖ «បើយើងពិនិត្យទៅលើប្រកាសទាំង ២ នេះគឺបានបញ្ជាក់យ៉ាងច្បាស់លាស់ពីការបង្ការហានិភ័យនានា និងបានកំណត់ច្បាស់នូវលក្ខខណ្ឌនានាសំដៅធ្វើយ៉ាងណាឱ្យដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកាន់តែរឹងមាំ ហើយការអនុវត្តក៏ច្បាស់លាស់ជាងមុនផងដែរ»។
បើតាមប្រកាសនេះ គឺ NBC ផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ការផ្តល់ឥណទានឱ្យទៅសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានការចុះបញ្ជីត្រឹមត្រូវ និងមានរបាយការណ៍ហិរញ្ញវត្ថុសមស្រប តាមរយៈការថ្លឹងហានិភ័យត្រឹមតែ ៧៥ ភាគរយ ដើម្បីឱ្យសហគ្រាសទាំងនោះអាចទទួលឥណទានក្នុងអត្រាការប្រាក់សមរម្យ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកពង្រឹងការអនុវត្តវិធានការប្រមូលពន្ធ៕