ភ្នំពេញៈ គម្រោងវិនិយោគឯកជន នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសជិត ៣០ ដែលមានទុនវិនិយោគជិត ២០០ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យដំណើរការ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ដែលការអនុម័តនេះ គឺធ្លាក់ចុះទាំងចំនួនគម្រោង និងទុនវិនិយោគបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។
របាយការណ៍និន្នាការសេដ្ឋកិច្ចកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបចេញផ្សាយថ្មីៗនេះឱ្យដឹងថា ចាប់ពីខែមករា-ខែមីនា ឆ្នាំ ២០២៣ CDC បានអនុម័តឱ្យគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ២៧ គម្រោង ធ្លាក់ចុះ ១៣ គម្រោងបើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២២។ គម្រោងទាំង ២៧ មានទុនវិនិយោគសរុប ១៩៣ លានដុល្លារ ធ្លាក់ចុះ ៩០,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន និងលទ្ធភាពបង្កើតការងារថ្មី បានជាង ៤៣ ពាន់នាក់ កើនឡើង ២៤,៨ ភាគរយ។
ឯកសាររបាយការណ៍និន្នាការសេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងថា ផលប៉ះពាល់សេដ្ឋកិច្ចក្នុងតំបន់បានធ្វើឱ្យឥទ្ធិពលនៃកំណើនសេដ្ឋកិច្ចសកលមិនសូវដំណើរទៅមុខដោយរលូននោះទេ ដែលជំរុញឱ្យរដ្ឋាភិបាលដាក់ចេញវិធានការអន្តរាគមន៍មួយចំនួន។ ឯកសារបញ្ជាក់ថា៖ «ក្នុងន័យនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តអនុវត្តវិធានការអន្តរាគមន៍ ជាពិសេសការដាក់ចេញកញ្ចប់អន្តរាគមន៍សម្រាប់គ្រួសារងាយរងហានិភ័យ ដោយសារការកើនឡើងអតិផរណា ដែលនឹងជួយកាត់បន្ថយផលប៉ះពាល់លើជីវភាពប្រជាជន ក៏ដូចជាទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៣ ជារួម។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២ ខែកក្កដាថា បើទោះស្ថានភាពសេដ្ឋកិច្ចពិភពលោកពេលនេះល្អជាងក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ (ឆ្នាំ២០២០-២០២២) ក៏ការបណ្តាក់ទុននៅគ្រប់ប្រទេសលើពិភពលោកមិនទាន់ងើបឡើងវិញឡើយ។ មូលហេតុចម្បងដែលធ្វើឱ្យអ្នកវិនិយោគភាគច្រើនមិនហ៊ានបញ្ចេញទុន គឺដោយសារក្តីបារម្ភពីជម្លោះប្រដាប់អាវុធរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងមានការជាប់ពាក់ព័ន្ធទៅនឹងប្រទេសធំៗជាច្រើន។
លោកបញ្ជាក់ថា៖ «ភាពមិនស្របគ្នានៃគំនិតនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសធំៗ បានបង្កជាក្តីបារម្ភដល់អ្នកវិនិយោគក្នុងការបញ្ចេញប្រាក់ធ្វើអ្វីមួយ»។
លោកបន្តថា នៅក្នុងដំណាក់កាលនេះ ការវិនិយោគ គឺភាគច្រើនត្រូវបានធ្វើឡើងដោយអ្នកនៅក្នុងស្រុក និងប្រទេសក្នុងតំបន់ដែលនៅជិតៗប៉ុណ្ណោះ។ លោកលើកឡើងថា៖ «អំឡុងពេលនេះ គឺជាឱកាសដែលប្រទេសនីមួយៗត្រូវខិតខំពង្រឹង និងបង្កើតសមត្ថភាពផលិតកម្មនៅក្នុងស្រុករបស់ខ្លួនឱ្យកាន់តែខ្លាំងបន្ថែមទៀត»។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉ ធ្លាប់និយាយថា ឱកាសក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននឹងមានកាន់តែច្រើនថែមទៀត បើសិនតម្លៃអគ្គិសនីនៅកម្ពុជាអាចធ្លាក់ចុះទាបជាងពេលនេះ ឬប្រហាក់ប្រហែលប្រទេសជិតខាង។
គ្រប់ចង្វាក់ផលិតកម្ម គឺសុទ្ធតែត្រូវការថាមពល ដូច្នេះបើតម្លៃអគ្គិសនីទាប ថ្លៃដើមផលិតក៏ទាប ដែលនេះនឹងជួយធ្វើឱ្យសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិកើនឡើង។
លោកប្រាប់ថា៖ «តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាគួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិន ព្រោះប្រេង និងអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ផលិតកម្ម ក្រៅពីការចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្ម។ កាលណាតម្លៃប្រេង រួមទាំងតម្លៃអគ្គិសនីមានស្ថិរភាព និងតម្លៃទាប វិនិយោគិននឹងមើលឃើញឱកាសផ្សេងៗចេញពីកត្តាទាំងអស់នោះ»។
កាលពីឆ្នាំ ២០២២ គម្រោងវិនិយោគឯកជនចំនួន ១៣២ ត្រូវបាន CDC អនុម័ត ដោយកើនឡើង ២៤ គម្រោងធៀបឆ្នាំ ២០២១។ គម្រោងទាំង ១៣២ មានទុនវិនិយោគ ៣ ២៣០ លានដុល្លារ កើនឡើង ៨៧,៩ ភាគរយ និងបង្កើតការងារបាន ១២,២ ម៉ឺននាក់។ នេះបើតាមឯកសារនិន្នាការសេដ្ឋកិច្ចកម្ពុជា ប្រចាំឆ្នាំ ២០២២៕