ភ្នំពេញៈ រាជរដ្ឋាភិបាលកំពុងសិក្សាពីការបង្កើតផ្លូវរថភ្លើងធុនស្រាល ដើម្បីតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតាខ្មៅ មករាជធានីភ្នំពេញ និងបង្កើតស្ថានីយអ្នកដំណើរមួយភ្ជាប់ទៅផ្សារទំនើប អ៊ីអន មានជ័យដើម្បីផ្តល់ឱកាសដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលទស្សនា និងទិញទំនិញនៅផ្សារទំនើបនេះដោយផ្ទាល់ ដែលវាជាមធ្យោបាយមួយក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ នេះបើតាមការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ។
លោក ស៊ុន ចាន់ថុល នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលផ្ដល់សេវាសាធារណៈ កាលពីថ្ងៃទី ២៩ ខែមិថុនា នៅផ្សារអ៊ីអនមានជ័យថា កន្លងមកការសិក្សាលើគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញបានបញ្ចប់ហើយ។ ប៉ុន្តែដោយសាររដ្ឋាភិបាលចង់បានការតភ្ជាប់ផ្លូវរថភ្លើងក្រោមដី ទៅនឹងព្រលានយន្តហោះថ្មី ទើបក្រុមហ៊ុនវិនិយោគត្រូវការសិក្សាបន្ថែមទាំងគន្លងផ្លូវរត់ ទុនវិនិយោគ និងស្ថានីយរថភ្លើងបន្ថែម។
លោកបានបញ្ជាក់ថា៖ «យើងកំពុងពិភាក្សាគ្នាលើរថភ្លើងធុនស្រាលដើម្បីតភ្ជាប់ពីរាជធានីភ្នំពេញមកព្រលានយន្តហោះថ្មីនៅតាខ្មៅរបស់យើង។ បើយើងធ្វើបាន ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយយើងនឹងមានស្ថានីយចុះ និងឡើងនៅផ្សារទំនើបអ៊ីអនមានជ័យផងដែរ។ ដូច្នេះយើងចង់ទិញអីវ៉ាន់ ឬដើរលេងនៅផ្សារទំនើប អ៊ីអន មានជ័យជិះរថភ្លើងធុនស្រាលពីផ្សារទំនើបនេះទៅព្រលានយន្តហោះនឹងអាចមានស្ថានីយដឹកអ្នកដំណើរ អ៊ីអនមានជ័យ ដើម្បីយកអ្នកដំណើរទាំងប្រជាជនខ្មែរ និងភ្ញៀវបរទេសទាំងអស់អាចមកចុះនៅអ៊ីអនមានជ័យ នេះ»។
លោកបន្ថែមថា៖ «អ៊ីចឹងបើយើងដំណើរការបានទៅមុខ យើងខ្ញុំនឹងសហការគ្នាជាមួយផ្សារទំនើបអ៊ីអនមានជ័យ ដើម្បីរកទីតាំងឱ្យហើយក្នុងករណីអ្នកវិនិយោគនោះមកបណ្តាក់ទុនលើផ្លូវរថភ្លើងក្រោមដី និងរថភ្លើងធុនស្រាលនៅកម្ពុជា។ ខ្ញុំជឿថា យើងនឹងទទួលបានវិនិយោគិនចាប់អារម្មណ៍បោះទុនវិនិយោគលើគម្រោងនេះ ដូច្នេះយើងច្បាស់ជាមានរថភ្លើងមកដល់ស្ថានីយអ៊ីអនមានជ័យ»។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កន្លងមកថា លទ្ធផលការងារសាងសង់ដែលក្រុមហ៊ុនសម្រេចបាននាដំណាក់កាលទី១ (គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២) មានចំនួនជាង ៤៣ ភាគរយនៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់អស់ចំនួន ៦១៧ លានដុល្លារ។
លោកបន្តថា បានចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៤ (ដំណាក់កាលទី១) (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd ។
លោកនិយាយថា៖ «តាមការសិក្សា និងស្រាវជ្រាវ ឯកសារអន្តរជាតិ បានបង្ហាញឱ្យឃើញថា ការស្ទុះងើបឡើងវិញនៃចរាចរណ៍តាមផ្លូវអាកាសសម្រាប់ប្រទេសកម្ពុជា នឹងអាចកើតឡើងស្មើឆ្នាំ ២០១៩ គឺនៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ ស្របតាមនិន្នាការនៃការស្ទុះងើបឡើងវិញនៃពិភពលោក»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានសាទរចំពោះវឌ្ឍនភាពការសាងសង់ព្រលានអាកាសចរណ៍អន្តរជាតិភ្នំពេញថ្មី ដែលលោករំពឹងថា ព្រលាននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកទីផ្សារហោះហើរថ្មីបន្ថែមទៀតក្នុងការរួមចំណែកដល់ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។
លោកបញ្ជាក់ថា៖ «ការដែលយើងមានព្រលានថ្មី និងទំនើបៗវាឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់វិស័យអាកាសចរណ៍យើងទាំងការដឹកអ្នកដំណើរ និងទំនិញ។ ខ្ញុំសង្ឃឹមថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកទីផ្សារកាន់តែទូលំទូលាយថែមទៀតសម្រាប់ប្រទេសកម្ពុជាយើងនាពេលប៉ុន្មានឆ្នាំខាងមុខនេះ»។
កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ២៦ កំពុងបើកប្រតិបត្តិការហោះហើរជាមួយជើងហោះហើរជាង ៤០០ ជើងក្នុង ១ សប្តាហ៍ (ឯកទិស) ដែលទិសដៅភាគច្រើននៅក្នុងតំបន់អាស៊ាន។ នេះបើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល ៥ ខែ ដើមឆ្នាំ ២០២៣ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ ២,១៦ លាននាក់ កើន ៥៣០ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២៕