ភ្នំពេញៈ ការនាំចេញ​ផ្លែ​មៀន​ស្រស់​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន សម្រាប់​រដូវ​កាល​ប្រមូល​ផល​ឆ្នាំ​ ២០២៣-២០២៤ ត្រូវ​រំពឹងថា នឹង​អាច​កើន​លើស​រដូវ​កាល​មុន ​(​ឆ្នាំ ​២០២២-២០២៣) ៥ ដង ខណៈ​ការប្រមូល​ផល​នឹង​ចាប់ផ្តើម​ពី​ខែកញ្ញា តទៅ​។​

​ទីផ្សារ​ផ្លែ​មៀន​ស្រស់​កម្ពុជា ចាប់ផ្តើម​មាន​ភាពប្រសើ​រ​តាំងពី​ចុងខែ​តុលា ឆ្នាំ​ ២០២២ មក ដោយ​ប្រទេស​ចិន​ បាន​អនុញ្ញាតឱ្យ​កម្ពុជា​នាំចេញ​ផ្លែ​មៀន​ស្រស់​ជា​ផ្លូវការ​ទៅ​ទីផ្សារ​ខ្លួន​។ មៀន​ស្រស់ គឺជា​ផ្លែឈើ​ទី៣ របស់​កម្ពុជា​ដែល​បានបង្ហាញ​វត្ត​មាននៅ​ទីផ្សារ​ប្រទេស​ចិន​បន្ទាប់ពី​ផ្លែស្វាយ និង​ចេក​។​

​លោក ភ​ត់ សុផាន់​បូរី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ពេជ្រ​ចិន្តា ហ្រ្វូ​ត​ប្រូ​ដាក់​សិន ភី​​អែ​ហ្វ​ភី ដែលជា​ក្រុមហ៊ុន​ប្រ​មូល​ទិញ និង​វេច​ខ្ចប់​ផ្លែ​មៀន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​​​​ ៣ ខែកក្កដា​ថា តាម​បទ​ពិ​សោ​ធន៍​រយៈពេល​ ១ ​ឆ្នាំកន្លងមក និង​ការត្រៀមខ្លួន​ជាមុន បរិមាណ​នៃ​ការនាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ទីផ្សារ​ចិន​នាពេល​ប្រមូល​ខាងមុខ​នឹង​អាច​លើស​មុន ៥​ ដង​។

លោក​បន្តថា ដោយសារ​ផ្លែ​មៀន​មាន​ទីផ្សារ សូម្បីតែ​ចម្ការ​ដែល​ពី​មុនគេ​ទុកចោល ក៏ត្រូវ​បាន​កសិករ​យ​ក​ចិត្ត​ទុកដាក់ និង​ខិតខំ​ពង្រីក​ការដាំដុះ​ផងដែរ​នាពេលនេះ​។ ជាទូទៅ​ការ​ប្រ​​មូល​ផល​ផ្លែ​មៀន គឺ​ចាប់ផ្តើម​ពី​ខែកញ្ញា​នៃ​ឆ្នាំ​នីមួយៗ រហូតដល់​ខែឧសភា នៃ​ឆ្នាំ​បន្ទាប់​។​

​លោក​បន្ថែមថា​៖ «​សម្រាប់​រដូវ​កាល​ប្រមូល​ផល​ខាងមុខ ខ្ញុំ​សង្ឃឹម​ការនាំ​ចេញទៅ​ចិន​នឹង​កើន​លើស​រដូវ​កាល​មុន ៥​ ដង ហើយ​តម្លៃ​ក៏​នឹង​កើន​ខ្ពស់ជាង​មុន​ដែរ​។ ផលិតកម្ម​ផ្លែ​មៀនបាន​ចូលរួមចំណែក​កាន់តែ​សំខាន់​នៅក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​»​។​

​របាយការណ៍​ក្រសួងកសិកម្ម ឱ្យដឹងថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ កម្ពុជា​នាំចេញ​ផ្លែ​មៀន​ស្រស់ ៣ ៤២២,២៥​ តោន​ទៅ​ទីផ្សារ​ប្រទេស​ចិន​។ ផ្លែ​មៀន​ស្រស់ ត្រូវបាន​នាំចេញ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន​ជា​លើកដំបូង​កាលពី​ចុងខែ​តុលា ឆ្នាំ​ ២០២២​។​

​លោក សុផាន់​បូរី បាន​ប្រាប់ទៀតថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន​លោក​បានធ្វើ​កិច្ច​សន្យា​កសិកម្ម ជាមួយ​កសិករ​មួយចំនួន​ហើយ ដោយ​ផ្តល់​តម្លៃ​ប្រមាណ ៨០០ ​ដុល្លារ​ក្នុង​ ១ ​តោន​នៅពេល​ប្រមូល​ផល ដែល​តម្លៃ​នេះ​គឺ​កើនឡើង​ពី​ក្នុង​រង្វង់​ជិត ៦០០ ​ដុល្លារ​កាលពី​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ លោក​បញ្ជាក់ថា​៖ «​តម្លៃ​នេះ​អាច​នឹងមាន​ការប្រែប្រួល​នៅ​ចុងខែ​សីហា គឺ​នៅពេល​ភាគី​ចិន​ទម្លាក់​ផែនការ​នាំចូល​មៀន​ពី​កម្ពុជា​»​។​

​ផ្លែ​មៀន​ស្រស់​កម្ពុជា​ដាក់លក់​នៅ​ទីផ្សារ​ប្រទេស​ចិន អាចមាន​តម្លៃ​ជា​មធ្យម​ជិត ២​ ដុល្លារ​ក្នុង ១​ គីឡូក្រាម​។​

​ទោះយ៉ាងណា លោក សុផាន់​បូរី អះ​អាង​ថា បញ្ហា​តម្លៃ​ដឹកជញ្ជូន និង​រយៈ​ពេល​ដឹកទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​នៅតែ​ជួប​បញ្ហា​ច្រើន ដែល​អាច​ប៉ះ​​ពាល់​ទៅដល់​គុណភាព​ផលិតផល និង​ការចំណាយ​លើ​តម្លៃ​ដើម​ខ្ពស់​។​

​ប្រធាន​សហគមន៍​កសិក​ម្ម​ផលិតផល​មៀន​ប៉ៃលិន លោក សួស ស៊ី​យ៉ា​ត បាន​និយាយថា ការប្រកាស​បើក​ទីផ្សារ​ចិន​កាលពី​ឆ្នាំ​ ២០២២ បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​កសិករ​ពង្រីក​ការដាំដុះ​ថ្មី និង​ថែទាំ​ដើម​មៀន​ចាស់ៗ​ឡើងវិញ​។

​ប៉ុន្តែ​ទន្ទឹមនឹងនេះ ដោយសារ​ឆ្នាំនេះ​មិនសូវមាន​ភ្លៀង ដូច្នេះ​គុណភាព​ផ្លែ​មៀន​ក៏​មិនសូវ​ល្អ​ដែរ​។ លោក​បន្តថា ប្រទេស​ចិន គឺជា​ទីផ្សារ​ធំ និង​អាច​ផ្តល់​ផល​វិ​ជ្ជ​មាន​ច្រើន​សម្រាប់​កសិករ​ដាំ​មៀននៅ​កម្ពុជា​។ ក្រៅពី​ទីផ្សារ​នាំ​ចេញទៅ​ចិន ផ្លែ​មៀន​ស្រស់​ក៏ត្រូវ​បាន​នាំទៅ​ប្រទេសជិតខាង​ផងដែរ​។​

​លោក​ប្រាប់ថា​៖ «​ការនាំ​ចេញទៅ​ចិន​ប្រាកដជា​កើនឡើង​ច្រើន​ក្នុងឆ្នាំនេះ ប៉ុន្តែ​សម្រាប់​គុណភាព​ផ្លែ​មៀននៅ​តំបន់​ខ្លះ អាច​មិនសូវ​ល្អ​ដូច​រដូវ​កាល​មុន​»​។​

​ក្នុង​ពិធី​សម្ពោធ​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន កាលពី​ខែតុលា ឆ្នាំ​ ២០២២ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានឱ្យដឹងថា​៖ «​ការសម្រេចបាន​សិទ្ធិ​នាំចេញ​ផ្លែ​មៀន​ស្រស់​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន គឺជា​ការបោះ​ជំហាន​ទៅមុខ​យ៉ាង​វែង​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុ​ជា​»​។​

​យោងតាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម ក្នុង​ឆ្នាំ​ ២០២១ កម្ពុ​ជាមាន​ផលិតកម្ម​មៀន ជាង ១,៨ ម៉ឺន​ហិកតា ដោយ​អាច​ប្រមូល​ផល​បាន​ជាង ១៣១ ពាន់​តោន ក្នុង ១ ​ឆ្នាំ​៕