ភ្នំពេញៈ ក្រុមហ៊ុន Metal Jewelry (Cambodia)Co., Ltd បានវិនិយោគទឹកប្រាក់ប្រមាណ ៩ លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃគ្រឿងអលង្ការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ភ្នំពេញ សម្រាប់នាំទៅកាន់ទីផ្សារអន្តរជាតិ។
ក្រុមហ៊ុននេះបានទទួលការយល់ព្រមវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៣ ខែមិថុនា ដោយបោះទុន ៩ លានដុល្លារដើម្បីបង្កើតរោងចក្រផលិត និងដំឡើងគ្រឿងអលង្ការ និងគ្រឿងផ្សេងៗដែលធ្វើពីលោហធាតុ និងប្លាស្ទិក ដោយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងបង្កើតការងារបាន ៤៣៤កន្លែង។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣ ខែកក្កដាថា ថ្មីៗនេះកម្ពុជាទាក់ទាញការវិនិយោគថ្មីៗជាច្រើនក្នុងវិស័យផ្សេងៗក្រៅពីវិស័យកាត់ដេរ ដែលវានឹងនាំមកនូវបច្ចេកវិទ្យា និងជំនាញថ្មីៗក្នុងឧស្សាហកម្មមួយនេះ។
លោកថ្លែងថា៖ «វាជាព័ត៌មានដ៏ល្អមួយសម្រាប់ប្រទេសយើងជុំវិញការបង្កើតរោងចក្រគ្រឿងអលង្ការថ្មីក្រៅពីកាត់ដេរ។ ខ្ញុំសង្កេតឃើញថា ថ្មីៗនេះយើងទាក់ទាញបានការវិនិយោគថ្មីៗជាច្រើន រួមទាំងរោងចក្រដំឡើងរថយន្ត រោងចក្រកែច្នៃសម្បកកង់រថយន្ត រោងចក្រកែច្នៃកសិកម្ម និងរោងចក្រកែច្នៃគ្រឿងអលង្ការ ដែលមានភាពវិជ្ជមានខ្លាំងក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចរបស់យើង»។
លោកបន្តថា៖ «ការមកដល់នៃរោងចក្រកែច្នៃគ្រឿងអលង្ការ គឺឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់របស់វិនិយោគិនលើស្ថិរភាព និងសន្តិភាពរបស់ប្រទេសកម្ពុជា»។
បើយោងតាមក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ១១ ខែមិថុនា គឺកម្ពុជាផលិតបានដុំមាស ៦ ៧២៧,៧០ គីឡូក្រាមដែលមានគុណភាព ៩០ ភាគរយតាមរយៈក្រុមហ៊ុន Renai-ssance Minerals (Cambodia) Ltd បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមដំណើរការចម្រាញ់ក្នុងរយៈពេលជិត ៣ ឆ្នាំ។
ក្រសួងឱ្យដឹងថា៖ «បន្ទាប់ពីបានសម្ពោធដាក់ឱ្យដំណើរការការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះជាផ្លូវការ រហូតដល់ខែមិថុនា ក្រុមហ៊ុន Renaissance Minerals (Cambodia) បានចម្រាញ់មាសដែលមានគុណភាព ៩០ ភាគរយបានសរុប ៦ ៧២៧,៧០ គីឡូក្រាម។ សមិទ្ធផលនេះ បាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបានពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនសម្រាប់ប្រទេសកម្ពុជា»។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីខែវិច្ឆិកាថា បច្ចុប្បន្នរដ្ឋាភិបាលបានផ្តល់អាជ្ញាបណ្ណអាជីវកម្មរ៉ែមាសដល់ក្រុមហ៊ុន ៤ ខណៈក្រុមហ៊ុនមួយចំនួនទៀតស្ថិតក្នុងដំណាក់កាលសិក្សា។
លោកបន្តថា ទាក់ទងក្រុមហ៊ុនទាំង ៤ នោះគឺមានតែក្រុមហ៊ុន Renaissance មួយទេដែលចម្រាញ់យក ៩០ភាគរយដើម្បីដឹកចេញទៅក្រៅប្រទេសដើម្បីបន្សុទ្ធទៅជា ៩៩,៩៩ ភាគរយ ឬខ្មែរហៅថាមាសទឹក ១០។ ក្រៅពីនោះសុទ្ធសឹងតែជាក្រុមហ៊ុនដែលចម្រាញ់មាសសុទ្ធ គឺ ៩៩,៩៩ ក្នុងស្រុក។
បច្ចុប្បន្ននេះមានក្រុមហ៊ុន ៧ ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាសពីរដ្ឋាភិបាល ដោយបានរុករករ៉ែមាសនៅខេត្តចំនួន ៤ រួមមាន មណ្ឌលគិរី រតនគិរី បាត់ដំបង និងព្រះវិហារ។
កម្ពុជារកចំណូលបានជាង ១៥ លានដុល្លារពីធនធានរ៉ែមាសដែលក្រុមហ៊ុនចម្រាញ់បានប្រមាណជាង ៥,៣ តោនគិតត្រឹមចុងឆ្នាំ ២០២២។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
Renaissance ជាក្រុមហ៊ុនរបស់ប្រទេសអូស្ដ្រាលី និងជាក្រុមហ៊ុនទី ១ ដែលចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅកម្ពុជាផ្លូវការកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវនឹងផ្តល់ចំណូលដុលជាមធ្យម ១៨៥ លានដុល្លារក្នុង ១ ឆ្នាំ ក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗមាន ៤០ លានដុល្លារក្នុង ១ ឆ្នាំ៕