ភ្នំពេញៈ បន្លែបណ្ដុះ ជាប្រភេទបន្លែថ្មីមួយប្រភេទដែលមានសារធាតុចិញ្ចឹមច្រើនជាងបន្លែធម្មតា ដោយការដាំមានការប្រើប្រាស់បច្ចេកទេសថ្មី ប្រើរយៈពេលខ្លី និងកំពុងតែមានទីផ្សារខ្ពស់ជាពិសេសនៅតាមផ្សារទំនើបស្ទើរទូទាំងរាជធានីភ្នំពេញ។
«ទីក្រុងបណ្ដុះ» ជាឈ្មោះយីហោរសហគ្រាសមួយដែលមានការផ្គត់ផ្គង់បន្លែបណ្ដុះច្រើនប្រភេទទៅលើទីផ្សារបច្ចុប្បន្ន ពោលគឺប្រមាណជាង ២០០ ផ្សារទំនើប និងម៉ាត។
សម្រាប់ឈ្មោះ ទីក្រុងបណ្ដុះ គឺកើតឡើងពីពាក្យ «បណ្ដុះ» សំដៅលើបន្លែបណ្ដុះដែលចំណាយពេលដាំតែ៥ថ្ងៃប៉ុណ្ណោះ ឯពាក្យ ទីក្រុង មានន័យថា ការបណ្ដុះបន្លែទាំងនេះនៅក្នុងទីក្រុងផ្ទាល់ ហើយបន្លែនេះក៏មានច្រើនប្រភេទផងដែរ។នេះបើតាមការលើកឡើងពីសំណាក់ លោក អុន សីហា ស្ថាបនិកទីក្រុងបណ្ដុះ ដែលស្ថិតក្នុងឃុំបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
លោក អុន សីហា បានឱ្យដឹងថា ៖«ខ្ញុំចាប់ផ្ដើមបង្កើតទីក្រុងបណ្ដុះនៅឆ្នាំ២០១៤ ដោយចាប់ផ្ដើមពីបរិមាណតិចៗ ហើយមូលហេតុដោយសារនេះជាផលិតផលថ្មី ជាប្រភេទបន្លែផ្ទុកនូវសារធាតុចិញ្ចឹមច្រើនសម្រាប់អ្នកបរិភោគ ជាផលិតផលថ្មីមានឱកាសទីផ្សារខ្ពស់ ពិសេសគឺដោយសារខ្ញុំស្រឡាញ់ការងារនេះ និងជាចំណេះជំនាញដែលខ្ញុំបានពីការសិក្សានៅប្រទេសអ៊ីស្រាអែលផងដែរ»។
លោកបន្តថា ម្យ៉ាងវិញទៀត ដោយសារលោកបានឃើញបន្លែបណ្ដុះនេះនៅតាមភោជនីយដ្ឋានប្រទេសជិតខាងឃើញថាវចាប់ផ្ដើមមានទីផ្សារនិងអាចចរាចរបាន ក៏បានចាប់ផ្ដើមស្រាវជ្រាវ អនុវត្តបច្ចេកទេសឱ្យបានសមស្រប និងរកទីផ្សារបន្តិចម្ដងៗរហូតដល់មានទីផ្សារទូលំទូលាយដូចបច្ចុប្បន្ន។
ទីក្រុងបណ្ដុះមានការផ្គត់ផ្គង់បន្លែបណ្ដុះដែលនាំចូលពូជពីក្រៅប្រទេសជាង១០មុខរួមមាន ឆៃថាវបណ្ដុះពណ៌ស, ឆៃថាវបណ្ដុះពណ៌ស្វាយ និងពណ៌ផ្កាឈូក,ប្រភេទបន្លែបណ្ដុះចម្រុះ, ត្រកួនបណ្ដុះ, ស្ពៃ,ល្ងខ្មៅ,ផ្កាឈូករ័ត្នបណ្ដុះ និងសណ្ដែកលឿងបណ្ដុះជាដើម ហើយក្រៅពីនេះក៏មានបន្លែបរទេសដូចជា ខាត់ណា និងសាឡាដអឺរ៉ុបច្រើនមុខផងដែរ។
លោក អុន សីហា បានបន្ថែមថា សម្រាប់ការផ្គត់ផ្គង់វិញ បន្លែបណ្ដុះមានទីផ្សារទូលាយដោយចែកចាយទៅកាន់ផ្សារទំនើបទូទាំងរាជធានីភ្នំពេញ ដែលជាអតិថិជនគោលដៅមានប្រមាណជាង២០០កន្លែងមានដូចជា ផ្សារទំនើបឡាក់គីជាង១០០សាខា ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបអ៊ីអន ផ្សារបាយ័ន ផ្សារអាស៊ី ផ្សារថៃហួត និងម៉ាតលក់បន្លែសុវត្ថិភាពផ្សេងៗទៀតផងដែរ។
ទាក់ទងនឹងការផលិត លោក អុន សីហា ក៏បានលើកឡើងដែរថា៖«បន្លែបណ្ដុះរបស់យើងគឺមាននៅតែ១កន្លែងលើផ្ទៃដីប្រមាណ២៥០ម៉ែត្រការ៉េ ក្រៅពីនេះយើងមានដៃគូកុងត្រាដែលមានកសិដ្ឋាន២កន្លែងផ្សេងទៀត»។
លោកបានបន្តថា ៖ «បរិមាណដែលយើងផលិត យើងអាចផ្ដល់ឱ្យតាមតម្រូវការអតិថិជនដែលគាត់អាចកុម្ម៉ង់មុន១សប្ដាហ៍ ដោយយើងអាចផលិតជូនគាត់បាន តែបើគិតជាមធ្យមយើងអាចលក់បានប្រមាណជាង៥០០ប្រអប់ក្នុង១ថ្ងៃ ឬលើសនេះនៅថ្ងៃចុងសប្ដាហ៍ផងដែរ»។
ចំពោះផលិតផលពីទីក្រុងបណ្ដុះ មានតម្លៃចន្លោះពី ៤៥០០-៥៨០០រៀល សម្រាប់បន្លែ១០០ក្រាម ដែលបន្លែប្រភេទនេះពុំតម្រូវឱ្យទទួលទានច្រើនឡើយ ដោយសារបន្លែបណ្ដុះមានប្រយោជន៍ជាងបន្លែធម្មតាដល់ទៅ៣ដងឯណោះ។ នេះជាអ្វីដែលស្ថាបនិកទីក្រុងបណ្ដុះរូបនេះ បានលើកឡើង។
យ៉ាងណាមិញ ផលិតផលរបស់ទីក្រុងបណ្ដុះនៅលើទីផ្សារ នៅមានកម្រិតនៅឡើយ ដោយសារអតិថិជនបច្ចុប្បន្នជាអ្នកមានជីវភាពធូរធារដែលនិយមគិតគុណភាពជាចម្បង ដែលបន្លែបណ្ដុះមានតម្លៃថ្លៃជាងបន្លែដទៃ។
ក្នុងការចាប់ផ្ដើមដំបូង លោក អុន សីហា ក៏ជួបកត្តាប្រឈមផងដែរ ដោយលោកបានបញ្ជាក់ថា ៖ «អ្នកនៅជុំវិញខ្លួនយើង ពុំបានគាំទ្រឬលើកទឹកចិត្តអ្វីឡើយ ផ្ទុយទៅវិញពួកគាត់បែរជាមើលបំណាំយើង ថាឱ្យយើងដែលដាំដំណាំបណ្ដុះតូចៗ ប្លែកខុសគេ និងមានតម្លៃថ្លៃ តែយើងនៅតែមានចិត្តមានៈ អត់ធ្មត់ តស៊ូ ពុំខ្វល់ពីសម្ដីអ្នកដទៃ ហើយរក្សានូវគោលជំហរក៏ដូចជាគោលដៅដែលយើងបានព្រាងទុក»។
ដោយឡែក បញ្ហាប្រឈមក្នុងអាជីវកម្មវិញគឺស្ថាបនិកវ័យ៣៤ឆ្នាំរូបនេះបានប្រាប់ដែរថា បញ្ហាទាំងនោះភាគច្រើនទាក់ទងនឹងប្រភពគ្រាប់ពូជដែលលោកត្រូវរកអ្នកផ្គត់ផ្គង់គ្រាប់មានគុណភាព បញ្ហាបច្ចេកទេសដែលវាជាប្រភេទបន្លែថ្មីមួយបែប និងចុងក្រោយគឺទីផ្សារ។
លោកថា៖ «ទីផ្សារនេះទៀតសោតគឺពិតជាសំខាន់ដោយសារវាជាផលិតផលថ្មី យើងត្រូវយកចិត្តដាក់ក្នុងការផ្សព្វផ្សាយឱ្យគេស្គាល់តាមរយៈការវាយលុកទីផ្សារនៅតាមបណ្ដាផ្សារទំនើបនានាធ្វើយ៉ាងណាក្ដោបឱ្យបាននូវអតិថិជនគោលដៅរបស់យើង និងមានបញ្ហាបន្ទាប់បន្សំផ្សេងទៀតផងដែរ»។
ពាក់ព័ន្ធនឹងគម្រោងនាពេលអនាគត លោក អុន សីហា បានបង្ហើបដែរថា លោកនិងក្រុមការងារមានគម្រោងនឹងពង្រីកខ្លួនឯង ក៏ដូចជាជាមួយដៃគូដែលជាផ្សារទំនើបធំៗទូទាំងប្រទេស ហើយក៏មានគម្រោងផលិតបន្លែថ្មីបន្ថែម ២មុខក្នុងឆ្នាំនេះទៅលើចំនួនបន្លែដែលមានស្រាប់ក៏ដូចជាធ្វើការអភិវឌ្ឍការវេចខ្ចប់ថ្មី និងបង្កើនគុណភាពក្នុងការរក្សាទុកឱ្យបានកាន់តែប្រសើរផងដែរ៕