ភ្នំពេញៈ កម្ពុជាកំពុងដំណើរការកែលម្អផ្លូវដែកភាគខាងត្បូងពីភ្នំពេញទៅខេត្តព្រះសីហនុ ពីល្បឿនយឺតឱ្យទៅល្បឿនលឿន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអ្នកដំណើរ និងការដឹកជញ្ជូនទំនិញពេលបច្ចុប្បន្ន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកម្មវិធីមួយកាលពីសប្តាហ៍មុន នៅផ្សារអ៊ីអនមានជ័យ ថា បន្ទាប់ពីបញ្ចប់ការសិក្សាលើការធ្វើឱ្យប្រសើរឡើងខ្សែរថភ្លើងភាគខាងជើងរវាងភ្នំពេញ-ប៉ោយប៉ែត បច្ចុប្បន្នក្រសួងកំពុងធ្វើការសិក្សាដើម្បីធ្វើឱ្យប្រសើរឡើងខ្សែរថភ្លើងខាងត្បូងទៅជារថភ្លើងល្បឿនលឿនផងដែរ។
លោកថ្លែងថា៖ «ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត យើងក៏បានបញ្ចប់ការសិក្សាផងដែរដែលអាចរត់បាន ១៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង។ សព្វថ្ងៃនេះ ផ្លូវរថភ្លើងអាចរត់បានក្នុងល្បឿនពី ៣០ ឬ ៤០ គីឡូម៉ែត្រក្នុង ១ ម៉ោង ឬច្រើនបំផុត ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោងប៉ុណ្ណោះនៅខ្សែភាគខាងត្បូងពីភ្នំពេញទៅខេត្តព្រះសីហនុ។ បើយើងអាចកសាងផ្លូវរថភ្លើងនេះបាន ១៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង វានឹងក្លាយជារឿងដ៏ល្អ។ ឥឡូវយើងកំពុងសិក្សាផ្លូវរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុ ក៏បានដំឡើងល្បឿនដល់ ១៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង»។
លទ្ធផលបឋមនៃការសិក្សាពីលទ្ធភាពក្នុងការធ្វើឱ្យប្រសើរឡើងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេរបស់កម្ពុជាបង្ហាញថា គម្រោងនេះនឹងត្រូវចំណាយជាង ៤ ពាន់លានដុល្លារ ហើយនឹងចំណាយពេលវេលាប្រហែល ៤ ឆ្នាំដើម្បីបញ្ចប់។
ការសិក្សានេះធ្វើឡើងដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន (CRBC) ដែលជាក្រុមហ៊ុននៅពីក្រោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ នៅពេលសាងសង់រួចផ្លូវរថភ្លើងល្បឿនលឿននេះនឹងផ្តោតលើការធ្វើដំណើររបស់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញអន្តរជាតិរវាងកម្ពុជា និងថៃ។ នេះបើយោងតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល។
រថភ្លើងនេះនឹងអាចធ្វើដំណើរក្នុងល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង ដោយមានស្ថានីយសរុប ៣៣ នៅតាមដងផ្លូវ។ ស្ពានអាកាសជាង ៣០០ នឹងត្រូវសាងសង់ដើម្បីចៀសវាងការប៉ះទង្គិចគ្នារវាងរថភ្លើង និងយានជំនិះនៅលើផ្លូវប្រសព្វជាមួយផ្លូវដែក។ តួរថភ្លើងនឹងត្រូវបែងចែកជាផ្នែកៗមួយសម្រាប់អ្នកដំណើរ និងទំនិញ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្ពុជា (CLA) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែកក្កដាថា ការតភ្ជាប់ផ្លូវដែកទាំង ២ មានសារៈសំខាន់ណាស់ក្នុងការផ្តល់នូវជម្រើសដឹកជញ្ជូនបន្ថែមទៀតសម្រាប់អ្នកជំនួញព្រោះវានឹងរួមចំណែកជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ លោកបន្តថា ផ្លូវដែកល្បឿនលឿននឹងកាន់តែមានសារៈសំខាន់គឺមិនត្រឹមតែដឹកជញ្ជូនទំនិញជាមួយប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការដឹកជញ្ជូនអ្នកដំណើរផងដែរ។
លោកថ្លែងថា៖ «យើងសង្កេតឃើញថា បច្ចុប្បន្នការដឹកទំនិញតាមផ្លូវរថភ្លើងក៏ជាជម្រើសល្អមួយទៀតសម្រាប់យើងដែរ។បើរដ្ឋាភិបាលអាចធ្វើឱ្យក្លាយទៅជារថភ្លើងល្បឿនលឿន វានឹងជួយយើងក្នុងការដឹកជញ្ជូនទំនិញកាន់តែលឿនទៅគោលដៅទាំងក្នុង និងក្រៅប្រទេស»។ លោកបន្តថា៖ «ការណ៍នេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនការប្រកួតប្រជែងនៅក្នុងវិស័យផលិតកម្មផងដែរ»។
ប្រទេសកម្ពុជាមានផ្លូវរថភ្លើងចំនួន ២ ខ្សែ ដោយខ្សែភាគខាងជើងមានប្រវែង ៣៨៦ គីឡូម៉ែត្រ ចេញពីភ្នំពេញទៅប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ។ ផ្លូវនេះត្រូវបានសាងសង់ពីឆ្នាំ ១៩២៩-១៩៤២ ក្នុងសម័យអាណានិគមបារាំង ចំណែកផ្លូវរថភ្លើងភាគខាងត្បូង សាងសង់ចន្លោះពីឆ្នាំ ១៩៦០-១៩៦៩ នាសម័យសង្គមរាស្ត្រនិយម ដោយមានជំនួយពីប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ហើយមានចម្ងាយផ្លូវសរុប ២៦៤ គីឡូម៉ែត្រ។
ផ្លូវរថភ្លើងទាំង ២ ខ្សែរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយផ្នែកខ្លះត្រូវបំផ្លាញទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់មកផ្លូវដែកទាំងនេះត្រូវបានសាងសង់ និងស្តារឡើងវិញ តាមរយៈកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន Royal Railway Co Ltd៕