ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានជាសមាជិក សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជាឱ្យស្របតាមការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាក្នុងតំបន់ និងពិភពលោក។
ការដាក់ឱ្យដំណើរការជាផ្លូវការនៃប្រព័ន្ធ CSS ធ្វើឡើងបន្ទាប់ពីការដាក់ឱ្យដំណើរការសាកល្បងតាំងពីខែតុលា ឆ្នាំ ២០១៧។
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា (NBC) លោកស្រី ជា សិរី បានថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) នាថ្ងៃទី ៤ ខែកក្កដាថា ធនាគាជាតិនៃកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិកប្រព័ន្ធដែលបានអភិវឌ្ឍប្រព័ន្ធនេះឡើង ដើម្បីជាមធ្យោបាយងាយស្រួលសម្រាប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមបណ្ណទូទាត់ឥណពន្ធ CSS លើគ្រប់ម៉ាស៊ីន ATM/POS របស់គ្រឹះស្ថានសមាជិក និងជា Local Switch សម្រាប់ប្រទេសកម្ពុជាដើម្បីធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់។
លោកស្រីបន្ថែមថា នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលបានរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការដាក់ឱ្យប្រើប្រាស់សេវា និងឧបករណ៍ទូទាត់ថ្មីៗ ដោយគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវាកម្មទូទាត់សងប្រាក់ ដូចជា សេវាកម្មធនាគារចល័ត បណ្ណទូទាត់ (Contactless) បណ្ណទូទាត់និមិត្ត (Virtual card) ការទូទាត់ចល័ត និងការទូទាត់តាមឃ្យូអរកូត ដែលកំពុងមានប្រជាប្រិយភាពលើទីផ្សារ បង្ហាញសញ្ញាវិជ្ជមានឆ្ពោះទៅបដិវត្តកម្មសេដ្ឋកិច្ចឌីជីថលលើពិភពលោក។
លោកស្រីប្រាប់ថា៖ «ដើម្បីទ្រទ្រង់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងការរីកចម្រើនទៅមុខ ការអភិវឌ្ឍប្រព័ន្ធទូទាត់ជាការងារអាទិភាពសំខាន់សម្រាប់ធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់មធ្យោបាយទូទាត់ប្រកបដោយនវានុវត្តន៍ ភាពរឹងមាំ សុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីសម្រួលការទូទាត់ពាណិជ្ជកម្មទាំងក្នុងប្រទេស និងតំបន់»។
លោកស្រីបន្តទៀតថា៖ «ការអភិវឌ្ឍប្រព័ន្ធ CSS ជាគំនិតផ្តួចផ្តើមថ្មីមួយទៀតរបស់ធនាគារជាតិនៃកម្ពុជាក្នុងការសម្រួលប្រតិបត្តិការទូទាត់សងប្រាក់តាមរយៈបណ្ណទូទាត់នៅប្រទេសកម្ពុជា ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការតាមបណ្ណទូទាត់ឥណទានពន្ធ CSS លើម៉ាស៊ីន ATM ដូចជាការដកសាច់ប្រាក់ ការពិនិត្យសមតុល្យ ការបោះពុម្ពរបាយការណ៍សង្ខេប ការប្រើប្រាស់សេវាទូទាត់រហ័ស និងការប្តូរលេខសម្ងាត់»។
ទន្ទឹមនេះអតិថិជនក៏អាចធ្វើប្រតិបត្តិការតាមបណ្ណទូទាត់ឥណពន្ធ CSS លើម៉ាស៊ីន POS ដូចជាការទិញទំនិញ ការពិនិត្យសមតុល្យ ការដកសាច់ប្រាក់ ការបញ្ជូនមូលនិធិត្រឡប់ (Refund) និង Purchase reversal។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងក្នុងពិធីនោះថា ស្ថិតក្នុងបរិការណ៍នៃប្រក្រតីកម្មថ្មីដែលបច្ចេកវិទ្យាថ្មីៗត្រូវបានដាក់ឱ្យប្រើប្រាស់កាន់តែច្រើន ធនាគារជាតិនៃកម្ពុជាបានធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័នទូទាត់ និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ទូទាត់ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាព។
លោកថ្លែងថា៖ «ប្រព័ន្ធ CSS ដែលបានដាក់ឱ្យដំណើរការជាផ្លូវការនេះ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុទាំងមូល តាមរយៈការពង្រីកវិសាលភាពប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ប្រព័ន្ធ CSS បានផ្តល់អត្ថប្រយោជន៍ និងភាពងាយស្រួលច្រើនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការអន្តរធនាគារ ដោយអនុញ្ញាតឱ្យអតិថិជនដែលមានកាត ATM អាចធ្វើការទូទាត់ការចំណាយជាមួយម៉ាស៊ីនឆូតកាត (POS) ជាមួយគ្រឹះស្ថានជាសមាជិក ប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ លើសពីនេះអតិថិជនក៏អាចធ្វើប្រតិបត្តិការនៅតាមម៉ាស៊ីន ATM រាប់ពាន់កន្លែងរបស់គ្រឹះស្ថានដែលជាសមាជិកខេមបូឌានស៊ែស្វីច ទូទាំងប្រទេស»។
បើតាមលោកស្រី ជា សិរី ជាមួយនឹងការរីកចម្រើនដូចបានរៀបរាប់ខាងលើ ធនាគារជាតិនៃកម្ពុជាក៏បានពង្រឹង និងរៀបចំបទប្បញ្ញត្តិសមស្របលើការត្រួតពិនិត្យ ការគ្រប់គ្រងផលិតផល និងសេវាទូទាត់ថ្មីៗ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ស្របតាមបទប្បញ្ញត្តិជាតិ អន្តរជាតិ និងឧត្តមានុវត្តអន្តរជាតិ សំដៅលើកកម្ពស់ជំនឿចិត្តរបស់សាធារណជនលើប្រព័ន្ធទូទាត់សងប្រាក់ និងការធ្វើសមាហរណកម្មក្នុងតំបន់។
លោកស្រីថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់ជំរុញការអនុវត្តគោលនយោបាយផ្សេងៗរបស់ប្រព័ន្ធ CSS និងអភិវឌ្ឍបន្ថែមនូវមុខងារ Contactless លើប្រព័ន្ធនេះ។ ខ្ញុំសង្ឃឹមថា ការដាក់ឱ្យដំណើរការប្រព័ន្ធនេះនឹងផ្តល់ជាជម្រើសបន្ថែមទៀតសម្រាប់អតិថិជនធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានហិរញ្ញវត្ថុ បង្កើនតម្លាភាពតាមរយៈការទូទាត់អេឡិចត្រូនិក កាត់បន្ថយចរាចរណ៍សាច់ប្រាក់នៅលើទីផ្សារ បង្កើននូវប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល»៕