
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ ២០២៣ បានអនុម័តឱ្យគម្រោងវិនិយោគឯកជនចំនួន ៩១ មានទុនវិនិយោគជាង ៩២៤ លានដុល្លារ និងអាចបង្កើតការងារបានជិត ១១ ម៉ឺនកន្លែងបើកដំណើរការអាជីវកម្មនៅកម្ពុជា ដែលគម្រោងធំៗមានដូចជា រោងចក្រផលិតសម្បកកង់រថយន្ត រោងចក្រផលិតស៊ីម៉ងត៍ រោងចក្រកែច្នៃផលិតផលកសិកម្ម និងគម្រោងអភិវឌ្ឍន៍រមណីយដ្ឋាន ជាដើម។
យោងតាមការគណនារបស់ ភ្នំពេញ ប៉ុស្តិ៍ ដោយផ្អែកលើការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គឺចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគឯកជន (ទាំងក្នុងតំបន់សេដ្ឋកិច្ច និងក្រៅតំបន់សេដ្ឋកិច្ចពិសេស) សរុប ៩១ ក្រោមទុនវិនិយោគ ៩២៤,២៤ លានដុល្លារ និងអាចបង្កើនការងារបាន ១០៨ ៨១០ កន្លែង។
យោងតាម CDC គម្រោងដែលបានអនុម័តនៅក្នុងឆមាសទី ១ គឺមានក្នុងវិស័យជាច្រើនដូចជា រោងចក្រផលិតសម្បកកង់រថយន្ត ផលិតស៊ីម៉ងត៍ កែច្នៃផលិតផលកសិកម្មកាត់ដេរសម្លៀកបំពាក់, ស្បែកជើង, កាបូបធ្វើដំណើរ, បន្ទះសូឡា, ផលិត ផ្គុំ និងដំឡើងសម្ភារអេឡិចត្រូនិកអគ្គិសនី, គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍, កសិដ្ឋានចិញ្ចឹមគោពូជ, គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម, រោងចក្រកែច្នៃកសិផល, រោងចក្រផលិតកេសកាតុង សម្ភារកីឡា សម្ភារវេចខ្ចប់ និងផលិតគ្រឿងសង្ហារិម ជាដើម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៤ ខែកក្កដាថា ការទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិន ក្នុងស្រុក និងបរទេសឱ្យបញ្ចេញទុនមកបើករោងចក្រ/សហគ្រាស និងអាជីវកម្ម នៅកម្ពុជាក្នុងដំណាក់កាលសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ពេលនេះ គឺបញ្ជាក់ថា កម្ពុជាគឺជាកន្លែងដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើគ្រប់វិស័យ។
លោកបន្តថា សម្រាប់កត្តាចម្បងៗដែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់វិនិយោគិន គឺកត្តាភូមិសាស្ត្រស្ថិតនៅចំកណ្តាលតំបន់អាស៊ាន, ច្បាប់វិនិយោគអំណោយផល, សម្បូរកម្លាំងពលកម្ម, សម្បូរវត្ថុធាតុដើម ជាពិសេសមានទីផ្សារនាំចេញច្រើន។ បន្ថែមលើនេះកម្ពុជាក៏មានប្រព័ន្ធអនុគ្រោះពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសធំៗ ដែលអាចជួយឱ្យការនាំចេញទំនិញទៅប្រទេសទាំងអស់នោះទទួលបានភាពអនុគ្រោះពន្ធ។
លោកថ្លែងថា៖ «ដោយសារស្ថិតក្នុងដំណាក់កាលលំបាកកម្ពុជានៅតែអាចទទួលបានការបណ្តាក់ទុនថ្មីៗ ដូច្នេះខ្ញុំមានសុទិដ្ឋិនិយមថា នៅពេលសេដ្ឋកិច្ច និងនយោបាយពិភពលោកល្អឡើងវិញ គឺកម្ពុជានឹងទទួលបានការមកបណ្តាក់ទុនកាន់តែច្រើន»។ លោកបានបន្តថា៖ «អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ គឺគម្រោងដែលមកបណ្តាក់ទុនរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ មានលក្ខណៈកាន់តែចម្រុះ និងភ្ជាប់ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប»។
លោកអះអាងថា នៅពេលមានការវិនិយោគចម្រុះកាន់តែច្រើន គឺមិនត្រឹមតែធ្វើឱ្យកម្ពុជាមានទីផ្សារនាំចេញកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់-បន្ថយការនាំចូលពី និងជួយឱ្យចន្ទល់សេដ្ឋកិច្ចជាតិរឹងមាំផងដែរ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា គម្រោងជិត ១០០ ដែល CDC អនុម័តក្នុងឆមាសទី១ គឺបង្ហាញពីជំនឿចិត្តរបស់វិនិយោគិនចំពោះស្ថានភាពនយោបាយ និងសេដ្ឋកិច្ចកម្ពុជា។ ចំនួននេះនឹងហក់ឡើងកាន់តែខ្ពស់នៅពេលសេដ្ឋកិច្ចពិភពលោកល្អប្រសើរវិញ។
លោកបញ្ជាក់ថា៖ «ទោះបីវិបត្តិសេដ្ឋកិច្ចពិភពលោកធ្វើឱ្យរោងចក្រមួយចំនួននៅកម្ពុជាបិទទ្វារ ប៉ុន្តែការបើកដំណើរការថ្មីៗ គឺនៅតែច្រើន»។
ក្នុងឆ្នាំ ២០២២ គម្រោងវិនិយោគចំនួន ១៣២ ត្រូវបាន CDC អនុម័ត កើន ២៤ គម្រោងបើធៀបឆ្នាំ ២០២១។ គម្រោងទាំងអស់ទុនវិនិយោគ ៣ ២៣០ លានដុល្លារ កើនឡើង ៨៧,៩ ភាគរយ និងបង្កើតការងារបាន ១២,២ ម៉ឺននាក់។ នេះបើតាមឯកសារនិន្នាការសេដ្ឋកិច្ចកម្ពុជា ប្រចាំឆ្នាំ ២០២២៕