ភ្នំពេញៈ កម្ពុជាបាននាំចេញផលិតផលដំឡូងមីប្រមាណជិត ១,២ លានតោន ទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ ក្នុងរយៈពេល ៥ ខែ ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ ២០២៣ ក្នុងនោះ ប្រទេសវៀតណាមជិត ៣៥ ម៉ឺនតោន និងប្រទេសថៃ ជិត ៨៣ ម៉ឺនតោន។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកញ្ញា អុឹម រចនា បានប្រាប់ឱ្យដឹងថា ដំឡូងមីនៅកម្ពុជា ភាគច្រើនគឺនាំចេញទៅកាន់ប្រទេសថៃ ដោយក្នុងនោះដំឡូងមីស្រស់នាំចេញបាន ៧៥១ ៦០០តោន, ចំណិតដំឡូងមីក្រៀម ចំនួន ៧១ ២៥០តោន និងកាកសំណល់ដំឡូងមី ចំនួន ៧ ១០០តោន។ ដោយឡែកការនាំចេញទៅខាងវៀតណាមវិញ កម្ពុជានាំចេញដំឡូងមីស្រស់បាន ១៨៤ ៨៦០តោន, ចំណិតដំឡូងមីក្រៀម១២៤ ៧៥០តោន និងកាកសំណល់ដំឡូងមី ៣៩ ៨០០ តោន។
លោក ហេង សិទ្ធិ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី៥ ខែកក្កដា ដែរថា បច្ចុប្បន្ននេះកសិករកំពុងតែដាំដុះដំឡូងមីថ្មី ដោយដំឡូងមីឆ្នាំមុន បានប្រមូលផលអស់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មកម្ល៉េះ ខណៈដែលដំឡូងមី ដែលសៃឡូនាំចេញសព្វថ្ងៃនេះ ជាដំឡូងមីដែលសេសសល់ពីឆ្នាំមុន។
លោកបានបញ្ជាក់ថា៖«កសិករយើងបានចាប់ផ្តើមដាំដុះដំឡូងមីសម្រាប់ឆ្នាំនេះហើយ ដោយបានចាប់ផ្តើមកាលពីខែមីនាមកម្ល៉េះ។ខេត្តបាត់ដំបងបានដាក់ផែនការឆ្នាំនេះ គឺ១៣ម៉ឺនតោន ខណៈដែលគិតត្រឹមខែកក្កដានេះ ការដាំដុះដំឡូងមីទើបតែបានជាង៧ម៉ឺនហិកតាប៉ុណ្ណោះ ខណៈដែលកសិករបាននិងកំពុងដាំដុះបន្តបន្ទាប់»។
លោកបានបន្ថែមថា ការដាំដុះដំឡូងមីរដូវកាលថ្មីនេះ បានរងផលប៉ះពាល់ដោយសារ ការប្រែប្រួលអាកាសធាតុខ្លះដែរ ខណៈដែលលោកកំពុងតែធ្វើរបាយការណ៍ផលប៉ះពាល់នេះ ពីតាមការិយាល័យផលិតកម្មស្រុកនានា។
ជាមួយគ្នានេះ អ្នកស្រី អេម សោភ័ណ្ឌ ម្ចាស់សៃឡូ ហ៊ីង សោភ័ណ្ឌ នៅខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងដែរថា រដូវប្រមូលផលនៅឆ្នាំនេះ (ខែវិច្ឆកា ឆ្នាំ២០២២-ខែមេសា ឆ្នាំ២០២៣) ការប្រមូលទិញអាចនឹងបានតិចជាងរដូវមុន ដោយសារតែការចុះកុងត្រាទិញពីខាងថៃមានចំនួនតិច រីឯកសិករ នៅក្នុងខេត្តបាត់ដំបងភាគច្រើន បានងាកទៅដាំដំណាំពោតវិញ។
អ្នកស្រី បានបញ្ជាក់ថា៖«ខាងឈ្មួញថៃ គេចុះកុងត្រាជាមួយយើងតិចឆ្នាំនេះ ដោយសារមានបញ្ហាពីខាងចិន កាត់បន្ថយការបញ្ជាទិញដែរ ទើបថៃគេបន្ថយជាមួយយើងដែរ។ម្យ៉ាងវិញទៀត កសិករយើងគាត់ងាកទៅដាំពោតច្រើនជាងដំឡូងឆ្នាំនេះ ដោយសារពោតបានថ្លៃជាង»។
កសិករដាំដុះដំឡូងមី នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង អ្នកស្រី ចាន់ វណ្ណី ក៏បានឱ្យដឹងផងដែរថា ការប្រមូលផលដំឡូងមី អាស្រ័យទៅតាមពូជ ដោយពូជខ្លះ អាចប្រមូលផលបាន ក្រោយដាំដុះរយៈពេល៨ខែ និងពូជខ្លះទៀត១ឆ្នាំ តែអ្នកនៅតំបន់ជាមួយអ្នកស្រីភាគច្រើនដាំប្រភេទពូជ១ឆ្នាំ ដោយសារថៃនិយមទិញពូជនេះ។
អ្នកស្រីថា៖«ខាងខ្ញុំបានចាប់ផ្តើមដាំដុះដំឡូងមី តាំងពីខែកុម្ភៈមកម្ល៉េះ និងបានជួបបញ្ហាខ្លះដែរ ដោយសាររាំងស្ងួតពេក ខ្វះទឹកធ្វើឱ្យដំឡូងមីលូតលាស់មិនសូវល្អ។ តែមិនខូចខាតខ្លាំងពេកទេ ខ្ញុំរំពឹងថា មានភ្លៀងខ្លះមក នឹងអាចធ្វើឱ្យដំឡូងមីល្អឡើងវិញ»។
កាលពីដើមខែមករា ឆ្នាំ២០២៣ នៅក្នុងពិធីបើកវេទិកាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តក្វាងស៊ី)» អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាមួយភាគីចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ក្នុងគោលដៅជំរុញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារចិន ក្នុងនោះនឹងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជា ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២២-២០២៣នេះ៕