មន្ត្រី​ជាន់​ខ្បស់​ផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) បានឱ្យដឹងថា ជាមួយនឹង​ប្រាក់កម្ចី​ពី​ធនាគារ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិនិយោគ​អាស៊ី (AIIB)​ ចំនួន​ ១០០ លាន​ដុល្លារ​ ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​ នឹង​ផ្តល់​លទ្ធភាព​បន្ថែមទៀត​ ដល់​ធនាគារ​មួយ​នេះ ក្នុងការ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ នៅក្នុង​ប្រទេស​កម្ពុជា ហើយនឹង​ទទួលបាន​ការជឿទុកចិត្ត​កាន់តែច្រើន​ពី​វិនិយោគិន​សាធារណៈ​។​

​យោងតាម​ឯកសារ​របស់​ធនាគារ​ ដែល​ផ្ញើ​ទៅ​ CSX នៅ​ថ្ងៃទី​៣០ ខែមិថុនា ធនាគារ​អេស៊ីលីដា នឹង​ទទួលបាន​ប្រាក់កម្ចី​ប្រមាណ ១០០​ លាន​ដុល្លារ ពី​ធនាគារ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិនិយោគ​អាស៊ី (AIIB)​ ដើម្បី​ពង្រីក​ឥណទាន​របស់ខ្លួន​ដល់​មីក្រូ សហគ្រាស​ធុន​តូច និង​មធ្យម (MSMEs)​។​ ប្រាក់កម្ចី​នេះ ​នឹងមាន​រយៈពេល ៥ ​ឆ្នាំ​ ជាមួយនឹង​អត្រា​ការប្រាក់​ចាប់ពី​៨,៨ ភាគរយ​ដល់ ​១១ ​ភាគរយ (​ការប្រាក់ និង​ថ្លៃ​សេវា​)​។​

​ធនាគារ​មួយ​នេះ ​បានឱ្យដឹង​នៅក្នុង​ឯកសារ​នេះ​ថា​៖ «​ធនាគារ​នេះ​ (Acleda) នឹង​ផ្តល់​ប្រាក់កម្ចី​ថ្មី ​ដល់​មីក្រូ​សហគ្រាស​ធុន​តូច និង​មធ្យម​។ កម្ចី​នេះ ​មាន​រយៈពេល​វែង​គឺ​ដើម្បី​គាំទ្រ​ដល់​កំណើន​ជា​យុទ្ធសាស្ត្រ និង​ការធ្វើ​ពិពិធ​កម្ម​ប្រភព​មូលនិធិ​ស្របតាម​ផែនការ​របស់​ធនាគារ​»​។​

​លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​៥ ខែកក្កដា​ ថា ជាមួយនឹង​យុទ្ធសាស្ត្រ​កំណើន​នៃ​ក្រុមហ៊ុន​នីមួយៗ​ តែងតែមាន​ប្រភព​មូលនិធិ​ផ្សេងៗ ​ដើម្បី​គាំទ្រ​ដល់​កំណើន​របស់​ពួកគេ​ តាមរយៈ​ការខ្ចី និង​ការចុះបញ្ជី​នៅលើ​ទីផ្សារ​មូលធន​។ ទោះជា​យ៉ាងណាក៏ដោយ បំណុល​ទាំងអស់​ត្រូវបាន​គ្រប់គ្រង​យ៉ាងច្បាស់​លាស់ និង​អាច​គ្រប់គ្រង​បាន ដើម្បី​ចៀសវាង​ហានិភ័យ​ណាមួយ​ចំពោះ​ក្រុមហ៊ុន​។​

​លោក​ថ្លែងថា​៖«​ជាការ​ប្រសើរ​ណាស់ ប្រសិនបើ​ក្រុមហ៊ុន​ណាមួយ ​មាន​ប្រភព​មូលនិធិ​ជាច្រើន​ ដើម្បី​គាំទ្រ​ដល់​កំណើន​អាជីវកម្ម​របស់​ពួកគេ​នោះ​។ ដូច្នេះ តាមរយៈ​ការចុះបញ្ជី​នៅលើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ផ្តល់ឱ្យ​ពួកគេ​នូវ​ភាពជឿជាក់​ដ៏​ល្អ​មួយ ក្នុងការ​ទទួលបាន​ប្រាក់កម្ចី ឬ​ផ្តល់​ប្រាក់កម្ចី​ពី​ធនាគារ​ផ្សេងទៀត ​យ៉ាង​ងាយស្រួល ជាពិសេស​ធនាគារ​បរ​ទេស ​ដែល​នឹង​ផ្តល់​ឱ្យ​ពួកគេ​នូវ​អត្រា​ការប្រាក់​ទាប​។ ដូច្នេះ បំណុល​នេះ​នឹង​ជួយ​ក្រុមហ៊ុន​ឱ្យ​រីកចម្រើន​បន្ថែមទៀត ដោយសារ​ពួកគេ​មាន​សមត្ថភាព​បន្ថែមទៀត​ ក្នុងការ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​»​។​

​លោក​លើកឡើងថា​៖ «​ទោះជា​យ៉ាងណាក៏ដោយ ​ក៏​ក្រុមហ៊ុន​ ត្រូវតែ​ធ្វើឱ្យ​ប្រាកដថា កម្រិត​បំណុល​ត្រូវតែ​អាច​គ្រប់គ្រង​បាន ហើយ​នឹងមិន​នាំឱ្យមាន​ហានិភ័យ​ណាមួយកើតឡើង​ឡើយ​។ ដូច្នេះ ប្រសិនបើ​ក្រុមហ៊ុន​អាច​ប្រើប្រាស់​បំណុល​បាន​យ៉ាងច្បាស់​លាស់ វា​នឹង​រួមចំណែក​ដល់​យុទ្ធសាស្ត្រ​កំណើន​របស់​ក្រុមហ៊ុន​។ ការណ៍​នេះ​ នឹង​ផ្តល់​មុខមាត់​ដ៏​ល្អ​ សម្រាប់​ក្រុមហ៊ុន​ដែល​បាន​​ចុះបញ្ជី​ណាមួយ ព្រោះ​ពួកគេ​អាច​ទាក់ទាញ​ការចាប់អារម្មណ៍​កាន់តែច្រើន​ពី​វិនិយោគិន​សាធារណៈ​»​។​

​បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​សាខា​ចំនួន ៤ ដូចជា វិទ្យាស្ថាន​ធុរកិច្ច អេស៊ីលីដា អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី ក្រុមហ៊ុន ACLEDA Bank Lao Ltd ក្រុមហ៊ុន ACLEDA MFI Myanmar Co., Ltd ​ព្រមទាំង​ការិយាល័យ​តំណាង ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​ ផងដែរ​។

ត្រឹម​ចុងខែ​មីនា ឆ្នាំ​២០២៣ ធនាគារ​អេស៊ីលីដា​ មានទ្រព្យ​សកម្ម​សរុប​ចំនួន​ ៩,៤៤​ ពាន់​លាន​ដុល្លារ ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៦,៥៨ ពាន់​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ​៦,៧៩ ​ពាន់​លាន​ដុល្លារ​ អាមេរិក ដែលមាន​អតិថិជន​ជាង ​៤,០៧​ លាន​នាក់​។​ នៅ​ចុងខែ​មេសា ឆ្នាំ​២០២៣ ធនាគារ​មួយ​នេះ​ មាន​អតិថិជន​ប្រើប្រាស់ អេស៊ីលីដា​ម៉ូ​បាល​ចំនួន ២,៧៦ លាន​នាក់ និង​អាជីវកម្ម​ចំនួន ២៤០,០០០៕LA