ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម នៅតែបង្ហាញសញ្ញាវិជ្ជមាន នៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ២០២៣ ដោយមានទឹកប្រាក់សរុបជិត ២,៩ ពាន់លាន ដុល្លារ កើនជិត ៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈការនាំទំនិញពីកម្ពុជា ទៅវៀតណាម កើនជិត ២៣ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ពីខែមករា-ខែឧសភា ឆ្នាំ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេស ដែលមានព្រំដែនជាប់គ្នានេះ មានទឹកប្រាក់សរុប ២ ៨៧០,៥៩ លានដុល្លារ កើនឡើង ២,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមាន ២ ៧៨៩,៤១ លានដុល្លារ។ តុល្យភាពនៃជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំង ២ គឺកម្ពុជា មានឱនភាពប្រមាណ ២២២,៨៩ លានដុល្លារ ដែលចំនួននេះ គឺល្អប្រសើរច្រើន បើធៀបរវាងរយៈពេល ៥ ខែដើមឆ្នាំ២០២២/២០២១ ដែលមានរហូតដល់ ៦៣១,៣៩ លានដុល្លារ។ វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់កម្ពុជា ដោយតាមពីក្រោយប្រទេសចិន និងអាមេរិក។
បើតាមតារាងខាងលើគឺការនាំចេញទំនិញពីកម្ពុជា ទៅវៀតណាម មានទឹកប្រាក់ ១ ៣២៣,៨៥ លានដុល្លារ កើនឡើង ២២,៧ ភាគរយពីចំនួន ១ ០៧៩,០១ លានដុល្លារ និងទំនិញវៀតណាម នាំមកកម្ពុជា ១ ៥៤៦,៧២ លានដុល្លារ ធ្លាក់ចុះ ៩,៦ ភាគរយ ពីចំនួន ១ ៧១០,៤ លានដុល្លារ។
ដោយឡែកសម្រាប់ខែឧសភា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់ ៤៤០,១៥ លានដុល្លារ ធ្លាក់ចុះ ៩,៦ ភាគរយពីចំនួន ៤៨៦,៨៨ លានដុល្លារ ពីខែឧសភា ឆ្នាំ២០២២។ ក្នុងនោះកម្ពុជា នាំទំនិញទៅវៀតណាម ១៤២,៣៩ លានដុល្លារ កើនឡើង ៤០ ភាគរយ និងវៀតណាម នាំទំនិញមកកម្ពុជា ២៩៧,៧៦ លានដុល្លារ ធ្លាក់ចុះ ២២,៧ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៦ ខែកក្កដា ថា ទោះបីក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនល្អ ដែលធ្វើឱ្យការផ្លាស់ប្តូរទំនិញរវាងប្រទេសភាគច្រើនធ្លាក់ចុះ ប៉ុន្តែសម្រាប់ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺនៅតែរក្សាបានកំណើនជាបន្តបន្ទាប់ ពិសេស ការនាំចេញរបស់កម្ពុជា។ កំណើនទឹកប្រាក់នាំចេញទំនិញពីកម្ពុជា ទៅវៀតណាម គឺភាគច្រើនបានមកពីការនាំចេញផលិតផលកសិកម្ម ព្រោះទិន្នផលដែលកម្ពុជា ប្រមូលបាន គឺកើនឡើងជារៀងរាល់ឆ្នាំ។ លោកបន្តថា ពាណិជ្ជកម្មរវាងប្រទេសមានព្រំដែនជាប់គ្នាទាំង ២ នឹងបន្តកើនឡើងថែមទៀត ខណៈថ្មីៗ នេះ រដ្ឋាភិបាលនៃប្រទេសទាំង ២ បានទើបព្រមព្រៀងគ្នាស្តីពីចរាចរណ៍នៃទំនិញឆ្លងដែនប្រទេសទាំង ២។
លោកបានបញ្ជាក់ថា៖«ពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងបន្តកើនឡើងបន្ថែមទៀត នាពេលខាងមុខ ពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅប្រទេសវៀតណាម»។ លោកលើកឡើងទៀតថា បច្ចុប្បន្ននេះរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជា ក៏កំពុងខិតខំជំរុញការវិនិយោគលើរោងចក្រកែច្នៃក្នុងស្រុក ឱ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលនាំចេញផលិតផលសម្រេច និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម។
យោងតាមលោក លឹម ហេង ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិ ចំណែកវៀតណាម នាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បាននិយាយថា ក្នុងនាមជាប្រទេសមានព្រំដែនជាប់គ្នា និងមានទំនាក់ទំនងការទូតល្អ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ ពិសេសការនាំចេញរបស់កម្ពុជា។ ការកើនឡើងនៃសមត្ថភាពផលិតកម្មក្នុងស្រុក បានធ្វើឱ្យកម្ពុជាមានសមត្ថភាពកាន់តែខ្លាំង ក្នុងការបំពេញឱ្យតម្រូវការក្នុងស្រុក និងជំរុញការនាំចេញ ពិសេសប្រទេសជិតខាង។ លោកបន្តថា ដោយសារប្រទេសទាំង ២ មានព្រំដែនជាប់គ្នា ដូច្នេះទំហំទឹកប្រាក់ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ អាចមានខ្ពស់ជាងនេះច្រើន។
លោកបន្ថែមថា៖«កំណើនពាណិជ្ជកម្មទ្វេភាគីពិសេសការនាំចេញរបស់កម្ពុជា ដែលកើនឡើងជាបន្តបន្ទាប់នេះ គឺដោយសារបរិមាណ និងគុណភាពនៃផលិតផលកម្ពុជា មានភាពកាន់តែប្រសើរ ពិសេសផលិតផលកសិកម្ម»។
ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦ ១៣៥,៧៦ លានដុល្លារ កើនឡើង ១៩,៦ ភាគរយ ធៀបឆ្នាំ២០២១។ ក្នុងនោះកម្ពុជានាំទំនិញទៅវៀតណាម មានទឹកប្រាក់ ២ ១៦៨,៦១៩ លានដុល្លារ កើនឡើង ៩,២ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ៣ ៩៦៧,១៤១៣ លានដុល្លារ កើនឡើង ២៦,២ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕