ភ្នំពេញៈ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលគ្រប់គ្រងដោយរដ្ឋ រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើផ្សេងទៀត បានសហការគ្នាផ្តល់មូលនិធិបន្ថែមដល់ដើម្បីផ្តល់ទៅមីក្រូសហគ្រាសធុនតូច និងមធ្យម (MSMEs) ក្នុងការទទួលបានប្រភពមូលនិធិបន្ថែម។
កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសពីការអនុវត្តប្រកាសស្តីពីហានិភ័យឥណទានសម្រាប់កម្រិតភាពគ្រប់គ្រាន់មូលធននៅក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃដដែលអំពីប្រកាសនេះ NBC បានបញ្ជាក់ថា គោលបំណងរបស់ប្រកាសនេះ គឺដើម្បីអភិវឌ្ឍការថ្លឹងថ្លែងហានិភ័យឥណទានដ៏ទូលំទូលាយ ដែលប្រែប្រួលទៅតាមប្រភេទឥណទាន អ្នកខ្ចី ឬសមភាគី និងឆ្លុះបញ្ចាំងពីកម្រិតនៃហានិភ័យដែលគ្រឹះស្ថានហិរញ្ញវត្ថុអាចប្រឈមមុខយ៉ាងពិតប្រាកដ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ។
CGCC បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ៣ ខែកក្កដា ដែលដកស្រង់សម្ដី NBC ដោយលើកឡើងថា ការអនុវត្តវិធានការប្រុងប្រយ័ត្ន និងមានតុល្យភាពល្អ និងការគិតគូរដោយប្រុងប្រយ័ត្នដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្ររដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយពាក់ព័ន្ធរួមទាំងការយកចិត្តទុកដាក់ជាពិសេសចំពោះការគាំទ្រ CGCC ជាមួយនឹងការថ្លឹងថ្លែងហានិភ័យសូន្យភាគរយនៅលើផ្នែករងផលប៉ះពាល់ដែលត្រូវបានធានាក្នុងបំណងជួយសម្រួលដល់មីក្រូសហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានប្រភពមូលនិធិបន្ថែម។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «CGCC គឺជាសាជីវកម្មធានាឥណទានដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងដោយការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសហគ្រាសគ្រប់គ្រងដោយរដ្ឋ ក្រោមអាណាព្យាបាលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC នឹងផ្តល់ការធានាឥណទានដល់អ្នកផ្តល់ប្រាក់កម្ចីលើប្រាក់កម្ចីដែលធ្វើឡើងដល់អាជីវកម្មដោយផ្អែកលើស្តង់ដាអន្តរជាតិដើម្បីចែករំលែកហានិភ័យជាមួយអ្នកឱ្យខ្ចី និងកែលម្អបរិយាប័ន្នហិរញ្ញវត្ថុ»។
លោក តូច ចៅចេក អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជាដែលក៏ជា PFIs ផងដែរ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២ ខែកក្កដាថា ប្រកាសថ្មីនេះ កំណត់តម្លៃគោល និងស្តង់ដាច្បាស់លាស់បន្ថែមទៀតសម្រាប់ការគណនាទ្រព្យសកម្មដែលថ្លឹងថ្លែងហានិភ័យ។ លោកបន្តថា ឧបករណ៍នេះនឹងបង្កើនសន្តិសុខ ក៏ដូចជាភាពគ្រប់គ្រាន់នៃដើមទុន និងភាពធន់ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។
ដោយផ្តល់នូវឧទាហរណ៍ដោយប្រើគោលការណ៍ណែនាំរបស់ឯកសារនេះ លោក ចៅចេក បានបញ្ជាក់ថា មូលសញ្ញាបណ្ណរដ្ឋ ត្រូវបានទទួលស្គាល់ថា មានហានិភ័យតិចជាងមូលបត្រផ្សេងទៀត។
នៅក្នុងឧទាហរណ៍មួយទៀត លោក ចៅចេក បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម (SME) ដែលត្រូវបានចុះបញ្ជីត្រឹមត្រូវ និងស្វែងរកប្រាក់កម្ចី ដោយមានជំនួយពី CGCC ដែលជាសាជីវកម្មធានាឥណទានគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសកម្ពុជា មានហានិភ័យតិចជាងដៃគូរបស់ពួកគេដែលមិនបានចុះបញ្ជី។
យោងតាមប្រកាសនេះ NBC បានបង្ហាញការគាំទ្រសម្រាប់ការផ្តល់ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូច ដោយកត់សម្គាល់ថា ការថ្លឹងថ្លែងហានិភ័យនៃតម្លៃគោលត្រូវបានកាត់បន្ថយមកត្រឹម ៧៥ ភាគរយសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីត្រឹមត្រូវ ហើយដែលអាចធ្វើរបាយការណ៍ហិរញ្ញវត្ថុសមស្រប៕