ត្បូងឃ្មុំៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានធ្វើការជំរុញដល់ប្រជាកសិករឱ្យ ប្រើប្រាស់ពូជស្រូវសុទ្ធដែលមានផលិតភាពខ្ពស់ ដើម្បីផ្តល់ទំនុកចិត្តពីអ្នកទិញ និងទទួលបានតម្លៃស្រូវខ្ពស់ផងដែរ។
ការជំរុញបែបនេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០ តោន និងបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រវែង ៩ ៧៧៤ ម៉ែត្រ នៅក្នុងសហគមន៍កសិកម្មតំបែររុងរឿង ក្នុងភូមិត្រពាំងឫស្សី ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមគម្រោងខ្សែចង្វាក់ផលិតកម្មដោយភាតរបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមក្រសួងកសិកម្មកាលពីថ្ងៃទី ៥ ខែកក្កដា បានឱ្យដឹងថា ក្នុងពិធីសម្ពោធឃ្លាំងស្តុកស្រូវនោះ លោក ឌិត ទីណា បានលើកឡើងថា រដ្ឋាភិបាលបាននិងកំពុងគិតគូរដល់ប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាព ដែលសមិទ្ធផលទាំងនេះ នឹងជួយឱ្យប្រជាពលរដ្ឋមានលទ្ធភាព មានប្រាក់ចំណេញ មាននិរន្តរភាពសេដ្ឋកិច្ច និងជីវភាពល្អប្រសើរ។
លោកបញ្ជាក់ថា៖ «ចំពោះឃ្លាំងស្តុកស្រូវមានលទ្ធភាពស្តុកស្រូវដល់ ១០០ តោន ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នេះគឺអាចលក់ស្រូវស្ងួត ដែលទទួលបានតម្លៃខ្ពស់ជាងស្រូវសើម។ រីឯផ្លូវដែលបានបើកការដ្ឋានសាងសង់នាពេលនេះ ក៏នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនយើងឱ្យកាន់តែមានភាពងាយស្រួល និងជួយដល់ការដឹកជញ្ជូនទិន្នផលកសិកម្មឱ្យកាន់តែរហ័ស ជាពិសេសជួយបង្កើនតម្លៃកសិផលផងដែរ»។
លោករដ្ឋមន្ត្រី ក៏ជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធដែលមានផលិតភាពខ្ពស់មានទីផ្សារ ដើម្បីផ្តល់ទំនុកចិត្តពីអ្នកទិញ និងអាចលក់បានក្នុងតម្លៃស្រូវខ្ពស់ថែមទៀត ខណៈលោកក៏បានណែនាំឱ្យមានការយកចិត្តទុកដាក់លើប្រឡាយទឹកសម្រាប់ធ្វើស្រែបានទាំងអស់គ្នាគឺជារឿងសំខាន់មួយ។
ជុំវិញការជំរុញនេះ លោក មួង ឡាំងអៃ អ្នកបច្ចេកទេសផ្នែកដំណាំស្រូវរបស់អង្គការ Gret បានបង្ហាញការគាំទ្រ ខណៈលោកថា កាលណាមានការប្រើប្រាស់គ្រាប់ពូជស្រូវសុទ្ធ នឹងធ្វើឱ្យប្រជាកសិករអាចទទួលបានទិន្នផលខ្ពស់ក្នុងបរិមាណពី ៥ % ទៅ ២០% និងជួយកាត់បន្ថយការចំណាយគ្រាប់ពូជច្រើន។
លោកបានប្រាប់ឱ្យដឹងថា៖ «តាមរយៈការប្រើប្រាស់គ្រាប់ពូជសុទ្ធ គឺធ្វើឱ្យការដុះលូតលាស់នៃដំណាំស្រូវរហូតដល់ពេលប្រមូលផល គឺមានលក្ខណៈស្មើគ្នាល្អ កាត់បន្ថយស្មៅដុះក្នុងស្រែ ស្រូវដុះមកមានការលូតលាស់ល្អ រឹងមាំ ហើយគុណភាពគ្រាប់អង្ករ ក៏មានភាពសុទ្ធខ្ពស់ ភាពបាក់នៃគ្រាប់អង្ករមានកាន់តែតិច ដែលបង្កលក្ខណៈងាយស្រួលដល់ការនាំចេញ និងទទួលបានតម្លៃទីផ្សារខ្ពស់»។
អ្នកជំនាញកសិកម្ម លោក មួង ឡាំងអៃ ក៏បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋាន បង្កើនការផ្សព្វផ្សាយដល់ប្រជាកសិករឱ្យកាន់តែខ្លាំងបន្ថែមទៀត ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ពូជស្រូវសុទ្ធដើម្បីឱ្យពួកគាត់ងាកមកផ្លាស់ប្តូរដាំដុះពូជស្រូវសុទ្ធ និងបង្កើនបរិមាណនាំចេញអង្ករឱ្យបានកាន់តែច្រើន។
បើតាមរបាយការណ៍របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា កាលថ្ងៃទី ៨ ខែមិថុនាកន្លងទៅ បានបង្ហាញថា ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ២៧៨ ១៨៤ តោន និងស្រូវ ២ ១៤២ ៤៨៣ តោន ទទួលបានថវិកាចំនួន ៧៣៦,៩០ លានដុល្លារ។ ការនាំចេញនេះអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣, ៤៩%, អង្ករសចំនួន ១០, ៨៧%, អង្ករចំហុយ ៣,៧១% និងអង្ករសរីរាង្គចំនួន ១,៩៣% ។
ក្រៅពីការជំរុញឱ្យមានការប្រើប្រាស់ពូជស្រូវសុទ្ធ លោកឌិត ទីណា ក៏បានឱ្យដឹងដែរថា នៅអាណត្តិក្រោយនេះ រាជរដ្ឋាភិបាលនឹងមានការដាក់មន្ត្រីជំនាញកសិកម្មតាមឃុំ នៅក្បែរប្រជាពលរដ្ឋ ដើម្បីចូលរួមជួយលើបច្ចេកទេសកសិកម្ម និងដោះស្រាយបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងកសិកម្មឱ្យបានទាន់ពេលវេលា ឱ្យមានការចំណាយតិច ចំណេញច្រើនមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច៕