ភ្នំពេញៈ អង្គការអុកស្វាម និង វិស័យសាធារណៈ រួមជាមួយវិស័យឯកជន បានសហការគ្នារៀបចំវេទិកាធុរកិច្ច ក្រោមប្រធានបទ «រួមគ្នាដើម្បីភាពរីកចម្រើនរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា» ដើម្បីលើកកម្ពស់សហគ្រិន និងពាណិជ្ជករកម្ពុជាទាំងអស់ប្រកបរបរអាជីវកម្មដោយបរិយាប័ន្ន និងការទទួលខុសត្រូវ។
វេទិកានេះមានការចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យមគ្រឹះស្ថានហិរញ្ញវត្ថុ សភាពាណិជ្ជកម្ម សមាគមធុរកិច្ច អង្គការមិនមែនរដ្ឋាភិបាល អ្នកវិនិយោគធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍សរុបជាង១៥០នាក់។ នេះបើតាមសេចក្ដីព័ត៌មានរបស់អង្គការអុកស្វាម ដែលចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា វេទិកានេះដែរ ក៏រៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកអំពីការអនុវត្ត និងមេរៀនពិសោធន៍ល្អៗដែលទទួលបាន និងបញ្ហាប្រឈមរបស់អាជីវកម្មប្រកបដោយចីរភាពដោយផ្អែកលើពីទស្សនទានរបស់តួអង្គផ្សេងៗគ្នារួមមានវិស័យឯកជន វិស័យសាធារណៈ និងទស្សនៈរបស់គ្រឹះស្ថានហិរញ្ញវត្ថុ។ មួយវិញទៀតដើម្បីធ្វើបច្ចុប្បន្នភាពជុំវិញសកម្មភាពអាជីវកម្មបែបចីរភាព ស្តង់ដា/គោលការណ៍ណែនាំស្ដីពីចីរភាព និងដើម្បីជំរុញកិច្ចសហការគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីធ្វើការរួមគ្នាលើការលើកកម្ពស់ចីរភាពនៅកម្ពុជា។
វេទិកានេះក៏ដើម្បីផ្ដល់ឱកាសឱ្យមានភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដើម្បីស្វែងរកដំណោះស្រាយប្រាកដនិយម ក្នុងបំណងជំរុញអាជីវកម្មដែលមានការទទួលខុសត្រូវ បរិយាប័ន្ន និងមានចីរភាព។
ប្រភពដដែលបានបញ្ជាក់ថា៖ «ដូច្នេះវេទិកាថ្ងៃនេះនឹងឆ្លុះបញ្ចាំងពីការអនុវត្តធុរកិច្ចប្រកបដោយនិរន្តរភាព ដែលរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកសុខុមាលភាពសង្គម និងផលជះលើបរិស្ថានផងដែរ»។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជាបានថ្លែងថា ការទទួលយកការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្នមិនត្រឹមតែផ្តល់ភាពជាសារវន្តដើម្បីជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេតែវាដើរតួនាទីកាន់តែសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។ សហគ្រាសធុនតូច និងមធ្យមដែលជាផ្នែកមួយនៃវិស័យឯកជនពិតជាមានតួនាទីសំខាន់ណាស់ក្នុងផ្នែកនេះ ប៉ុន្តែដើម្បីពង្រីក និងអនុវត្តកិច្ចការទាំងនេះបានពួកគេចាំបាច់ត្រូវការកិច្ចគាំទ្រជាប្រាកដដើម្បីអាចដំណើរការទៅបានប្រកបដោយការទទួលខុសត្រូវបរិយាប័ន្ន និងធានាបាននូវនិរន្តភាព។
លោកស្រី បានបញ្ជាក់ថា៖ «អង្គការអុកស្វាមមានជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចសហការរវាងភាពជាដៃគូ រវាងរដ្ឋឯកជនជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលពិតជាអាចរួមចំណែកពង្រឹង និងទាញយកប្រយោជន៍ពីធនធានដែលត្រូវការចាំបាច់ដើម្បីភាពរុងរឿង និងសមភាពទាំងសម្រាប់កម្ពុជា និងតំបន់អាស៊ានទាំងមូល»។
ជាមួយគ្នានេះ លោក ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បានថ្លែងដែរថា ថ្មីនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនវ័យក្មេង ក្នុងការពង្រឹងសមត្ថភាពធុរកិច្ច ជាពិសេសការកសាងសមត្ថភាពសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រាប់ត្រៀមលក្ខណៈជាស្រេចក្នុងការប្រកួតប្រជែងជាមួយធុរកិច្ចនៅក្នុងតំបន់អាស៊ាន និងឆាកអន្តរជាតិជាច្រើន និងចាប់យកឱកាសផ្សេងៗ សម្រាប់អភិវឌ្ឍអាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចការទទួលបានការត្រៀមខ្លួនសម្រាប់ធ្វើជាដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុង និងក្រៅប្រទេស។
លោក ប៉ិច បូឡែន បានឱ្យដឹងថា៖ «សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានទស្សនវិស័យចង់ឃើញ សហគ្រិន និងពាណិជ្ជករកម្ពុជាទាំងអស់ប្រកបរបរ អាជីវកម្មប្រកបដោយបច្ចេកវិទ្យានវានុវត្តន៍ បរិយាប័ន្ន និងមានស្ថិរភាពល្អ ដើម្បីចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសជាតិ»។
ដោយឡែក លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា នៅកម្ពុជាសហគ្រាសធុនតូច និងមធ្យមតំណាងឱ្យអាជីវកម្មដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជាប្រមាណ ៩៩,៨ភាគរយ បានផ្តល់ការងារដល់កម្មករប្រមាណ៧០ភាគរយ និងរួមចំណែកទៅដល់ផលិតផលក្នុងស្រុកសរុប៥៨ភាគរយ។ តួលេខនេះ បានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យម ក្នុងការដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច និងបរិស្ថានរបស់កម្ពុជាតាមរយៈការជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ចាប់យកគោលការណ៍បរិយាប័ន្ន និងនិរន្តភាព។
លោកបន្តថា ចាប់តាំងពីឆ្នាំ២០១៩មក ក្រសួងឧស្សាហកម្មបានបន្តជំរុញគំនិតផ្ដួចផ្ដើមឱ្យចេញជារូបរាងដូចជា លើការងារគោលនយោបាយ រចនាសម្ព័ន្ធផ្លូវការ ប្រព័ន្ធវាយតម្លៃទទួលស្គាល់ យន្តការជំរុញឱ្យក្លាយជាអាជីវកម្មបរិយាប័ន្នជាដើម។ ជាក់ស្ដែងក្រសួងក៏បានដាកបញ្ជូល និងលើកទឹកចិត្តអាជីវកម្មបរិយាប័ន្នកម្មន្តសាលទៅក្នុងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា។
លោកហេង សុខគង់ បញ្ជាក់ថា៖ «សក្តានុពលនៃផលវិជ្ជមានដល់សង្គមសេដ្ឋកិច្ច បង្កើតឡើងដោយក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន មានវិសាលភាពធំក្នុងវិស័យជាច្រើនមិនត្រឹមតែវិស័យកសិកម្ម ប៉ុន្តែក៏ឃើញក្នុងវិស័យថាមពល វិស័យបច្ចេកវិទ្យា វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ វិស័យធានារ៉ាប់រង វិស័យសំណង់ និងវិស័យផ្សេងទៀតៗដែលបាននិងកំពុងសិក្សា»។
លោកបន្ថែមថា នៅក្នុងវេទិកានេះសង្ឃឹមថា នឹងក្លាយជាឱកាសមួយសម្រាប់សម្រាប់កសាងទំនាក់ទំនងដៃគូអាជីវកម្ម ហើយក៏សូមលើកទឹកចិត្តទៅដល់ក្រុមហ៊ុន សហគ្រាសក្នុងស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការកសាងភាពធន់ និងនវានុវត្តន៍អាជីវកម្ម ជាពិសេសចូលរួមកសាងសហគមន៍អាជីវកម្មបរិយាប័ន្នមួយសម្រាប់កម្ពុជា៕