រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​ចាត់ទុកថា កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដែល​បាន​សាងសង់​ឡើង​នៅលើ​ផ្ទៃដី ២២០០០ ម៉ែត្រការ៉េ នឹង​ចូលរួម​ចំណែក​លើក​កម្ពស់​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ ពិសេស​រួមចំណែក​លើកស្ទួយ​វិស័យ​ទេសចរណ៍​តាម​បណ្តាកោះ​នៅក្នុង​ខេត្ត​នេះ​ថែមទៀត។

ក្នុង​ពិធី​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំពង់ផែ​ខាងលើ កាលពី​ថ្ងៃទី ៦ ខែកក្កដា​នេះ លោក ថោង ខុន បាន​ថ្លែងថា នេះ​គឺជា​សម្បទា​ទេសចរណ៍​ដ៏មាន​សារៈសំខាន់ បាន​ផ្តល់នូវ​ភាព​ងាយស្រួល​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ជូន​ដល់​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​បង្កើត​ឱកាស​ការងារ​ជូន​ពលរដ្ឋ។

ពិសេស​ថែមទាំង​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​តាម​បណ្តាកោះ​ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យ​កាន់តែ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​កាន់​តែច្រើន​ថែមទៀត។​

លោក​បាន​បញ្ជាក់ថា៖ «​វិស័យ​ទេសចរណ៍ “​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​” ជា​វិស័យ​អាទិភាព​មួយ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើន​ម៉ាក្រូសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ធ្វើឱ្យមាន​ការប្រែប្រួល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ ពិសេស​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ វិស័យ​ទេសចរណ៍​កម្ពុជា បាន​រីកលូតលាស់​គួរជាទី​មោទនៈ ដោយ​ចាត់ទុកថា​ជា “មាសបៃតង” វា​ដើរតួនាទី​ជា​ចន្ទល់​គន្លឹះ​មួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើន​ចំណូល​ជាតិ ព្រមទាំង​ការបង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជាដើម»។

ឆ្លៀត​ពេលនោះ លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​គិត រួមគ្នា​ធ្វើ រួម​ទទួល​ខុសត្រូវ ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​គ្នា ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ថែមទៀត។

ជុំវិញ​រឿងនេះ​ដែរ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​លើកឡើងថា ការបើក​ឱ្យប្រើ​ប្រាស់​កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​នាពេល​នេះ គឺជា​សក្ខីភាព​បង្ហាញ​ឱ្យឃើញ​ពីការ​ជឿជាក់​របស់​អ្នកវិនិយោគទុន​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​ប្រមុខ​រាជរដ្ឋាភិបាល។​

លោក​បាន​បន្តថា កំពង់ផែ​ទេសចរណ៍​នេះ បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​បង្ហាញ​ក្តី​ជឿជាក់ថា​៖ «​តាមរយៈ​កំពង់ផែ​នេះ នឹងចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​សង្គម​តាមរយៈ​ការបង្កើត​ការងារ ការវិនិយោគ ការកាត់បន្ថយ​ភាពក្រីក្រ​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ ចូលរួម​ការពារ និង​អភិរក្ស​សម្បតិ្តវប្បធម៌ និង​ធនធាន​ធម្មជាតិ​របស់​ប្រទេសជាតិ ពិសេស​លើកកម្ពស់​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​អាទិភាព​នានា​របស់​ជាតិ»។

បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ ខេត្ត​នេះ មាន​កោះ​ចំនួន ៣២ (ដោយ​ក្នុងនោះ មាន​កោះ​ចំនួន ២ ជា​ថ្មដុះ និង​ថ្មប៉ប្រះទឹក​មាន​ចំនួន ៥ កោះ) មាន​ផ្ទៃដី ១៦២,៣៩ គីឡូម៉ែត្រ​ការ៉េ មាន​ឆ្នេរសមុទ្រ​ប្រវែង ១៧៥,៨១ គីឡូម៉ែត្រ​, និង​មាន​ព្រៃកោងកាង ១៣៥០០ ហិកតា ផ្កាថ្ម ១១៩៨ ហិកតា ព្រមទាំង​ស្មៅសមុទ្រ ២៧១០ ហិកតា។​

ជាងនេះ​ទៀត ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ដែល​មាន​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ ព្រោះ​មាន​សក្ដានុពល​រួមមាន កំពង់ផែ​សមុទ្រ​ទឹកជ្រៅ តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ចំនួន ១១ ទីតាំង (៣ កំពុងដំណើរការ និង ៨ ត្រៀម​ដំណើរការ​) អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត​ដែល​ត្រូវបាន​ប្រសិទ្ធ​នាមជា "តារារៈនា​ទិសនិរតី”។

កំពង់ផែ​ខាងលើ គឺមាន​កំពង់ផែ​ចេញ-ចូល​អូ​បរទេស​ចរណ៍​តូច ធំ រហូត ២០ គ្រឿង អាចធ្វើ​ការចេញ​ចូលក្នុង​ពេល​តែមួយ និង​មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន ២២៥ នាក់ លើ​ផ្នែក​សេវាកម្ម​ទេសចរណ៍ ប្រកបដោយ​ភាព​ស៊ីវិល័យ និង​ទំនើប​ថែមទៀត៕​