ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា លទ្ធផលការងារសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់កាលទី១ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្រេចបានជាង ៥០ភាគរយ ដោយបានចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារ។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់នៅថ្ងៃទី៩ ខែកក្កដាថា ការងារសាងសង់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ដែលនេះយោងលើកម្មវិធីការងារមេ (Updated Master Schedule)ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយក្រុមហ៊ុនសាងសង់ CAIC។
លោកបានថ្លែងថា ៖«បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) នឹងមានសមត្ថភាពទទួលបានការចុះចតយន្តហោះរហូតដល់កូដអេហ្វ (Code E: A-340-300, A350-900 នឹង B777- 200/300ER, B747-300/400) ដែលមានចំណតយន្តហោះចំនួន ៣២ចំណត អាចទទួលអ្នកដំណើរបានពី ១៣លានទៅ១៥លាននាក់/ឆ្នាំ (២០២៤) និងអាចទទួលទំនិញតាមផ្លូវអាកាសពី ១៧៥ ០០០ តោន/ឆ្នាំ (២០២៤) ទៅ៣០ ០០០តោន/ឆ្នាំ (២០៣០-២០៤០)»។
រីឯវឌ្ឍនភាពនៃការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣,៥ គីឡូម៉ែត្រវិញ លោកបានបញ្ជាក់ថា សម្រេចបាន ៤៦ភាគរយ ដែលផ្លូវនេះត្រូវបានតភ្ជាប់ពីមហាវិថីសម្ដេចហ៊ុនសែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាសយាន ដ្ឋានអន្តរជាតិតេជោតែម្ដង ។
ដោយឡែក ចំពោះស្ថានភាពនៃវិស័យអាកាសចរណ៍រយៈពេល ៦ខែ ឆ្នាំ២០២៣ លោកស៊ីន ចាន់សិរីវុត្ថា បានប្រាប់ឱ្យដឹងដែរថា ចំនួនអ្នកដំណើរមានចំនួនជាង ២,៤ លាននាក់ (២ ៤៨០ ០៣២)ដែលមានការកើនឡើងជិត ២៧០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។
លោកថ្លែងថា៖ «ចំនួនជើងហោះហើរ មានចំនួន២៤ ៧២៥ ជើង មានការកើនឡើង ជិត ១៥០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា (៦ខែ) នៅឆ្នាំ២០២២ ខណៈដែលចំនួនទំនិញ មានចំនួនជាង ២៤ពាន់តោន (២៤ ៦១៦) មានការថយចុះប្រមាណជាង ១៧ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២»។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងដែរថា នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី)សាងសង់រួចរាល់១០០ភាគរយ វានឹងបង្កលក្ខណៈងាយស្រួលកាន់តែខ្លាំងសម្រាប់ភ្ញៀវអន្តរជាតិ ក្នុងការធ្វើដំណើរមកប្រទេសកម្ពុជា ពិសេសនឹងជំរុញឱ្យមានការតភ្ជាប់ជើងហោះត្រង់មកកម្ពុជា បានកាន់តែច្រើនថែមទៀត ដោយសារតែអាកាសយានដ្ឋានតេជោនេះ មានសមត្ថភាពទទួលយន្តហោះខ្នាតធំច្រើន។
លោកបានបញ្ជាក់ទៀតថា៖«ដូចយើងដឹងហើយថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវគោក ផ្លូវអាកាសនេះ ជាកត្តាសំខាន់ណាស់ក្នុងការជំរុញកំណើនទេសចរមកកាន់កម្ពុជាយើងហើយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំកសាងអាកាសយានដ្ឋានថ្មីៗនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍នានាដើម្បីធ្វើយ៉ាងបង្កលក្ខណៈងាយស្រួលដល់ទេសចរអន្តរជាតិ មកកម្សាន្តនៅកម្ពុជា»៕