ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ការនាំចេញ​កសិផលរ​បស់​កម្ពុជា ទៅកាន់​ទីផ្សារ​ក្រៅ​​ប្រទេស ក្នុង​ឆមាស​ទី​ ១​ ឆ្នាំ​ ២០២៣ ​ដែល​ប៉ាន់ស្មាន​តម្លៃ​គិត​ជា​ទឹកប្រាក់ មាន​ចំនួន​ជាង ២ ៤០០ ​លាន​ដុល្លារ​អាមេរិក​ដែល​តួលេខ​នេះ គិត​តាម​ឯក​តា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំចេញ​។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា បាន​ប្រាប់​ឱ្យដឹងថា ការនាំចេញ​កសិផល​ទៅ​ក្រៅ​ប្រទេស​ដែល​អគ្គនាយកដ្ឋាន​កសិកម្ម​ទទួលបាន ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​​អនាម័យ​ជាតិ ដែលមាន​បរិ​មាណ​សរុប​ជិត​៤​លាន​តោន ក្នុងនោះ​មាន​អង្ករ​ចំនួន ៣២៩ ៦៣៣​តោន​, ស្រូវ​ចំនួន ១ ២២៦ ៤០០​ តោន​។ ដោយ​ឡែក កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​ចំនួន ២ ៣៤៥ ១៨០,៧៧​ តោន ទៅកាន់​ទិសដៅ ៦៧ ​ប្រទេស ដោយមាន​ការថយចុះ​ចំនួន ២២,៥២​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ ។​

​អ្នក​នាំ​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា​៖ «​ការនាំចេញ​ក​សិ​ផល​ក្នុង​ឆមាស​ទី​ ១​ ឆ្នាំ​ ២០២៣ មានការ​ថយចុះ​ដោយសារ វិបត្តិ​សេដ្ឋកិច្ច​សកលលោក​បណ្តា​ល​ឱ្យ​ការបញ្ជាទិញ​ទំនិញ​គ្រប់​ប្រភេទ​មានការ​ថយ​​ចុះ និង​បង្អាក់​ចរន្ត​ពាណិជ្ជកម្ម​»​។​

​កញ្ញា អ៊ឹម រចនា បាន​បន្តថា​៖​ «​កំណើន​នៃ​ការ​ស្រូប​ទាញយក​វត្ថុធាតុដើម​ក្នុងស្រុក​ដើម្បី​ផលិត​ចំណី​សត្វ និង​ការកែច្នៃ​ក្នុងប្រទេស បណ្ដាលឱ្យមាន​កំណើន​នៃ​ការ​ស្រូបយក​ផលិត​​ផល​ស្រ​ស់មក​កែច្នៃ ជាដើម​»​។​

​កញ្ញា​បាន​បន្តថា ផលិតកម្ម​ដំណាំ​មួយចំនួន​មានការ​ថយ​​ចុះ ដោយសារ​ស្ថាន​ភាពមិនច្បាស់លាស់​ខាង​ទីផ្សារ និង​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ​នាំឱ្យ​ប៉ះពាល់​ដល់​ទិន្ន​​ផល និង​គុណភាព​នៃ​ដំណាំ ការនាំចេញ​ដោយ​គ្មាន​ការស្នើ​សុំ​វិញ្ញាបនបត្រ​ភូតគាម​អ​នា​ម័​យ (​ការនាំចេញ​ក្រៅផ្លូវការ​) តាម​ច្រករបៀង​ទៅកាន់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ មួយចំនួន​មិនមាន​ការកត់ត្រា​។​

​អ្នកនាំពាក្យ​ដដែល​បាន​បន្ថែមទៀតថា ដំណោះស្រាយ​ចំពោះមុខ គឺ​ក្រសួង​ជំរុញ​វិស័យ​ឯកជន​ស្វែងរក​ដៃគូ​បញ្ជា​ទិញ​ឱ្យបាន​ច្រើនជាង​ទីផ្សារ​ដែលមាន​ស្រាប់ ជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ដើម្បី​លើកកម្ពស់​ផលិតភាព និង​ជំរុញ​ការនាំ​ចេញ​ផលិតផល​កែច្នៃ​។​

​កញ្ញា អ៊ឹម រចនា បាន​បញ្ជាក់ថា​៖ «​យើង​នឹង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​អំពី​ផលិតផល​កសិកម្ម​កម្ពុ​ជា​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅក្នុង​វេទិកា និង​ពិព័រណ៍​នានា ដើម្បី​ទាក់ទាញ​ការវិនិយោគ និង​ពង្រីក​ទីផ្សារ​ផលិតផល​កសិកម្ម​កម្ពុជា ជំរុញ​វិស័យ​ឯកជន​ក្នុងការ​ចូលរួម​វិនិយោគ​លើ​ការផលិត​ធាតុ​ចូល​កសិកម្ម​នៅក្នុង​ស្រុក​ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​»​។​

​ទោះជា​យ៉ាងណាក៏ដោយ មន្ត្រី​អ្នកនាំពាក្យ​នៃ​ក្រសួង​ក​សិ​កម្ម​ដដែល ក៏បាន​លើកឡើង​ដែរ​ថា កំណើន​នៃ​ការកែច្នៃ​កសិផល បាន​ជួយ​ស្រូបយក​វត្ថុធាតុដើម​ក្នុងស្រុក ដោយបាន​ចូលរួមចំណែក បង្កើន​តម្លៃបន្ថែម​ដល់​ខ្សែចង្វាក់​តម្លៃ​ដំណាំ ថ្វីដ្បិតតែ​ការនាំចេញ​កសិផល​ទៅ​ទីផ្សារ​ក្រៅប្រទេស​មាន​និន្នាការ​ថយចុះ​បន្តិច​មែន ប៉ុន្តែ​មិន​បណ្តាលឱ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត ឬ​មាន​បញ្ហា​ចាល់​លក់​មិន​អស់​ឡើយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៩ ខែកក្កដា​ថា ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​ក្រៅប្រទេស មានការ​ថយចុះ​ទាក់ទង​ទៅនឹង​កត្តា​មួយចំនួន ដូចជា​បញ្ហា​រដូវ​កាលដែល​ដំណាំ​ដុះ និង​បញ្ហា​អតិផរណា​នៅតាម​បណ្តា​ប្រទេស​មួយចំនួន នៅលើ​ពិភពលោក​ផងដែរ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់ថា​៖ «​ការនាំ​​ចេញ​ថយចុះ​នេះ វា​ពាក់ព័ន្ធ​នឹង​រដូវ​កាល​នៃ​ការប្រមូល​ផល បើសិនជា​យើង​ប្រមូល​ផល​បាន​តិច ការនាំចេញ​របស់​យើង​ក៏បាន​តិច​ដែរ ហើយ​កត្តា​មួយទៀត គឺ​បញ្ហា​អតិផរណា នៅ​បណ្តា​ប្រទេស​មួយចំនួន ដូចជា​សហរដ្ឋអាមេរិក និង​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​មួយចំនួន​ផងដែរ​ដែល​ធ្វើឱ្យ​បញ្ជា​ទិញ​មានការ​ថយចុះ​។​ប៉ុន្តែ​សម្រាប់តែ​វត្ថុ​ប្រើប្រាស់​ទេ ដោយ​សម្រាប់​ផ្នែក​តម្រូវការ​ម្ហូប មិនទាន់​ការប្រែប្រួល​ខ្លាំង​នៅឡើយ​ទេ​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​បន្ថែមថា កម្ពុ​ជាមាន​តម្រូវការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​បន្ថែមទៀត ជា​ពិសេស​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម ដើម្បី​ជំរុញ​ការនាំ​ចេញ​។ បើតាម​លោក លឹម ហេង បច្ចុប្បន្ន មាន​ប្រទេស​មួយចំនួន​ដែល​បាន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ច្រើនជាងគេ គឺ​ប្រទេស​ចិន ជប៉ុន កូរ៉េ និង​អូស្ត្រាលី​ជាដើម​៕