ភ្នំពេញៈប្រទេសកម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា ដែលនឹងផ្តល់ជាឯកសារព័ត៌មាន ដ៏មានសារៈសំខាន់មួយបន្ថែមទៀត សម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា។
ការដាក់ឱ្យប្រើប្រាស់សៀវភៅស្តីពីការវិនិយោគនៅកម្ពុជានេះ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគំនិតផ្តួចផ្តើមស្តីពីការវិនិយោគបរទេស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងតំបន់មេគង្គ និងត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា ក្រោមវត្តមានរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC និង លោក Nicholas Moore បេសកជនពិសេស ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍នៃរដ្ឋាភិបាលអូស្ត្រាលី។
លោក សុខ ចិន្តាសោភា បានសាទរចំពោះក្រុមការងាររៀបចំសៀវភៅស្តីពីការវិនិយោគនៅកម្ពុជា ដែលបានរួមគ្នាចងក្រងនិងធ្វើបច្ចុប្បន្នភាព ព័ត៌មានគន្លឹះនានា សម្រាប់ជាពុទ្ធិដល់វិនិយោគិន ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាពនៃបរិស្ថានវិនិយោគ ក៏ដូចជាកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោកក៏បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលី ដែលជានិច្ចកាលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។
លោកបានថ្លែងបន្តទៀតថា ជាក់ស្តែងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីលើវិស័យវិនិយោគភាគីទាំង២ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគីក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។
លោកបានគូសបញ្ជាក់ថា៖«ឯកសារគតិយុត្តខាងលើ គំនិតផ្តួចផ្តើម និងគម្រោងនានារបស់រដ្ឋាភិបាលអូស្ត្រាលី ត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់សំដៅគាំទ្រដល់យុទ្ធនាការជំរុញនិងទាក់ទាញលំហូរវិនិយោគប្រកបដោយគុណភាពមកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគក៏ដូចជាការបង្កើតនូវក្របខ័ណ្ឌច្បាប់ និងគតិយុត្ត ដែលបើកចំហមានតម្លាភាពអាចប៉ាន់ប្រមាណទុកជាមុន និងប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។
លោកNicholas Moore ក៏បានសាទរជាមួយការដាក់ឱ្យប្រើប្រាស់សៀវភៅនេះ ជាពិសេស កិច្ចសហការល្អជាមួយ CDC ដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងវិស័យឯកជនអូស្ត្រាលី តាមរយៈការសម្របសម្រួល ផ្តល់ការលើកទឹកចិត្ត និងផ្តល់ការថែទាំលើគម្រោងវិនិយោគនានាដែលបាននិងកំពុងមានអត្ថិភាពលើទឹកដីកម្ពុជា។
លោកក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា នឹងបន្តផ្តល់ការគាំទ្រដល់យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ របស់រដ្ឋាភិបាលអូស្ត្រាលី និងច្បាមយកប្រយោជន៍សេដ្ឋកិច្ច ជាអតិបរមាពីយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយមួយនេះ។
លោកបានថ្លែងថា៖«ក្នុងន័យនេះឯកឧត្តមក៏បានបង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនអូស្ត្រាលី មកវិនិយោគនៅកម្ពុជា សំដៅរួមចំណែកដល់ការធ្វើពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជា លើវិស័យគន្លឹះនានាទាំងក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន»។
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៕