ភ្នំពេញៈ ការកើនឡើងនៃចំនួនទឹកប្រាក់នាំចេញទំនិញទៅទីផ្សារអន្តរជាតិ នារយៈពេល ២ ខែចុងក្រោយ បានធ្វើឱ្យតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកាន់តែល្អ ខណៈទឹកប្រាក់នៃការនាំចេញក្នុងឆមាសទី១ ឆ្នាំ ២០២៣ មានជាង ១១ ពាន់លានដុល្លារ កើនឡើងតិចតួចធៀបឆមាសទី១ ឆ្នាំ ២០២២។ នេះបើតាមស្ថិតិអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យដែលទើបចេញផ្សាយក្នុងថ្ងៃទី ១០ ខែកក្កដាបង្ហាញថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិ ក្នុងទឹកប្រាក់សរុប ១១ ៤៦៤,៤៨ លានដុល្លារ កើនឡើង ០,៧៥ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ១១ ៣៧៩,១២២ លានដុល្លារ។
អ្វីដែលធ្វើឱ្យចំនួនទឹកប្រាក់នាំចេញនៅឆមាសទី១ ឆ្នាំ ២០២៣ កើនឡើងគឺដោយសារការនាំចេញរយៈពេល២ខែចុងក្រោយមានភាពវិជ្ជមាន ដោយខែឧសភា នាំចេញបាន ១ ៩៤៩,៣៥ លានដុល្លារកើន ៧,៩ ភាគរយ និងខែមិថុនា ចំនួន ២ ២៨១ លានដុល្លារ កើន ១៦ ភាគរយ។ សម្រាប់ការនាំចេញដែលធ្លាក់ចុះ ៤ ខែជាប់គ្នានាដើមឆ្នាំ គឺខែមករា ១ ៥៦៧,៨៧ លានដុល្លារ ធ្លាក់ចុះ ១៣,៩ ភាគរយ, ខែកុម្ភៈ ១ ៧១៧,៤៦ លានដុល្លារ ថយចុះ ៣,២ ភាគរយ, ខែមីនា ២ ១០៦,៦៩ លានដុល្លារ ធ្លាក់ ០,៧ ភាគរយ, និងខែមេសា ១ ៨៤២,១១ លានដុល្លារ ធ្លាក់ចុះ ២,៥ ភាគរយ។
ចំពោះទំនិញដែលកម្ពុជានាំចូលក្នុងឆមាសទី១ ឆ្នាំ ២០២៣ គឺមានទឹកប្រាក់ ១២ ២២៩,១៨ លានដុល្លារ ធ្លាក់ចុះ ២២,៩ ភាគរយធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ដែលមាន ១៥ ៨៦៤,៧២ លានដុល្លារ។ ផ្អែកតាមតួលេខខាងលើគឺទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងឆមាសទី១ ឆ្នាំ ២០២៣ មានទឹកប្រាក់សរុប ២៣ ៦៩៣,៦៦ លានដុល្លារ ធ្លាក់ចុះ ១៣ ភាគរយ។ សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិ (ចំនួនទឹកប្រាក់នាំចេញ និងនាំចូល) នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ គឺកម្ពុជាមានឱនភាព ៧៦៤,៧ លានដុល្លារ ខណៈកាលពីឆមាសទី១ ឆ្នាំ ២០២២ មានរហូតដល់ ៤ ៤៨៥,៦ លានដុល្លារ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ កក្កដា ថា ក្តីបារម្ភពីបញ្ហាជម្លោះភូមិសាស្ត្រនយោបាយរបស់ប្រទេសធំៗ ពិសេសសង្គ្រាមរវាងប្រទេសរុស្សី និងអ៊ុយក្រែន បានធ្វើឱ្យការផ្លាស់ប្តូរពាណិជ្ជកម្មនៅស្ទើរគ្រប់ប្រទេស ធ្លាក់ចុះចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២២ រហូតដល់ដើមឆ្នាំ ២០២៣។ ទោះយ៉ាងណាបញ្ហាទាំងអស់ហាក់រលាយវិញខ្លះៗហើយ។ លោកបន្តថា កំណើនប្រាក់នាំចេញរបស់កម្ពុជា គឺដោយសារសមត្ថភាពផលិត និងការបញ្ជាទិញកើនឡើង។
លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថាកំណើនការនាំចេញរបស់កម្ពុជានឹងមានបន្តទៀត។ ប៉ុន្តែត្រង់ចំណុចនេះ កម្ពុជាក៏មិនត្រូវភ្លេចខិតខំអភិវឌ្ឍ និងពង្រឹងគុណភាពផលិតផលរបស់ខ្លួនដែរ ពិសេសផលិតផលកសិកម្ម ព្រោះវាកំពុងក្លាយជាទំនិញនាំចេញដ៏មានសក្តានុពលរបស់កម្ពុជា»។
ដោយឡែកសម្រាប់ចំនួនទឹកប្រាក់នាំចូលទំនិញដែលបន្តធ្លាក់ចុះខាងលើ លោកអះអាងថា គឺដោយសារតែសមត្ថភាពផលិតនៅកម្ពុជាកំពុងកើនឡើង ដែលជួយឱ្យកម្ពុជាកាត់បន្ថយការនាំចូលបានមួយកម្រិត។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉ បាននិយាយថា ការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ច្បាប់វិនិយោគ ភាពសម្បូរបែបនៃកម្លាំងពលកម្ម និងមានតម្លៃសមរម្យ ប្រព័ន្ធអនុគ្រោះពន្ធគយពីប្រទេសធំៗ ព្រមទាំងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន គឺកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគជាតិ និងអន្តរជាតិឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ កំណើនទឹកប្រាក់នាំចេញ គឺបញ្ជាក់ពីការកើនឡើងនៃសមត្ថភាពផលិតកម្មក្នុងស្រុក និងទីផ្សារបញ្ជាទិញពីកម្ពុជាផងដែរ។
លោកអះអាងថា៖ «ជាមួយនឹងអ្វីដែលកម្ពុជាកំពុងធ្វើ និងទទួលបាននាពេលនេះ យើងរំពឹងថា ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិនឹងកាន់តែប្រសើរថែមទៀត ពិសេសការនាំចេញផលិតផលកសិកម្ម និងសិប្បកម្ម និងឧស្សាហកម្ម»។
ទោះយ៉ាងណា លោកនិយាយថា ប្រសិនបើតម្លៃថាមពល និងអគ្គិសនីនៅកម្ពុជាកាន់តែទាបថែមទៀតនោះ ការនាំចេញនឹងមានសម្ទុះខ្លាំងមួយកម្រិតទៀត ព្រោះវាជួយកាត់បន្ថយថ្លៃដើម ដែលនេះគឺជាផ្នែកដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
នៅក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានចំនួនសរុប ៥២ ៤២៤,៥៣៩ លានដុល្លារ កើន ៩,២ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ៤៨ ០១១,៨ លានដុល្លារ។ ទឹកប្រាក់ដែលកម្ពុជានាំទំនិញទៅទីផ្សារអន្តរជាតិ មានចំនួន ២២ ៤៨២,៩៣៧ លានដុល្លារ កើនឡើង ១៦,៤ ភាគរយ និងទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិ ២៩ ៩៤១,៦០ លានដុល្លារ កើនឡើង ៤,៣ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕