ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) លោក គិត ម៉េង បានស្នើអូស្ត្រាលីឱ្យបង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade) នៅកម្ពុជា ខណៈកម្ពុជាបានបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅអូស្ត្រាលីចំនួន ២ រួចមកហើយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ បន្ថែមទៀត។
ការស្នើរបស់លោក គិត ម៉េង នេះធ្វើឡើងកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងកម្មវិធីជួបជុំសំណេះសំណាល រវាងវិស័យឯកជនកម្ពុជា និងបេសកជនពិសេសអូស្ត្រាលីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺលោក Nicolas Moore នៅស្ថានឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយចូលរួមពីមន្ត្រីជាន់ខ្ពស់អូស្ត្រាលី សមាជិកសភាពាណិជ្ជកម្មកម្ពុជា តំណាងសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម និងក្រុមហ៊ុនកម្ពុជាផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ (CCC )ស្តីពីជំនួបនេះ លោកគិត ម៉េង បានលើកឡើងថា៖ «ដោយសារតែពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី បន្តកើនឡើងជានិច្ចនិងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី នូវែលសេឡង់ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ដូចនេះយើងស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីបង្កើតការិយាល័យពាណិជ្ជកម្មអូស្ត្រាលី (AusTrade) នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស្អិតល្មួត»។
លោកបានបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនអូស្ត្រាលីជាច្រើនកំពុងប្រកបអាជីវកម្មនៅកម្ពុជាហើយសភាពាណិជ្ជគាំទ្រដល់ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង ២ ទៅលើគ្រប់វិស័យ ជាពិសេស កសិកម្ម សុខាភិបាល ធនធាន និងវិស័យអប់រំ។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជានឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់អូស្ត្រាលី និងស្វាគមន៍គណៈប្រតិភូធុរកិច្ចអូស្ត្រាលីបំពេញទស្សនកិច្ចនៅកម្ពុជា។
លោកបានបន្តថា ការដាក់ចេញយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ ២០៤០ របស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការដៅយកកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគដែលកំពុងស្ទុះឡើង ហើយអាស៊ាន គឺជាកន្លែងសម្រាប់ធ្វើធុរកិច្ចនាពេលអនាគត ដោយមានកំណើនសេដ្ឋកិច្ចលឿនជាងគេក្នុងពិភពលោកជាមួយនឹងប្រជាជនសរុបជាង ៦៦០ លាននាក់ និងផលទុនជាតិសរុប ៣,៦៦ ទ្រីលានដុល្លារ ជាពិសេសជាងនេះទៀតកម្ពុជា គឺស្ថិតនៅចំកណ្តាលនៃតំបន់នេះ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានថ្លែងថា មិនយូរទេ អូស្ត្រាលីនឹងបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្មអូស្ត្រាលីនៅកម្ពុជាជាក់ជាមិនខាន ដោយសារទំនាក់ទំនងការទូតនិងពាណិជ្ជកម្មដ៏ស្អិតល្មួតប្រទេសទាំង ២ ដែលមានជាយូរមកហើយ។
លោកបានថ្លែងថា៖ «កត្តាដែលអាចនឹងជំរុញឱ្យអូស្ត្រាលីបើកការិយាល័យតំណាងពាណិជ្ជកម្មនៅកម្ពុជានោះ គឺដោយសារតែកម្ពុជាយើងមានតំណាងការិយាល័យសភាពាណិជ្ជកម្មនៅអូស្ត្រាលីស្រាប់ ហើយកិច្ចសហការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក៏មានជាយូរមកហើយដែរ ហើយប្រទេសយើងទាំង ២ ក៏មានសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយប្រទេសអាមេរិក និងអឺរ៉ុបខាងលិចផងដែរ។ ដូច្នេះខ្ញុំយល់ថា មិនមានឧបសគ្គណាដែលរារាំងអូស្ត្រាលីមិនឱ្យបើកការិយាល័យពាណិជ្ជកម្មរបស់ខ្លួននៅប្រទេសយើងទេ»។
បើតាមសភាពាណិជ្ជកម្មកម្ពុជា សព្វថ្ងៃនេះ ប្រទេសអូស្ត្រាលីមានការិយាល័យតំណាងពាណិជ្ជកម្មនៅទីក្រុងហាណូយប្រទេសវៀតណាម ទើបសភាពាណិជ្ជកម្មចង់ឱ្យអូស្ត្រាលីបើកមួយទៀតនៅកម្ពុជា។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអូស្ត្រាលីសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២៥៨ លានដុល្លារ។ ក្នុងនោះការនាំចេញទៅអូស្ត្រាលីសម្រេចបានក្នុងទឹកប្រាក់ជាង ១៨០ លានដុល្លារ ថយចុះ ០,៤ ភាគរយ ខណៈការនាំចូលពីអូស្ត្រាលីមកវិញមានទឹកប្រាក់ជាង ៧៧ លានដុល្លារកើនឡើង ០,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕