ភ្នំពេញៈ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលបានចេញផ្សាយ កាលពីថ្ងៃទី ១១ ខែកក្កដា បានបញ្ជាក់ថា ការដោះដូរទំនិញរបស់កម្ពុជា ជាមួយប្រទេសវៀតណាម ក្នុងឆមាសទី១ ឆ្នាំ ២០២៣ នេះ សម្រេចបានក្នុងទំហំ ទឹកប្រាក់ចជាង ៣ ៣០២ លានដុល្លារ កើនឡើង ១,៣ ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ ២០២៣។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ បានបង្ហាញទៀតថា ការនាំចូលរបស់វៀតណាមមកកាន់កម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់១ ៨៧២លានដុល្លារ ថយចុះជាង១០ភាគរយ ខណៈការនាំចេញវៀតណាមវិញមានទំហំទឹកប្រាក់ ជាង១ ៤២៩លានដុល្លារកើនឡើងជិត២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
បើក្រឡេកទៅមើលរបាយការណ៍នាំចេញផលិតផលកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ បានបង្ហាញថា ក្នុងរយៈពេល៥ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង៤០មុខទៅកាន់វៀតណាមដែលក្នុងនោះមានដូចជា ស្រូវ,ដំឡូងមីស្រស់,គ្រាប់ស្វាយចន្ទីឆៅ,ចំណិតដំឡូងមីក្រៀម,ផ្លែស្វាយស្រស់,គ្រាប់ពោត, ស្នូលពោត,ផ្លែចេកស្រស់,សណ្តែកសៀង, ឈើកៅស៊ូកែច្នៃ,ឈើសម្រាប់ធ្វើអុស,គ្រាប់ឈូក,សណ្ដែកបាយ,ឈើកែច្នៃ,ស្វាយចន្ទី,ម្រេច,ជ័រកៅស៊ូ,កាកសំណល់ដំឡូងមី,ល្ង,ថ្នាំជក់,ឈើអាកាស្យា,ចំណិតសាច់ត្នោតក្រៀម,ម្សៅអង្ករ,ផ្លែម្នាស់ស្រស់,ឈើអម្ពិលបារាំង,ឈើខ្នុរៗ,គ្រាប់សំរងនិងកាកស្រាបៀរជាដើម។
លោកប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ជាពិសេសការនាំចេញទៅវៀតណាមដែលកើនឡើងជិត២២ភាគរយនេះ អាស្រ័យលើកត្តា៣យ៉ាង។
លោកបានបញ្ជាក់ថា៖«កត្តាទី១គឺព្រំដែនជាប់គ្នា ដោយសារតែប្រទេសទាំង២មានព្រំប្រទល់ជាប់គ្នាធ្វើឱ្យការដឹកជញ្ជូនមានលក្ខណៈងាយស្រួល,ទី២ការកែច្នៃរបស់វៀតណាមមានការកើនឡើង ដូច្នេះប្រទេសនេះមានតម្រូវការវត្ថុធាតុដើមពីយើងច្រើន ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូងមី ពោតជាដើម យកទៅកែច្នៃសម្រាប់នាំចេញនិងទី៣ វៀតណាម ទើបតែទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប ដូច្នេះហើយគាត់ត្រូវការទំនិញដែលជាវត្ថុធាតុដើមពីយើងច្រើនណាស់ ដើម្បីយកទៅកែច្នៃ ហើយនាំចេញទៅអឺរ៉ុប»។
ទោះជាយ៉ាងណា លោកសង្កេតឃើញថា ជញ្ជីងពាណិជ្ជកម្មកម្ពុជា និងវៀតណាម មិនមានភាពខុសគ្នាឆ្ងាយពេកទេ មានន័យថា តម្រូវការនៃប្រជាជនប្រទេសទាំង២គឺមានប្រហាក់ប្រហែលគ្នា។ ក្នុងនោះកម្ពុជានាំចេញផលិតផលកសិកម្មទៅវៀតណាម ហើយនាំចូលពីខាងវៀតណាមមកវិញគ្រឿងឧបភោគបរិភោគមួយចំនួនដែលបានកែច្នៃរួច និងសម្ភារប្រើប្រាស់នានាពីវៀតណាមមកវិញដែរ។
ចំណែក លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា កត្តាភូមិសាស្ត្ររវាងប្រទេសទាំង២ រួមទាំងទំនាក់ទំនងកាទូតយ៉ាងជិតស្និទ្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានជំរុញឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំង២មានការកើនឡើងជាបន្តបន្ទាប់។
លោកបានបញ្ជាក់ថា៖«វៀតណាមជាប្រទេសដែលមានការអភិវឌ្ឍមុនប្រទេសយើង មានប្រជាជនច្រើនជាងនិងមានទីផ្សារផលិតផលក្រៅប្រទេសមុនយើង។ប៉ុន្តែយ៉ាងណាមិញយើងឃើញការនាំចេញទៅវៀតណាមហាក់មានកំណើនច្រើនគួរឱ្យកត់សម្គាល់។ការណ៍នេះ ជំរុញឱ្យយើងមានការផលិតផលិតផលកសិកម្មបន្ថែមទៀតដើម្បីបំពេញតម្រូវការ ប៉ុន្តែការកែច្នៃផលិតផលវត្ថុធាតុដើមក្នុងស្រុក ក៏ត្រូវជំរុញផងដែរដើម្បីទទួលបានតម្លៃបន្ថែម»។
បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីឆ្នាំ២០២២ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយវៀតណាមក្នុងទំហំទឹកប្រាក់ជាង ៦ ១៣៥លានដុល្លារ កើនឡើងជិត២០ភាគរយ។ ក្នុងនោះកម្ពុជានាំទៅវៀតណាមសម្រេចបានជាង ២ ១៦៨លានដុល្លារ កើនជិត១០ភាគរយ ខណៈការនាំចូលពីវៀតណាមមកវិញសម្រេចបានជាង ៣ ៩៦៧លានដុល្លារ កើនឡើងជាង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២១៕