ភ្នំពេញៈ គម្រោងវិនិយោគចំនួន ៩ ដែលមានទុនវិនិយោគសរុប ៧៧,៤ លានដុល្លារ និងអាចបង្កើតការងារបាន ១៧ ០២៩ កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគក្នុងរយៈពេល ២ សប្តាហ៍ដំបូង នៃខែកក្កដានេះ ដោយក្នុងនោះ ៤ ស្ថិតក្នុងវិស័យវាយនភណ្ឌ។
យោងតាម CDC គម្រោងទាំងនោះ រួមមានគម្រោងវិនិយោគលើរោងចក្រកាត់ដេរ ផលិតស្រោមជើង ស្រោមដៃ អាវចាក់ ផលិតវ៉ែនតា និងដងវ៉ែនតា ផលិតកាបូប ថង់យួរ និងស្រោមសម្លៀកបំពាក់ ផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ ផលិតសម្ភារផ្គុំដំឡើងអំពូលភ្លើងលម្អគ្រប់ប្រភេទ និងផលិតសម្ភារសម្អាតផ្ទះគ្រប់ប្រភេទ។ គម្រោងវិនិយោគទាំង ៩ គឺមាន ៤ ទីតាំងស្ថិតនៅ ក្នុងខេត្តកំពង់ស្ពឺ ២ នៅខេត្តកាកែវ និង ១ ទីតាំង នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១២ ខែកក្កដាថា ការទទួលបានសំណើសុំវិនិយោគពីសំណាក់វិនិយោគិន និងការអនុម័តជាបន្តបន្ទាប់របស់ CDC បញ្ជាក់ថា កម្ពុជាគឺជាទីតាំងមានសក្តានុពលសម្រាប់បណ្តាក់ទុនលើគ្រប់វិស័យ បើទោះបីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកពេលនេះមិនទាន់ត្រឡប់ទៅរកប្រក្រតីភាពដូចមុនឆ្នាំ២០២០ ក៏ដោយ។
លោកបន្តថា ក្រៅពីប្រព័ន្ធអនុគ្រោះពន្ធ ដែលកម្ពុជាកំពុងមាន នារយៈពេល ២-៣ ឆ្នាំមកនេះ កម្ពុជា ក៏បានចុះហត្ថលេខាជាមួយប្រទេសដៃគូសំខាន់ៗ ដូចជា ប្រទេសចិន CCFTA ប្រទេសកូរ៉េខាងត្បូង CKFTA កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RECP) ដែលមានប្រទេសសមាជិកចំនួន ១៥ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ប្រទេសអារ៉ាប់រួមអេមីរ៉ាត កាលពីពេលថ្មីៗ គឺសុទ្ធតែជាចំណែកដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជា។
លោកថ្លែងថា៖«តាមរយៈសក្តានុពលនៃទីតាំងភូមិសាស្ត្រ និងកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងរៀបចំ និងកែលម្អប្រព័ន្ធច្បាប់វិនិយោគ ព្រមទាំងការបើកទីផ្សារនៅក្រៅប្រទេសជាបន្តបន្ទាប់នោះ ខ្ញុំមានសុទិដ្ឋិនិយមថា នឹងមានក្រុមហ៊ុនលំដាប់អន្តរជាតិថ្មីៗ បន្ថែមទៀតមកបើកដំណើរការអាជីវកម្មនៅកម្ពុជា»។
លោកលើកឡើងទៀតថា ក្រៅពីកែប្រព័ន្ធច្បាប់កម្ពុជា ក៏បានកសាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ នៅក្នុងប្រទេស ដើម្បីត្រៀមទទួលកំណើនការចូលមកបណ្តាក់ទុនកាន់តែច្រើននាពេលអនាគត។ លោកបន្តថា ប្រភេទនៃមុខទំនិញដែលកម្ពុជាផលិតបានពេលនេះ ក៏មានលក្ខណៈកាន់តែចម្រុះ និងឆ្លើយតបបានកាន់តែទូលំទូលាយទាំងគុណភាព និងបរិមាណសម្រាប់ការបញ្ជាទិញពីគ្រប់មជ្ឈដ្ឋាន។
អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី លោកស្រី កែវ មុំ បានប្រាប់ថា ប្រទេសកម្ពុជានឹងអាចមានសក្តានុពលទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនកាន់តែច្រើនថែមទៀត ប្រសិនបើតម្លៃអគ្គិសនីទាបជាងពេលបច្ចុប្បន្ន ព្រោះនៅពេលតម្លៃអគ្គិសនីទាប វានឹងធ្វើឱ្យការចំណាយលើផលិតកម្មទាប ហើយពេលនោះសមត្ថភាពប្រកួតប្រជែងលើទីផ្សារប្រាកដជាកើនឡើង។
លោកស្រីនិយាយថា៖«អគ្គិសនីកាន់តែទាប ធ្វើឱ្យថ្លៃដើមផលិតកាន់តែទាប ដែលនឹងជួយធ្វើឱ្យសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់ជាមួយនឹងទំនិញរបស់ប្រទេសនានាលើពិភពលោក»។
ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងសប្តាហ៍នេះឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន១១៣ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១,១ ពាន់លានដុល្លារ និងអាចបង្កើតការងារបាន ១២២ ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង១១៣ នេះ គម្រោងចំនួន១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម ៧ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៣ វិស័យទេសចរណ៍ និង ១ ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ។
កាលពីឆ្នាំ២០២២ គម្រោងវិនិយោគឯកជនចំនួន ១៣២ ត្រូវបាន CDC អនុម័ត ដោយកើនឡើង ២៤ គម្រោង បើធៀបឆ្នាំ២០២១។ គម្រោងទាំង ១៣២ មានទុនវិនិយោគ ៣ ២៣០ លានដុល្លារ កើនឡើង ៨៧,៩ ភាគរយ និងបង្កើតការងារបាន ១២,២ ម៉ឺននាក់។ នេះបើតាមឯកសារនិន្នាការសេដ្ឋកិច្ចកម្ពុជា ប្រចាំឆ្នាំ២០២២៕