ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសចិន នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ សម្រេចបានទឹកប្រាក់ជាង ៧១៣ លានដុល្លារ កើនឡើងជិត ១៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈពាណិជ្ជកម្មទ្វេភាគី មានជាង ៦,១៥ ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបង្ហាញថា ពីខែមករា-មិថុនា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញទៅប្រទេសចិនក្នុងទឹកប្រាក់សរុប ៧១៣,២៨ លានដុល្លារ កើន ១៦,៦ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ កំណើននេះគឺបានមកពីការកើនឡើងរយៈពេល ៥ ខែជាប់ៗគ្នា ដោយក្នុងខែកុម្ភៈ ការនាំចេញកើនឡើង ១១ ភាគរយ, ខែមីនា កើនឡើង ១៦,៤ ភាគរយ, ខែមេសា កើន ៨,៨ ភាគរយ, ខែឧសភា កើន ៥៥,៣ ភាគរយ និងខែមិថុនា កើន ៣៥,៧ ភាគរយ។ ទោះយ៉ាងណា ក្នុងខែមករា ការនាំចេញទំនិញទៅប្រទេសចិនបានធ្លាក់ចុះ ២២,២ ភាគរយ។
ដោយឡែកទំនិញដែលចិននាំមកកម្ពុជា ក្នុងឆមាសទី១ គឺចំនួន ៥ ៤៤០,០៧ លានដុល្លារ កើន ១,២ ភាគរយ។ ចំពោះទំហំពាណិជ្ជកម្មទ្វេភាគី គឺមានសរុប ៦ ១៥៣,៣៤ លានដុល្លារ កើនឡើង ២,៨ ភាគរយ។ ផ្អែកតាមតួលេខ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ៤ ៧២៦,៧៩ លានដុល្លារ ខណៈឆមាសទី១ ឆ្នាំ ២០២២ កម្ពុជាមានឱនភាព ៤ ៧៦២,៧៤ លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែកក្កដាថា កំណើនទឹកប្រាក់នាំចេញទំនិញទៅប្រទេសចិននារយៈពេលប៉ុន្មានខែជាប់ៗគ្នានេះ គឺបញ្ជាក់ពីសមត្ថភាពនៃផលិតកម្មនៅកម្ពុជា ខណៈជនជាតិចិនក៏ពេញចិត្តទំនិញកម្ពុជាផងដែរ។ លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចូលជាធរមានកាលពីដើមឆ្នាំ ២០២២ កំពុងក្លាយជាចំណែកដ៏សំខាន់ដែលបើកផ្លូវឱ្យផលិតផលកម្ពុជាបង្ហាញវត្តមាននៅទីនោះកាន់តែច្រើន។
លោកថ្លែងថា៖ «ជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្ម ខ្ញុំជឿថា ការនាំចេញរបស់កម្ពុជាទៅចិននឹងកើនថែមទៀតនាពេលខាងមុខ។ យើងសង្ឃឹមថា អាជ្ញាធរចិន នឹងអនុញ្ញាតឱ្យកម្ពុជានាំចូលផលិតផលកសិកម្មច្រើនប្រភេទទៀតនាពេលខាងមុខ»។
លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីខែឧសភា បាននិយាយថា ការធ្វើពាណិជ្ជកម្មអន្តរជាតិនាអំឡុងពេលជិត ១ ឆ្នាំមកនេះបានធ្លាក់ចុះនៅស្ទើរគ្រប់ប្រទេស ក៏ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងចិន មិនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ទេ។
ការរក្សាបានលំនឹងនេះ គឺដោយសារតែរដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង ២ មានទំនាក់ទំនងល្អជាមួយគ្នា។ លោកបន្តថា អ្វីដែលគួរកត់សម្គាល់ គឺចំនួនប្រាក់នាំចេញកម្ពុជាកើនឡើង។
លោក វណ្ណៈ បញ្ជាក់ថា៖ «កម្ពុជាក៏ត្រូវខិតខំពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួនឱ្យបានខ្លាំង និងមានលក្ខណៈចម្រុះថែមទៀត ដើម្បីមានឱកាសបង្ហាញវត្តមានកាន់តែច្រើននៅទីផ្សារប្រទេសចិន និងប្រទេសផ្សេងៗទៀត»៕