ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅឆមាសទី១ ឆ្នាំ ២០២៣ បានអនុម័តគម្រោងវិនិយោគចំនួន ២៧ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាមួយទុនវិនិយោគសរុបជាង ៣០០ លានដុល្លារ ដោយបង្កើតការងាររហូតជាង ២ ម៉ឺនកន្លែង។
របាយការណ៍ CDC កាលពីដើមសប្តាហ៍កន្លងមកបង្ហាញថា CDC បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ១១៣ គម្រោង ទាំងគម្រោងខាងក្រៅ និងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទំហំវិនិយោគសរុបជាង ១ ពាន់លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ភាគច្រើននៃគម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺជាគម្រោងវិនិយោគក្នុងវិស័យកាត់ដេរ ហើយគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃ។
លោកនិយាយថា៖ «រាល់គម្រោងវិនិយោគនៅកម្ពុជា សុទ្ធតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងសង្គម។ គ្រប់គម្រោងវិនិយោគសុទ្ធតែទទួលបានការលើកទឹកចិត្ត»។
ជាមួយគ្នានេះ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពិតជាមានប្រយោជន៍សម្រាប់អ្នកវិនិយោគ ដោយសារវាមានលក្ខណៈប្រមូលផ្តុំដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគដែលមានបំណងចង់បើករោងចក្រសហគ្រាស ឬឧស្សាហកម្មកែច្នៃផ្សេងៗនៅកម្ពុជា។ ជាទូទៅ តំបន់សេដ្ឋកិច្ចពិសេសមានទីតាំងនៅតំបន់សមស្របបំផុតដើម្បីជួយឱ្យអាជីវកម្មរបស់អ្នករីកចម្រើន និងជោគជ័យ។
លោកលើកឡើងថា៖ «ជាការត្រឹមត្រូវណាស់ដែលរដ្ឋាភិបាលមានការលើកទឹកចិត្តដល់ការវិនិយោគនៅតាមតំបន់សេដ្ឋកិច្ចពិសេស ព្រោះតំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេចសម្រាប់អាជីវកម្ម និងការវិនិយោគដំណើរការជាមួយនឹងភាពងាយស្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទិន្នផលនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងខ្លាំង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាល់ពេលចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត តាមបណ្តាសហគ្រាសនានាក្នុងតំបន់សេដ្ឋកិច្ចពិសេស តែងតែចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសថា ដើរតួនាទី និងរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ លោកតែងបន្តលើកទឹកចិត្តដល់វិនិយោគិនឱ្យបង្កើនការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត តាមរយៈការអភិវឌ្ឍ និងប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ទាំងអស់ឱ្យអស់សក្តានុពល។
យោងតាម CDC បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤ ទីតាំង ដោយ ៨ ទីតាំងនៅខេត្តស្វាយរៀង, ៥ ទីតាំងនៅខេត្តព្រះសីហនុ, ៤ ទីតាំងនៅរាជធានីភ្នំពេញ, ៣ ទីតាំងនៅក្នុងខេត្តបន្ទាយមានជ័យ, ២ ទីតាំងនៅខេត្តកណ្តាល, ១ ទីតាំងនៅខេត្តកោះកុង និង ១ ទីតាំងនៅកំពត៕