ភ្នំពេញៈ ទុនវិនិយោគផ្ទាល់បរទេសនៅកម្ពុជា (FDI) គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ ២០២៣ មានទឹកប្រាក់ជាង ១៨៥ ទ្រីលានរៀល កើនឡើង ៩ ភាគរយបើធៀបចុងត្រីមាសទី១ ឆ្នាំ ២០២២ ក្នុងនោះប្រទេសចិនបានគ្របដណ្តប់ជិត ៤ ៥ភាគរយ។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា (NBC)។
ឯកសាររបស់ធនាគារជាតិនៃកម្ពុជា កាលពីសប្តាហ៍មុនឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ ទឹកប្រាក់នៃការវិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានចំនួនសរុប ១៨៥,៧ ទ្រីលានរៀល (ប្រមាណ ៤៥,៨ ពាន់លានដុល្លារ) កើនឡើង ៩ ភាគរយបើធៀបនឹងចុងត្រីមាសទី១ ឆ្នាំ ២០២២ ដែលប្រទេសចិន (រួមបញ្ចូលហុងកុង ម៉ាកាវ និងតៃវ៉ាន់) បានបន្តឈរនៅមុខគេ ដោយមានទុនវិនិយោគ ៨៣,៥ ទ្រីលានរៀល (២០,៦ពាន់លានដុល្លារ) កើនឡើង ១១,១ ភាគរយ, ប្រទេសកូរ៉េខាងត្បូង ២២,៤ ទ្រីលានរៀល (៥,៥ពាន់លានដុល្លារ) កើន ១០,៤ ភាគរយ, សិង្ហបុរី ១២,១ ទ្រីលានរៀល (២,៩ពាន់លានដុល្លារ) កើន ៨,៨ ភាគរយ, ជប៉ុន ១១,៣ ទ្រីលានរៀល (២,៨ ពាន់លានដុល្លារ) កើនឡើង ១១,៦ ភាគរយ, វៀតណាម ១០,២ ទ្រីលានរៀល (២,៥ ពាន់លានដុល្លារ) កើន ០,៤ ភាគរយ, ម៉ាឡេស៊ី ៨,៣ ទ្រីលានរៀល (២,០៤ពាន់លានដុល្លារ កើន ៥ ភាគរយ, ថៃ ៧,៨ ទ្រីលានរៀល (១,៩២ពាន់លានដុល្លារ) កើន ៤,៥ ភាគរយ, ចក្រភពអង់គ្លេស ៦,១ ទ្រីលានរៀល (១,៥ពាន់លានដុល្លារ) កើន ៦,២ ភាគរយ និងប្រទេសផ្សេងៗទៀត ២៤ ទ្រីលានរៀល (៥,៩១ពាន់លានដុល្លារ) កើន ៧,៣ ភាគរយ។
ដោយឡែកបើធ្វើការបែងចែកតាមវិស័យ គឺវិស័យហិរញ្ញវត្ថុ ទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ដោយមានប្រាក់ ៤៣,៨ ទ្រីលានរៀល ស្មើ ២៣,៥៨ ភាគរយនៃចំណែកសរុប, វិស័យកម្មន្តសាល ៣៩,២ ទ្រីលានរៀល ស្មើនឹង ២១,១ភាគរយ, អចលនទ្រព្យ ២១,៥ទ្រីលានរៀល ស្មើ ១១,៥៧ ភាគរយ, សណ្ឋាគារ និងភោជនីយដ្ឋាន ១៩,១ ទ្រីលានរៀលស្មើនឹង ១០,២៨ ភាគរយ, កសិកម្ម ១៧,៧ ទ្រីលានរៀល ស្មើ ៩,៥៣ ភាគរយ, វារីអគ្គិសនី ១១,៧ ទ្រីលានរៀល ស្មើ ៦,៣ ភាគរយ, សំណង់ ៩,៨ ទ្រីលានរៀល ស្មើ ៥,២៧ ភាគរយ និងវិស័យផ្សេងៗទៀត ២២,៩ ទ្រីលានរៀល ស្មើ ១២,៣៣ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៦ ខែកក្កដាថា ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកពេលនេះមិនទាន់មានដំណើរការល្អ ប៉ុន្តែកម្ពុជានៅតែមានសក្តានុពលអាចទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុនជាបន្តបន្ទាប់។
ការស្រូបបានគម្រោងវិនិយោគពីបរទេសនៅពេលនេះ គឺដោយសារភាពល្អប្រសើរនៃកត្តាខាងក្នុង និងខាងក្រៅ។ លោកបន្ថែមថា កត្តាខាងក្នុងសំដៅដល់ស្ថិរភាពនយោបាយ កម្លាំងពលកម្មជំនាញ ប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធច្បាប់វិនិយោគជាដើម ខណៈកត្តាខាងក្រៅគឺជាការបង្កើតទីផ្សារអន្តរជាតិថ្មីៗ ព្រមទាំងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងធំៗលើពិភពលោក ព្រមទាំងទទួលបានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់នាំចេញទំនិញទៅប្រទេសជាច្រើនលើពិភពលោក។
លោកលើកឡើងទៀតថា៖ «ជាមួយនឹងស្ថានភាពនយោបាយ និងសេដ្ឋកិច្ចកម្ពុជាដូចពេលនេះ ខ្ញុំមានជំជឿយ៉ាងមុតមាំថា ការបណ្តាក់ទុនរបស់វិនិយោគិនបរទេសនៅកម្ពុជានឹងកាន់តែមានសម្ទុះលឿនថែមទៀតនៅពេលសេដ្ឋកិច្ចពិភពលោកល្អឡើងវិញ ពិសេសនៅពេលសង្គ្រាមនៅប្រទេសអ៊ុយក្រែនត្រូវបានបញ្ចប់»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) គឺសំដៅដល់ការវិនិយោគដែលមានម្ចាស់ជាជនបរទេស តាមរយៈការមកបណ្តាក់ទុនលើការសាងសង់រោងចក្រ សហគ្រាសឬបើកអាជីវកម្មនៅកម្ពុជា។ សម្រាប់កំណើនជិត ១០ ភាគរយខាងលើ គឺអាចចាត់ទុកជារឿងវិជ្ជមានខ្លាំងសម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងដំណាក់កាលនេះ ព្រោះវិបត្តិនយោបាយសកលដែលកំពុងកើតមាននាពេលនេះ គឺធ្វើឱ្យគម្រោងវិនិយោគជាច្រើនត្រូវបានផ្អាក ពន្យារពេល ឬលុបចោល។
លោកបញ្ជាក់ថា៖ «កំណើន ៩ ភាគរយក្នុងដំណាក់កាលដែលកំណើនសេដ្ឋកិច្ចពិភពលោកមិនរឹងមាំនេះ គឺមិនមែនជារឿងចៃដន្យឡើយ ដោយវាសុទ្ធតែកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញយុទ្ធសាស្ត្រថ្មីៗជាបន្តបន្ទាប់សំដៅបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគ»។
ទាក់ទងនឹងទឹកប្រាក់វិនិយោគរបស់ចិនដែលមានចំនួនច្រើនជាងគេ លោក វណ្ណៈ បានអះអាងថា ដោយសាររដ្ឋាភិបាល និងប្រជាជនប្រទេសទាំង ២ មានទំនាក់ទំនងល្អជាមួយគ្នា ហើយប្រទេសចិន ក៏ជាប្រភពនៃការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់រោងចក្រផលិត ឬកែច្នៃនៅកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិផងដែរ។
លោកប្រាប់ថា៖ «លក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រ និងទំនាក់ទំនងល្អផ្នែកការទូត នឹងជួយឱ្យកម្ពុជាទាក់ទាញការបណ្តាក់ទុនពីបរទេសកាន់តែច្រើនថែមទៀត ពិសេសពីប្រទេសចិន»។
អគ្គនាយកដ្ឋានគយបានឱ្យដឹងថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ មានទឹកប្រាក់សរុប ២៣ ៦៩៣,៦៦ លានដុល្លារ ធ្លាក់ចុះ ១៣ ភាគរយដោយក្នុងនោះកម្ពុជានាំទៅទីផ្សារអន្តរជាតិ ក្នុងទឹកប្រាក់សរុប ១១ ៤៦៤,៤៨ លានដុល្លារ កើនឡើង ០,៧៥ ភាគរយ និងទំនិញដែលកម្ពុជានាំចូល មានចំនួន ១២ ២២៩,១៨ លានដុល្លារ ធ្លាក់ចុះ ២២,៩ ភាគរយ៕