ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសកូរ៉េ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ បានបន្តសញ្ញាវិជ្ជមានដោយមានទឹកប្រាក់ជិត ១៤៣ លានដុល្លារ កើនជាង ២៨ ភាគរយធៀបឆមាសទី១ ឆ្នាំមុន ខណៈពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៣៧៦ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមទិន្នន័យ ចាប់ពីខែមករា-ខែមិថុនា ឆ្នាំ ២០២៣ កម្ពុជាបាននាំទំនិញទៅកូរ៉េចំនួន ១៤២,៧៤ លានដុល្លារ កើនឡើង ២៨,២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ១១១,៣៦ លានដុល្លារ។ សម្រាប់ទំនិញដែលកូរ៉េនាំមកកម្ពុជា គឺមានចំនួន ២៣៣,៧១ លានដុល្លារ ធ្លាក់ចុះ ២៤,៦ ភាគរយពី ៣០៩,៩៨ លានដុល្លារ។ ចំពោះពាណិជ្ជកម្មរួមមានទឹកប្រាក់សរុប ៣៧៦,៤៦ លានដុល្លារ ថយចុះ ១០,៧ ភាគរយពីចំនួន ៤២១,៣៣ លានដុល្លារ។ ប្រទេសកូរ៉េ គឺជាដៃគូពាណិជ្ជកម្មធំទី ១២ របស់កម្ពុជា ដែលនាំមុខដោយប្រទេសចិន អាមេរិក និងវៀតណាម ជាដើម។
តាមរយៈតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាក្នុងឆមាសទី១ ឆ្នាំ ២០២៣ មានឱនភាព ៩០,៩៧ លានដុល្លារ ខណៈកាលពីឆមាសទី១ ឆ្នាំ ២០២២ មានឱនភាព ១៩៨,៦២ លានដុល្លារ។
ដោយឡែកក្នុងខែមិថុនា ឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៧២,៨៦ លានដុល្លារ កើនឡើង ២២,៤៤ ភាគរយបើធៀបខែមិថុនា ឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំទៅកូរ៉េ ២៨,៩៦ លានដុល្លារ កើន ៥៥,៤ ភាគរយ ចំណែកទំនិញកូរ៉េនាំមកកម្ពុជា ៤៣,៨៩ លានដុល្លារ កើនឡើង ៧,៤ ភាគរយប។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៧ ខែកក្កដាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-កូរ៉េ ដែលចូលជាធរមានកាលពីចុងឆ្នាំ ២០២២ គឺជាចំណែកសំខាន់ដែលជួយឱ្យការនាំទំនិញរបស់កម្ពុជាកើនឡើង។ ភាគច្រើននៃទំនិញកម្ពុជានាំទៅកូរ៉េ គឺជាផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកសិផល ជាដើម។
លោកបន្តថា ក្រៅពីការផ្លាស់ប្តូរពាណិជ្ជកម្ម បច្ចុប្បន្នក៏មានវិនិយោគិនកូរ៉េខ្លះកំពុងបណ្តាក់ទុននៅកម្ពុជាដែរក្នុងវិស័យមួយចំនួនដូចជា ហិរញ្ញវត្ថុ សំណង់ និងកសិកម្ម។ ជាមួយគ្នានេះក៏មានកម្មករ-កម្មការិនីកម្ពុជាជាច្រើននាក់កំពុងធ្វើការនៅក្នុងប្រទេសកូរ៉េផងដែរ។
លោកប្រាប់ថា៖ «ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ខ្ញុំជឿថា ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ នឹងបន្តកើនថែមទៀត ពិសេសការនាំកសិផលពីកម្ពុជា»។
លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា និន្នាការនៃការនាំទំនិញពីកម្ពុជាទៅប្រទេសកូរ៉េនឹងកើនឡើងទៀត ព្រោះក្រៅពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម គុណភាព និងតម្លៃទំនិញកម្ពុជា ក៏ត្រូវបានអតិថិជននៅកូរ៉េទទួលស្គាល់ផងដែរ។ កសិផលកំពុងក្លាយជាទំនិញមានសក្តានុពលសម្រាប់នាំទៅកូរ៉េ។
លោកបញ្ជាក់ថា៖ «ទោះបច្ចុប្បន្នការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅមានចំនួនតិចតួច ប៉ុន្តែនៅពេលអនាគតការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ ប្រាកដជានឹងកើនឡើងកាន់តែខ្ពស់»។
លោកបន្ថែមថា ការធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាក៏ជួយទាក់ទាញវិនិយោគិនកូរ៉េឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។
ក្នុងឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៧៨,៩២៤ លានដុល្លារ កើន ០,៦ ភាគរយធៀបនឹងឆ្នាំ ២០២១។
ក្នុងនោះកម្ពុជានាំចេញ ២៣៣,៦៣៨ លានដុល្លារ កើន ២០,៤ ភាគរយ និងកូរ៉េ នាំចូល ៥៤៥,២៨៦ លានដុល្លារ ធ្លាក់ចុះ ៦ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ៕