ភ្នំពេញៈ ទឹកប្រាក់ជាង ៤៥៦ លានដុល្លារ ត្រូវបានបញ្ចេញទៅទីផ្សារអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ ២០២៣ លើការនាំចូលរថយន្តគ្រប់ប្រភេទ ដោយធ្លាក់ចុះជិត ២០ ភាគរយបើធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២២ ខណៈរោងចក្រដំឡើងរថយន្តក្នុងស្រុកចាប់ផ្តើមដើរតួនាទីជាបណ្តើរៗជំនួសឱ្យការនាំចូលពីក្រៅប្រទេស។
ទិន្នន័យដែល ភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបានពីក្រសួងពាណិជ្ជកម្ម កាលពីចុងសប្តាហ៍មុន បង្ហាញថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣ កម្ពុជាបាននាំចូលរថយន្តគ្រប់ប្រភេទពីទីផ្សារអន្តរជាតិក្នុងទឹកប្រាក់សរុប ៤៥៦,៦៧ លានដុល្លារ ធ្លាក់ចុះ ១៩,៩ ភាគរយពីចំនួន ៥៧០,១ លានដុល្លារ កាលពីរយៈពេលដូចគ្នាឆ្នាំ ២០២២។
យោងតាមទិន្នន័យខាងលើ គឺប្រភេទរថយន្តនាំចូលត្រូវចែកចេញជា ៤ ប្រភេទគឺ រថយន្តទេសចរណ៍ ការនាំចូលមានទឹកប្រាក់ ៣១៩,៩៤ លានដុល្លារ ថយចុះ ១១,៧៦ ភាគរយ, រថយន្តដឹកទំនិញ ១០៨,៧៤ លានដុល្លារ ថយចុះ ៣៩,៥៤ ភាគរយ, រថយន្តដឹកអ្នកដំណើរ ២០,៧៦ លានដុល្លារ កើនឡើង ១៥,៧ ភាគរយ, និងរថយន្តផ្សេងទៀត ៧,២៤ លានដុល្លារ ធ្លាក់ចុះ ២៥,៨១ ភាគរយ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៧ ខែកក្កដាថា ការធ្លាក់ចុះចំនួនទឹកប្រាក់នាំចូលរថយន្តគ្រប់ប្រភេទពីទីផ្សារអន្តរជាតិក្នុងឆមាសទី១ គឺអាចបណ្តាលមកពីកត្តាចម្បង ២ គឺកំណើនសេដ្ឋកិច្ចជាតិ និងអន្តរជាតិមិនសូវរឹងមាំដែលធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយការចំណាយមិនចាំបាច់ និងការកើនឡើងនៃសមត្ថភាពរោងចក្រដំឡើងរថយន្តក្នុងស្រុក។ លោកបន្តថា ការវិនិយោគលើរោងចក្រផលិត ឬដំឡើងរថយន្តក្នុងស្រុកកំពុងផ្តល់ផលវិជ្ជមានជាច្រើនដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
លោកអះអាងថា៖ «សម្រាប់ប្រទេសកម្ពុជាការធ្លាក់ចុះទឹកប្រាក់នាំចូលរថយន្តពីក្រៅប្រទេស គឺមិនមែនជាសញ្ញាថមថយនៃកំណើនសេដ្ឋកិច្ចឡើយ ប៉ុន្តែភាគច្រើនគឺដោយសារប្រជាជនងាកមកប្រើរថយន្តថ្មី ដែលដំឡើងដោយរោងចក្រនៅក្នុងស្រុក»។
លោកបន្ថែមថា ទន្ទឹមនឹងការធ្លាក់ចុះចំនួនទឹកប្រាក់នាំចូលរថយន្តនេះ ប្រទេសកម្ពុជា នាពេលនេះក៏បានវិវឌ្ឍខ្លួនបន្តិចម្តងៗទៅជាបណ្តុំនៃរោងចក្រផលិតគ្រឿងបង្គុំរថយន្ត ដែលមានដូចជា គ្រឿងបន្លាស់ ខ្សែភ្លើងរថយន្ត សម្បកកង់ កៅអី ប្រព័ន្ធអគ្គិសនី និងម៉ូទ័រនានា សម្រាប់នាំចេញទៅផ្គត់ផ្គង់ឱ្យរោងចក្រនៅក្រៅប្រទេស។
អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា កាលពីចុងខែមីនា ឆ្នាំ ២០២៣ បាននិយាយថា បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រដំឡើងរថយន្តដែលកំពុងសាងសង់ និងដំណើរការដូចជា ក្រុមហ៊ុន Hyundai, Kia, Ssangyong, Dongfeng, Soueast, Ford, និង Toyota និង ISUZU ជាដើម។
ក្នុងពិធីគម្រប់ខួប ១ ឆ្នាំ នៃក្រុមហ៊ុន RMA Automotive Cambodia (RMAC) Ford Assembly Plant កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ង៉ន សាំង អគ្គនាយកក្រុមហ៊ុន RMAC បានឱ្យដឹងថា បន្ទាប់ពីការដំឡើងបានរយៈពេល ១ ឆ្នាំ រោងចក្រនេះបានដំឡើងរថយន្តផ្ដាច់មុខប្រភេទ Ranger និង Everest ជំនាន់ក្រោយប្រមាណ ៣ ០០០ គ្រឿង សម្រាប់ទីផ្សារកម្ពុជាដែលជួយឱ្យរថយន្តយីហោ Ford រក្សាបានតួនាទីនាំមុខគេនៅក្នុងប្រទេសកម្ពុជា។
លោកនិយាយថា៖ «មកដល់ពេលនេះ យើងដំឡើងរថយន្ត Ford Ranger Wildtrak និងរថយន្ត Ford Everest បានចំនួន ៣ ០០០ គ្រឿង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ វត្តមានរបស់រោងចក្រដំឡើងរថយន្ត Ford គឺជាការចាប់ផ្តើមនៃវិស័យផលិតយានយន្តពីកម្រិតដំឡើងទៅកម្រិតផលិត ដើម្បីឱ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីពីប្រទេសដែលដំឡើងរថយន្តទៅជាប្រទេសផលិតរថយន្តនាពេលអនាគតដ៏ខ្លីខាងមុខ»។
បើតាមលោក ងន សាំង នៅពេលនេះក្រុមហ៊ុន RMAC ក៏បានដាក់ផែនការប្រែក្លាយរោងចក្រដំឡើងរថយន្តរបស់ខ្លួនឱ្យទៅជារោងចក្រផលិតរថយន្តនាពេលអនាគតផងដែរ។
ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចូលរថយន្តពីក្រៅប្រទេសក្នុងទឹកប្រាក់សរុប ១ ៤៩២ លានដុល្លារកើនឡើង ២៣,៦ ភាគរយ ធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ១ ២០៧ លានដុល្លារ។ ទឹកប្រាក់កម្ពុជាបញ្ចេញលើការនាំចូលរថយន្តស្មើនឹង ៤,៩៨ ភាគរយនៃទឹកប្រាក់នាំចូលទំនិញពីទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២២ ដែលមានចំនួន ២៩ ៩៤២ លានដុល្លារ។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម៕