
លោករដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា ពិនិត្យការច្នៃគ្រាប់ស្វាយចន្ទីថ្មីៗនេះ។ រូប ក្រសួងកសិកម្ម
ភ្នំពេញៈ សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ នេះ កម្ពុជាផលិតស្វាយចន្ទីឆៅបាន ៦១ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមបានជាង ៥៧ ម៉ឺនតោន ស្មើនឹងទឹកប្រាក់ ៧៨៥ លានដុល្លារថយចុះ ១៣,៩៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ១៧ ខែកក្កដាថា មានកត្តាមួយចំនួន ដែលបានធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាមដែលជាទីផ្សារដ៏ធំមាន ការធ្លាក់ចុះបែបនេះ។
លោកបានបញ្ជាក់ថា៖ «ការធ្លាក់ចុះនេះដោយសារតែទី ១ កសិករកាប់ស្វាយចន្ទីចោលអស់ប្រមាណ ១០ ម៉ឺនហិកតា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ, កត្តាទី ២ មានការប្រជែងទិញវត្ថុធាតុដើមពីសហគ្រាសក្នុងស្រុក រីឯទី ៣ កសិករមានធនធានហាលគ្រាប់ទុកលក់នៅពេលគ្រាប់ឆៅឡើងថ្លៃនៅចន្លោះខែសីហា ដល់ខែតុលា និងកត្តាចម្បងចុងក្រោយគឺការប្រែប្រួលអាកាសធាតុ»។
លោក អួន ស៊ីឡុត បានបន្តថា៖ «វៀតណាមបញ្ជាទិញគ្រាប់ឆៅពីកម្ពុជាច្រើន ប៉ុន្តែយើងមិនអាចបំពេញតម្រូវការ អ៊ីចឹងហើយវៀតណាមបានបញ្ជាទិញពីអ្រាហ្វិកខាងលិចបន្ថែមដែលមានប្រទេសកូតឌីវ័រជាដើម ប៉ុន្តែប្រទេសកូតឌីវ័រក៏មានការវិនិយោគកែច្នៃក្នុងស្រុកផងដែរ»។
លោកបានបន្ថែមថា បញ្ហាធ្លាក់ចុះនៃការនាំចេញគ្រាប់ស្វាយចន្ទីនេះមិនមានអ្វីចម្លែក ទេ ដោយសារតែខាងសមាគមបានវាយតម្លៃថា មានការថយចុះបែបនេះតាំងពីដើមឆ្នាំ ២០២៣ មកម្ល៉េះ តែលោកបញ្ជាក់ថា មានភាពវិជ្ជមានច្រើនចំពោះការកែច្នៃគ្រាប់ស្វាយចន្ទីវិញ ដោយបានចាប់ផ្តើមមានកំណើនជាបន្តបន្ទាប់ ជាពិសេសក្រោយពីសមាគមស្វាយចន្ទីកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដែលបានផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់សមាជិកសមាគម ដើម្បីលើកកម្ពស់ការកែច្នៃក្នុងស្រុក សម្រាប់នាំចេញ។
លោក អួន ស៊ីឡុត បានបញ្ជាក់ទៀតថា៖ «យើងមើលឃើញថា ការប្រជែងទិញវត្ថុធាតុដើមពីសហគ្រាសក្នុងស្រុកដើម្បីបង្កើនការកែច្នៃគ្រាប់ស្វាយ ចន្ទីឆៅដើម្បីនាំចេញ ដោយសារការនាំចេញផលិតផលកែច្នៃរួច យើងទទួលបានតម្លៃបន្ថែមច្រើន ជាងនាំគ្រាប់ឆៅចេញ។ ការកែច្នៃក្នុងស្រុកបានចាប់ផ្តើមកើនបន្តិចម្តងៗនាពេលនេះ»។
យោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដែរថា ចាប់ពីខែមករា ដល់មិថុនា ឆ្នាំ ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសសម្រេចបានក្នុងបរិមាណជាង ៣៦៣ ១៧៣ តោន ដែលអត្រានេះ មានការថយចុះ ១២,៦៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២។
ចំពោះតួលេខខុសគ្នារវាងសមាគម និងក្រសួងកសិកម្មនេះ ក្រសួងបានលើកឡើងដែរថា មានការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រករបៀងទៅ កាន់ប្រទេសវៀតណាម និងប្រទេសថៃមួយចំនួនមិនមានការកត់ត្រា ខណៈលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ថា ខាងសមាគមបានប្រមូលទិន្នន័យពីដេប៉ូនាំចេញគ្រាប់ស្វាយចន្ទី ៦ ខេត្ត ដោយមានការផ្ទៀងផ្ទាត់ទិន្នន័យជាមួយគយវៀតណាម និងសមាគមស្វាយចន្ទីវៀតណាម។
អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ខេត្តកំពង់ធំបានឱ្យដឹងនៅថ្ងៃទី ១៧ ខែកក្កដាថា ដោយមានការគាំទ្របន្ថែមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម និងការអនុវត្តគោលនយោបាយស្វាយចន្ទីផងនោះ សហគ្រាសរបស់អ្នកស្រី បាននិងកំពុងរៀបចំខ្សែចង្វាក់ផលិតថ្មីមួយទៀត ដោយបានផ្លាស់ប្តូរពីឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិខ្នាតតូចទៅជាម៉ាស៊ីនស្វ័យប្រវត្តិខ្នាតធំ ដែលមានសមត្ថភាពកែច្នៃកាន់តែធំ និងឆាប់រហ័ស។
អ្នកស្រីបានបញ្ជាក់ថា៖ «យើងបានដាក់ចេញផែនការបង្កើនការប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ពីប្រជាសហគមន៍ឱ្យបានដល់ ៥ ០០០ តោន នៅឆ្នាំ ២០២៤ ដើម្បីកែច្នៃ និងចែកចាយលក់លើទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដែលសិប្បកម្មយើងកំពុងត្រៀមរៀបចំពង្រីករោងសិប្បកម្មដែលមានសមត្ថភាពកែច្នៃកាន់តែខ្ពស់បន្ថែមទៀត នៅឆ្នាំ ២០២៣ នេះ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនដៃគូ»។
អ្នកស្រី ឡៃហួត បានឱ្យដឹងដែរថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ឆ្នាំនេះ នឹងត្រូវនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចឱ្យបាន ២០០ តោនទៅកាន់ប្រទេសជប៉ុន ខណៈគិតត្រឹមខែមិថុនា សិប្បកម្មទើបតែចេញទៅជប៉ុនបាន ៧០ តោនប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា៖ «យើងចង់ឱ្យគ្រាប់ស្វាយចន្ទីរបស់យើងចេញទៅក្រៅជាគ្រាប់ដែលកែច្នៃរួច ច្រើនជាងគ្រាប់ឆៅ ព្រោះថា បើយើងនាំចេញគ្រាប់ឆៅលក់បានតម្លៃធូរថ្លៃជាងគ្រាប់ស្វាយចន្ទីដែលយើងកែច្នៃរួច»។
បើតាមអ្នកស្រី ឡៃហួត កន្លងទៅសិប្បកម្មរបស់អ្នកស្រី ទិញគ្រាប់ស្វាយចន្ទីពីសហគមន៍កសិកម្មចំនួន ៤ ក្នុងខេត្តកំពង់ធំ, សហគមន៍ ៤ ទៀតនៅខេត្តព្រះវិហារ និងគ្រាប់ស្វាយចន្ទីស្តង់ដា គឺសិប្បកម្មទិញពីបណ្តុំកសិករ ដែលបានបង្កើតដោយសិប្បកម្មផ្ទាល់ នៅខេត្តកំពង់ធំនេះ។
បើតាមសមាគមស្វាយចន្ទីកម្ពុជា ការថយចុះនៃការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាម អាចនឹងបន្តថយចុះប្រមាណ ១០ ភាគរយបន្ថែមទៀតនៅឆមាសទី២ ឆ្នាំនេះ ដោយសារតែកត្តាមួយចំនួន ដូចដែលបានបញ្ជាក់នៅខាងដើម៕