ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានលើកឡើងថា កម្ពុជាដាក់ផែនការក្នុងការសិក្សាបង្កើតផ្លូវរថភ្លើងថ្មី ១ ខ្សែ បន្ថែមពីលើផ្លូវ ២ ខ្សែ ដែលមានស្រាប់ដោយឆ្លងកាត់ខេត្ត ៦ ដើម្បីតភ្ជាប់ឱ្យកាន់តែប្រទាក់ក្រឡាជាមួយប្រទេសថៃ និងវៀតណាម សំដៅជំរុញប្រព័ន្ធដឹកជញ្ជូនដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែប្រសើរ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រាប់សារព័ត៌មានក្នុងស្រុកនាពេលថ្មីៗនេះថា ក្រៅពីផែនការធ្វើទំនើបកម្មផ្លូវរថភ្លើង ២ ខ្សែដែលមានស្រាប់ គឺពីភ្នំពេញទៅខេត្តព្រះសីហនុ និងភ្នំពេញទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យពីល្បឿនយឺតទៅល្បឿនលឿន រដ្ឋាភិបាលកំពុងធ្វើការពិចារណាក្នុងការកសាងផ្លូវរថភ្លើងថ្មី ១ ខ្សែទៀតដែលនឹងភ្ជាប់ខេត្តចំនួន ៦ ដោយនឹងជួយឱ្យកាន់តែងាយស្រួលដល់ការដឹកជញ្ជូនជាមួយប្រទេសថៃ និងវៀតណាម។
លោកបន្តទៀតថា សម្រាប់គម្រោងសិក្សាផ្លូវរថភ្លើងនេះនឹងតភ្ជាប់ពីក្រុងប៉ោយប៉ែត ទៅដល់ក្រុងបាវិត ដោយតភ្ជាប់ជាមួយគម្រោងផ្លូវដែករបស់វៀតណាម ដែលផ្លូវនេះនឹងឆ្លងកាត់ខេត្ដក្រុងសំខាន់ៗចំនួន ៦ រួមមាន ក្រុងប៉ោយប៉ែត ខេត្ដសៀមរាប ខេត្ដកំពង់ធំ ខេត្ដកំពង់ឆ្នាំង រាជធានីភ្នំពេញ និងក្រុងបាវិត។
លោកនិយាយថា៖ «យើងមានគម្រោងសិក្សាផ្លូវដែកថ្មីមួយ គឺពីប៉ោយប៉ែត មកសៀមរាប សៀមរាបមកកំពង់ធំ កំពង់ធំមកកំពង់ឆ្នាំង កំពង់ឆ្នាំងមកភ្នំពេញ និងពីភ្នំពេញទៅបាវិត ដើម្បីតភ្ជាប់ជាមួយគម្រោងរបស់ប្រទេសវៀតណាម ដែលគេត្រៀមធ្វើពីទីក្រុងហូជីមិញមកបាវិតម៉ុកបាយ ដើម្បីតភ្ជាប់ជាមួយផ្លូវរថភ្លើងកម្ពុជាយើងសំដៅបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន»។
ទោះយ៉ាងណាលោកបានបញ្ជាក់ថា បច្ចុប្បន្នផែនការនេះគឺស្ថិតក្នុងការសិក្សា និងស្វែងរកថវិកានៅឡើយ។
ប្រធានសមាគមភ័ស្តុភារកម្ពុជា លោក ស៊ិន ចន្ធី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែកក្កដាថា ការតភ្ជាប់ផ្លូវដែកទាំង ២ ខ្សែមានសារៈសំខាន់ណាស់ក្នុងការផ្តល់ជម្រើសដឹកជញ្ជូនបន្ថែមទៀតសម្រាប់អ្នកជំនួញ ព្រោះវានឹងរួមចំណែកកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។
លោកថ្លែងថា៖ «ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងជាជម្រើសល្អមួយទៀតសម្រាប់យើង។ បើរដ្ឋាភិបាលអាចធ្វើឱ្យក្លាយទៅជារថភ្លើងល្បឿនលឿន វានឹងជួយយើងក្នុងការដឹកជញ្ជូនទំនិញកាន់តែលឿនដើម្បីទៅដល់គោលដៅទាំងក្នុង និងក្រៅ»។ លោកបន្តថា៖ «ការណ៍នេះនឹងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនការប្រកួតប្រជែងក្នុងវិស័យផលិតកម្មផងដែរ»។
យោងតាមក្រសួងសាធារណការ ការស្ថាបនាប្រព័ន្ធផ្លូវដែកកម្ពុជា បានចាប់ផ្តើមនាចុងទសវត្សរ៍ឆ្នាំ ១៩២០ ដោយមានខ្សែភាគខាងជើង និងភាគខាងត្បូង។ ខ្សែរថភ្លើងភាគខាងជើងមានប្រវែង ៣៨៦ គីឡូម៉ែត្រចេញពីភ្នំពេញទៅប៉ោយប៉ែត សាងសង់ចន្លោះឆ្នាំ ១៩២៩ ដល់ឆ្នាំ ១៩៤២ ក្នុងសម័យអាណានិគមបារាំង ចំណែកផ្លូវរថភ្លើងភាគខាងត្បូងសាងសង់ពីឆ្នាំ ១៩៦០-១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមជំនួយពីប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ហើយមានប្រវែង ២៦៤ គីឡូម៉ែត្រ។
ផ្លូវរថភ្លើងទាំង ២ ខ្សែរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយផ្នែកខ្លះត្រូវបានបំផ្លាញទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យបន្ទាប់មកវាត្រូវបានស្តារឡើងវិញ តាមរយៈកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Co Ltd៕