អង់គ្លេសដែលដកខ្លួនចេញពីសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២០ បានចុះហត្ថលេខាជាផ្លូវការនូវសន្ធិសញ្ញា ដើម្បីចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP) ដែលមានប្រទេស ១១ ជាស្ថាបនិក និងគ្មានប្រទេសមហាអំណាចណាមួយជាសមាជិកនៅឡើយ។
អង់គ្លេសក្លាយជាប្រទេសថ្មីដំបូងគេដែលចូលរួមចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយមានប្រទេសស្ថាបនិកចំនួន ១១ រួមមាន កាណាដា ម៉ិកស៊ិក ប៉េរូ ស៊ីលី នូវែលសេឡង់ អូស្ត្រាលី ប្រ៊ុយណេ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងជប៉ុន។
ការចុះហត្ថលេខានេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលកិច្ចប្រជុំគណៈកម្មការដែលត្រូវបានរៀបចំឡើងនៅប្រទេសនូវែលសេឡង់។
យោងតាមសារព័ត៌មានរ៉យទ័រ លោកស្រី Kemi Badenoch រដ្ឋមន្ត្រីធុរកិច្ច និងពាណិជ្ជកម្ម របស់ចក្រភពអង់គ្លេស បាននិយាយនៅឯការចុះហត្ថលេខានេះថា ប្រទេសរបស់លោកស្រីមានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាសមាជិកថ្មីដំបូងគេនៃ CPTPP។
លោកស្រីថា៖ «នេះ គឺជាកិច្ចព្រមព្រៀងទំនើប និងមានមហិច្ឆតា ហើយសមាជិកភាពរបស់យើងនៅក្នុងប្លុកដ៏គួរឱ្យរំភើប អស្ចារ្យ និងសម្លឹងទៅមុខ។ នេះគឺជាភ័ស្តុតាងដែលថាអង់គ្លេសបើកចំហទ្វារសម្រាប់អាជីវកម្ម»។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Gan Kim Yong ដែលតំណាងឱ្យសិង្ហបុរីក្នុងកិច្ចប្រជុំនោះ បានស្វាគមន៍ការចូលរបស់ចក្រភពអង់គ្លេស។
លោកបាននិយាយថា៖ «ការចូលរបស់ចក្រភពអង់គ្លេសទៅក្នុង CPTPP គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ CPTPP របស់យើងដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សមាជិកទាំងអស់តាមរយៈការចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេសដ៏ធំ»៕