ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីឆមាសទី១ ឆ្នាំ ២០២៣ មានតម្លៃជិត ៤,១ ពាន់លានដុល្លារ កើនជាង ២៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មកម្ពុជាក្រោមកិច្ចព្រមព្រៀងនេះមានតម្លៃសរុបជិត ១៥ ពាន់លានដុល្លារ។
RCEP គឺជាគំនិតផ្តួចផ្តើមរបស់អាស៊ាន និងត្រូវបានប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស ដោយចំនួន ១០ ប្រទេសជាសមាជិកអាស៊ាន (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ សិង្ហបុរី និងវៀតណាម) រួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ បន្ទាប់ពីការចរចា និងចុះហត្ថលេខា RCEP បានចូលជាធរមាននៅកម្ពុជា ចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ មក។
តារាងស្ថិតិពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសសមាជិក RECP របស់ក្រសួងពាណិជ្ជកម្ម ដែល ភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបាននៅថ្ងៃទី ១៨ ខែកក្កដា បង្ហាញថា ចាប់ពីខែមករា-មិថុនា ឆ្នាំ ២០២៣ ទំនិញដែលកម្ពុជានាំចេញទៅប្រទេសជាសមាជិកទាំង ១៤ (ដកកម្ពុជា) របស់ RCEP មានតម្លៃសរុប ៤ ០៧១ លានដុល្លារ កើន ២៤,០៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមានចំនួន ៣ ២៨១ លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញនាំទៅប្រទេសក្នុងតំបន់អាស៊ាន (៩ ប្រទេស) មានចំនួន ២ ៤៨១ លានដុល្លារ កើន ៣៦ ភាគរយ, ប្រទេសចិន ៧១៣ លានដុល្លារ កើន ១៧ ភាគរយ, ជប៉ុន ៥៤៥ លានដុល្លារ កើន ១ ភាគរយ, អូស្ត្រាលី ១៨០ លានដុល្លារ ធ្លាក់ ០,៣៨ ភាគរយ, កូរ៉េខាងត្បូង ១៤៣ កើន ២៨ ភាគរយ និងនូវែលសេឡង់ ៩ លានដុល្លារ កើន ១ ភាគរយ។
ទន្ទឹមនឹងការនាំទំនិញចេញ កម្ពុជាក៏នាំចូលទំនិញពីប្រទេសសមាជិក RCEP ក្នុងទឹកប្រាក់ ១០ ៧៤០ លានដុល្លារផងដែរ ធ្លាក់ចុះ ១៧ ភាគរយ ក្នុងនោះតំបន់អាស៊ានមានចំនួន ៤ ៦៥៩ លានដុល្លារ ធ្លាក់ចុះ ៣១ ភាគរយ, ប្រទេសចិន ៥ ៤៤០ លានដុល្លារ កើន ១ ភាគរយ, ជប៉ុន ៣១៥ លានដុល្លារ ធ្លាក់ចុះ ២០ ភាគរយ, អូស្ត្រាលី ៧៨ លានដុល្លារ កើន ១ ភាគរយ, កូរ៉េខាងត្បូង ២៣៤ លានដុល្លារ ធ្លាក់ចុះ ២៥ ភាគរយ, និងនូវែលសេឡង់ ១៤ លានដុល្លារ កើន ៤៩ ភាគរយ។
ចំណែកទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និង RCEP គឺមាន ១៤ ៨១១ លានដុល្លារ ធ្លាក់ចុះ ៩ ភាគរយ ធៀបនឹងឆមាសទី ១ ឆ្នាំ ២០២២។ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយសមាជិករបស់ RCEP ស្មើនឹង ៦២,៥ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ដែលមានចំនួន ២៣ ៦៩៣ លានដុល្លារ។ នេះបើតាមតារាងទិន្នន័យខាងលើ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ ខែកក្កដាថា ទោះបីពេលនេះការគំរាមកំហែងពីវិបត្តិកូវីដ ១៩ លើពិភពលោកបានភាពធូរស្រាល ប៉ុន្តែវិបត្តិសេដ្ឋកិច្ចសកលដែលទើបកើតមានថ្មីៗបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ...និងបញ្ហាអតិផរណា គឺបានធ្វើឱ្យកម្លាំងទិញនៅលើទីផ្សារធំៗធ្លាក់ចុះគួរឱ្យកត់សម្គាល់។ លោកបន្តថា ទោះបីយ៉ាងណា ដោយសារកម្ពុជាជាសមាជិករបស់ RCEP ដូច្នេះកំណើននៃការនាំចេញគឺនឹងបន្តសញ្ញាវិជ្ជមានបន្ថែមទៀត។
លោកថ្លែងថា៖ «RCEP បានចូលរួមចំណែកយ៉ាងច្រើនក្នុងការបើកទីផ្សារនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ»។
លោក សុវិជាតិ បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកំពុងមានទាំងលក្ខណៈទ្វេភាគី និងពហុភាគី គឺកម្ពុជានៅតែបន្តខិតខំពង្រឹកកិច្ចសហប្រតិបត្តិការការទូត និងពាណិជ្ជកម្មជាមួយប្រទេសជាច្រើនទៀតផងដែរ ពិសេសប្រទេសឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក និងមានកំណើនសេដ្ឋកិច្ចរីកចម្រើនដ៏លឿន។
លោកអះអាងថា៖ «បើនិយាយពីសេដ្ឋកិច្ចពិភពលោក គឺប្រទេសអាមេរិក និងចិនត្រូវបានចាត់ទុកថាមានកម្លាំងសេដ្ឋកិច្ចនាំមុខគេ ប៉ុន្តែប្រសិនបើនៅក្នុងតំបន់អាស៊ី គឺក្រៅពីប្រទេសចិន ជប៉ុន និងកូរ៉េ គឺគេអាចនិយាយថា ប្រទេសឥណ្ឌាដែលកំពុងមានកំណើនសេដ្ឋកិច្ចកាន់តែខ្លាំង និងរីកមាឌកាន់តែលឿននៅពេលខាងមុខ»។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២២ ខែធ្នូ ២០២២ ឱ្យដឹងថា ក្រៅពីទទួលបានភាពអនុគ្រោះពន្ធ កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះ មានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗ។ កិច្ចព្រមព្រៀងនេះក៏នឹងជួយជំរុញកំណើនការនាំចេញ និងកំណើនផលទុនសរុបក្នុងស្រុក ព្រមទាំងជួយស្ដារ ឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសបានឆាប់រហ័ស ក្រោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង និយាយថា RCEP ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀតដែលកម្ពុជាមានជាមួយប្រទេសផ្សេងៗ គឺជាឈ្នាន់ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ហើយកម្ពុជាត្រូវធ្វើយ៉ាងណាទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងទាំងនេះឱ្យបានជាអតិបរមា។ លោកបន្តថា ទោះបីយ៉ាងណាដោយសារតែ RCEP ជាកិច្ចព្រមព្រៀងតំបន់ ដូច្នេះកម្ពុជាក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ជាពិសេសត្រូវប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងដែលនាំចេញផលិតផលកសិកម្មដូចជាវៀតណាម និងថៃ។
លោកនិយាយថា៖ «កសិកម្ម គឺជាទំនិញសំខាន់ និងចាំបាច់ ដែលយើងទទួលបានភាពអនុគ្រោះក្នុងកិច្ចព្រមព្រៀង RCEP ដូចនេះក្រៅពីការនាំចេញវត្ថុធាតុដើមកសិកម្មហើយ យើងក៏ត្រូវចេះកែច្នៃវត្ថុធាតុដើម ដែលយើងមានផងដែរ»។
កិច្ចព្រមព្រៀង RCEP គ្របដណ្តប់ប្រជាជនប្រមាណ ២,២ ពាន់លាននាក់ ឬ ៣០ ភាគរយនៃប្រជាជនពិភពលោក និងមានទំហំផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ ទ្រីលានដុល្លារ ឬ ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕